វេជ្ជបណ្ឌិត​ជប៉ុន ដែល​ធ្វើ​ការងារ​រហូតដល់​ប៉ុន្មាន​ចុងក្រោយ​នេះ បានទទួល​មរណភាព​នៅ​អាយុ ១០៥ ឆ្នាំ​

482

​វេជ្ជបណ្ឌិត​អាយុ​ខ្ទង់​១០០ ជនជាតិ​ជប៉ុន ដែល​ពិនិត្យ​អ្នកជំងឺ​រហូតដល់​ប៉ុន្មាន​ខែ​ចុងក្រោយ មុនពេល​គាត់​ស្លាប់ និង​ជួយ​បង្កើត​ប្រព័ន្ធ​វេជ្ជសាស្ត្រ​ដែល​ធ្វើឱ្យ​ជប៉ុន​ក្លាយជា​ប្រទេស​ដែលមាន​មនុស្ស​អាយុ​វែង​បំផុត​លើ​ពិភពលោក បានទទួល​មរណភាព​នៅ​ថ្ងៃ​អង្គារ ទី​១៨ កក្កដា​នេះ នៅ​អាយុ ១០៥ ឆ្នាំ​។​

​កើត​ក្នុង​ឆ្នាំ ១៩១១ ពោលគឺ​មួយឆ្នាំ​មុនពេល​នាវា​ថា​យ​ថា​និក​លិច លោក ស៊ី​ហ្គី​អាគី ហ៊ី​ណូ​ហា​រ៉ា គឺជា​នាយក​រាប់​ទសវត្ស​រ៍ និង អ្នកតំណាង​មុខមាត់​ជា​សាធារណៈ​នៃ​មន្ទីរពេទ្យ​អន្តរជាតិ​សេន​លូ​កេ​ក្នុង​ក្រុង​តូ​ក្យូ រហូត​ល្បី​ក្លាយជា​មន្ទីរពេទ្យ “​លំដាប់​អន្តរជាតិ​” ដែល​បាន​ព្យាបាល​ជំងឺ​ឱ្យ​ជន​ល្បី​ជាច្រើនរូប ដូចជា លោក ផូ​ល ម៉ាក កាត​នី ជាដើម នៅពេល​គាត់​ធ្លាក់ខ្លួន​ឈឺ​នៅ​អំឡុង​ទស្សនកិច្ច​នៅ​ជប៉ុន​ក្នុង​ឆ្នាំ ២០១៤​។

​គាត់​បានធ្វើការ​នៅ​មន្ទីរពេទ្យ​សេន​លូ​កេ​តាំងពី​ដើមឆ្នាំ ១៩៤៥ នៅពេល​គាត់​ព្យាបាល​ជំងឺ​ឱ្យ​ជនរងគ្រោះ​នៃ​ការទម្លាក់​គ្រាប់បែក​លើ​ក្រុង​តូ​ក្យូ​អំឡុង​សង្គ្រាមលោក ដែល​បណ្តាលឱ្យ​ផ្នែក​ជាច្រើន​នៃ​ទីក្រុង​រង​ការបំផ្លាញ​។​

​អ្នកនាំពាក្យ​មន្ទីរពេទ្យ​និយាយថា “​តាំងពីដើម​ឆ្នាំនេះ​មក សុខភាព​គាត់​មិនល្អ​ទេ ប៉ុន្តែ​រហូតដល់​ពេលនោះ​ហើយ គាត់​នៅតែ​ឆ្លៀត​មក​មន្ទីរពេទ្យ​ញឹកញាប់​ដើម្បី​ពិនិត្យ និង​ពិភាក្សា​ជាមួយ​អ្នកជំងឺ​”​។

​ជា​អ្នកគាំទ្រ​ការរស់នៅ​មាន​សុខ​ភាពល្អ​ប្រាស់ចាក​ពី​ជំងឺ​ពេល​ចាស់​ទៅ លោក​ហ៊ី​ណូ​ហា​រ៉ា​បាន​ណែ​នាំនូវ​ប្រព័ន្ធ​មួយ​ហៅថា ប្រព័ន្ធ “​ផែស្ងួត​របស់​មនុស្ស​” ដែល​ពាក់ព័ន្ធ​នឹង​ការពិនិត្យ​សារពាង្គកាយ​គ្រប់​ជ្រុងជ្រោយ​ជាប្រចាំ​ឆ្នាំ សម្រាប់​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​វេជ្ជសាស្ត្រ​ទប់ស្កាត់​ជំងឺ ដែល​គេ​និយាយថា រួមចំណែក​ដល់​ការ​មាន​អាយុ​វែង​ក្នុងចំណោម​ប្រជាជន​ជប៉ុន​៕ ដោយ៖ កញ្ញាដាលីស

លោក ស៊ី​ហ្គី​អាគី ហ៊ី​ណូ​ហា​រ៉ា