វេជ្ជបណ្ឌិត​ព្រមាន​ថា អង្គុយ​ចុច​ទូរស័ព្ទ​ក្នុង​បង្គន់​អាច​បណ្តាលឱ្យ​កើត​ជំងឺ​ឫសដូងបាត​

367
ចែករម្លែក

​វេជ្ជបណ្ឌិត​ម្នាក់​បាន​ព្រមាន​ថា ការ​ចុច​ទូរស័ព្ទ​មិនចេះ​គិត អាច​មិនល្អ​ទេ​សម្រាប់​ទាំង​គូថ​និង​ភ្នែក​របស់​អ្នក​។​

​វេជ្ជបណ្ឌិត​ឈ្មោះ សា​រ៉ា ចាវីស បាន​និយាយថា ការយក​ទូរស័ព្ទដៃ​ទៅ​ចុច​ក្នុង​បង្គន់​អាច​នាំឱ្យ​អ្នក​កើត​ជំងឺ​ឫសដូងបាត​។ ដុំ​ពក​តូចៗ​នៅ​ខាងក្នុង​ឬ​ជុំវិញ​រន្ធ​គូថ​គឺ​ផ្ទុក​នូវ​សរសៃឈាម ដែល​ងាយ​នឹង​ប៉ោង​ហើម​ដោយសារ​សម្ពាធ​។​

​មិនមែន​ប្រើ​ទូរស័ព្ទ​ច្រើន​បង្ក​ឱ្យ​កើត​ឫសដូងបាត​ទេ តែ​ការចំណាយ​ពេលវេលា​ច្រើនពេក អង្គុយ​លើ​ចាន​បង្គន់​ខណៈ​ឆែក​មើល​អ៊ីមែល​ឬ​បណ្តាញ​សង្គម ទើប​បង្ក​ឱ្យ​កើត​ឫសដូងបាត​។​

​នេះ​គឺ​ព្រោះតែ​សម្ពាធ​ដែល​ប្រឹង​ចេញពី​ពោះវៀន​បាន​សង្កត់​លើ​សរសៃឈាម​ធំ​នៅ​រន្ធ​គូថ ដោយ​បណ្តាលឱ្យ​វា​ហើម​។​

​វេជ្ជបណ្ឌិត​សា​រ៉ា នាយក​គ្លីនិក​មួយ​នៅ​ទីក្រុង​ឡុង​ដ៍ បាន​ប្រាប់​កាសែត The Sun ថា “​ការ​ទល់លាមក​និង​ការ​ប្រឹង​បត់ជើងធំ​គឺជា​ហានិភ័យ​ធំ​បង្ក​ឱ្យ​កើត​ជំងឺ​ឫសដូងបាត​។ ការ​មានគភ៌ ការ​ក្អក​រ៉ាំរ៉ៃ និង​ការ​ចាស់ជរា​ក៏​ជា​កត្តា​មួយ​ដែរ​។ ហើយ​ការ​អង្គុយ​យូរ​ប្រឹង​លើ​ចាន​បង្គន់​គឺ​រឹតតែ​ឆាប់​នាំឱ្យ​កើត​ឫសដូងបាត​”៕ ដោយ៖ កញ្ញាដាលីស