វេជ្ជបណ្ឌិត​ប៉ា​គី​ស្ថាន វះកាត់​យក​ដុំ​សាច់​ដ៏​ធំ​មិន​ធ្លាប់មាន​ពីមុនមក ចេញពី​ត្រគាក​យុវជន​ម្នាក់​

1206
ចែករម្លែក

​វេជ្ជបណ្ឌិត​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​បាន​វះកាត់​យក​ដុំ​សាច់​ចេញពី​ត្រគាក​របស់​ក្មេង​ជំទង់​ម្នាក់ បន្ទាប់ពី​វា​បាន​លូតលាស់​ដល់​ទៅ​ទម្ងន់​ជិត ៣៥ គីឡូក្រាម​។​

​ដុំ​សាច់ ដែល​បណ្តាលឱ្យ ក្មេង​ជំទង់ ឈ្មោះ មូ​ហា​ម៉ាត់ អេស​សា ផាល់​ឡា​រី (Muhammad Essa Pallari) អាយុ ១៨ ឆ្នាំ​មកពី​សង្កាត់​នួ​រី​អាបាដ ទីក្រុង​កា​រ៉ា​ជី ប្រទេស​ប៉ា​គី​ស្ថាន​ដេក​លើ​គ្រែ​ទាំងស្រុង​នោះ ត្រូវបាន​វះកាត់​យកចេញ​ដោយ​ក្រុមគ្រូពេទ្យ​វះកាត់​៤​នាក់ ក្នុងការ​វះកាត់​រយៈពេល ៤ ម៉ោង​នៅ​មន្ទីរពេទ្យ Dr Ruth Pfau នៅ​ក្រុង​កា​រ៉ា​ជី កាលពី​ថ្ងៃ​ពុធ ទី​២៨ មីនា​។​

​ក្រុមគ្រូពេទ្យ​វះកាត់ ដែល​បានធ្វើ​ការវះកាត់ “​ដ៏​ស្មុគស្មាញ​” នេះ មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ដុំ​សាច់​ដ៏​ធំ​សម្បើម​នេះ ដោយ​វេជ្ជបណ្ឌិត​ម្នាក់​បញ្ជាក់ថា វា​ជា​ដុំ​សាច់​ធំ​បំផុត​ដែល​គាត់​ធ្លាប់​វះ​ចេញពី​អ្នកជំងឺ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន អំឡុង​អាជីព​របស់គាត់​។​

​លោក​វេជ្ជបណ្ឌិត នូ​សាដ សេក និយាយថា “​ក្នុង​មួយ​អាជីព​របស់ខ្ញុំ ខ្ញុំ​មិនដែល​ឃើញ​ដុំ​សាច់​ធំ​បែបនេះ​ត្រូវបាន​វះកាត់​យកចេញ​ពី​អ្នកជំងឺ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​នោះទេ​។ វា​ជាការ​វះកាត់​ដ៏​ស្មុគស្មាញ ហើយ​យើង​បាន​ចំណាយពេល​៤​ម៉ោង​ដើម្បី​យក​ដុំ​សាច់​ទម្ងន់​ជិត ៣៥ គីឡូក្រាម​ចេញពី​ត្រគាក​អ្នកជំងឺ​”​។​

​យោងតាម​វេជ្ជបណ្ឌិត​សេក​ឱ្យដឹងថា អ្នកជំងឺ​នេះ​គឺ​កើត​ជំងឺ​ហ្សែ​ន​ម្យ៉ាង​ហៅថា Plexiform Neurofibromatosis ដែល​បណ្តាលឱ្យ​ដុំ​សាច់​លើ​ត្រគាក​ខាងស្តាំ​របស់គាត់​លូតលាស់​ដល់​ទៅ​ទម្ងន់​ជិត ៣៥ គីឡូក្រាម​បែបនេះ​។

​ក្រុមមន្ត្រី​ក្នុងស្រុក​បាន​ជួយ​ចេញថ្លៃ​វះកាត់​ដល់​ផាល់​ឡា​រី ពេល​ពួកគាត់​បានឃើញ​រឿងរ៉ាវ​របស់​ក្មេង​នេះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​៕ ដោយ៖ កញ្ញាដាលីស

ផាល់​ឡា​រី ទទួល​ការវះកាត់​យក​ដុំ​សាច់​ត្រគាក​ជិត ៣៥ គីឡូក្រាម​បានសម្រេច​កាលពី​ថ្ងៃ​ពុធ