វេជ្ជបណ្ឌិត​បង់​ក្លា​ដែ​ស​វះកាត់​បំបែក​កូនភ្លោះ​ខ្លួន​ជាប់​គ្នា បាន​ជោគជ័យ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​

1118
ចែករម្លែក

​ក្រុមគ្រូពេទ្យ​វះកាត់​នៅ​ប្រទេស​បង់​ក្លា​ដេ​ស​បានធ្វើ​ការវះកាត់​បំបែក​កូនភ្លោះ​ជាប់​គ្នា​ជា​លើកដំបូង​របស់​ប្រទេស​នេះ​នៅក្នុង​ការវះកាត់ “​ជា​ប្រវត្តិសាស្ត្រ​” និង​ស្មុគស្មាញ​បំផុត​។​

​បងប្អូន​ស្រី​អាយុ ១០ ខែ ឈ្មោះ តូ​ហ្វា និង ថា​ហ៊ូ​រ៉ា ដែល​កើតមក​ជាប់​ឆ្អឹងខ្នង​និង​ចុង​ពោះវៀន ត្រូវបាន​បំបែក​ដោយ​ក្រុម​វេជ្ជបណ្ឌិត​ចំនួន ២០ នាក់​កាលពី​ថ្ងៃ​អង្គារ​ទី​៨​សីហា នៅ​មន្ទីរពេទ្យ​ធំ​បំផុត​នៅ​បង់​ក្លា​ដែ​ស​នៅ​រដ្ឋធានី​ដា​ក្កា​។​

​គ្រូពេទ្យ​វះកាត់​កុមា​រលោក អាប់​ឌុល ហា​នី​ហ្វ (Abdul Hanif) បាន​និយាយថា កូនភ្លោះ​ទាំងពីរ​នេះ​ស្ថិតនៅក្នុង​ស្ថានភាព​នឹងន​រ បន្ទាប់ពី​ការវះកាត់​រយៈពេល ៩ ម៉ោង​។​

​លោក​ហា​នី​ហ្វ មកពី​មន្ទីរពេទ្យ​វេជ្ជសាស្ត្រ​ដា​ក្កា​បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង (AFP) ថា “​នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​យើង​បាន​បំបែក​កូនភ្លោះ​ខ្លួន​ជាប់​គ្នា​នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស ។ វា​គឺជា​ការវះកាត់​ជា​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​វេជ្ជសាស្ត្រ​របស់​យើង​។ វា​គឺជា​ការវះកាត់​ដ៏​ស្មុគស្មាញ​បំផុត​”​។

​លោក ហា​នី​ហ្វ បន្ថែមថា កូនភ្លោះ​នេះ​នឹង​ទទួលបាន​ការវះកាត់​យ៉ាងហោចណាស់​ពីរ​បន្ថែមទៀត​ដើម្បី​រៀបចំ​សរីរាង្គ​ខាងក្នុង​របស់​ពួកគេ​ឡើងវិញ​។​

​វេជ្ជបណ្ឌិត​មួយរូប​ទៀត​ឈ្មោះ សា​នួ​រ អ៊ីស្លាម បាន​និយាយថា ការវះកាត់​បានទទួល​ជោគជ័យ “១០០ ភាគរយ​” ប៉ុន្តែ​កូនភ្លោះ​ត្រូវតែ​ស្ថិតក្នុង​ការថែទាំ​យ៉ាង​យកចិត្តទុកដាក់​ពិសេស​បន្តទៀត​សិន​ដើម្បី​ធានាថា​គ្មាន​ការឆ្លង​មេរោគ​ណាមួយ​ឡើយ​៕ ដោយ៖ កញ្ញាដាលីស

ក្មេង​ភ្លោះ​ជាប់​គ្នា​ត្រូវបាន​វះកាត់​បំបែក​ពីគ្នា​ជោគជ័យ​លើកទីមួយ​នៅ​បង់​ក្លា​ដែ​ស

#