វេជ្ជបណ្ឌិត​ឥណ្ឌា​កាត់​ក្រលៀន​ទម្ងន់​៧,៤​គីឡូក្រាម​ចេញពី​បុរស​ម្នាក់​

447
ចែករម្លែក

​គ្រូពេទ្យ​វះកាត់​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី ២៥ ខែវិច្ឆិកា​នេះ​ថា​គ្រូ​ពេទ្យវះកាត់​ឥណ្ឌា​បាន​កាត់​ក្រលៀន​ប៉ុន​បាល់​ប៊ូ​លីង​ចេញពី​បុរស​ម្នាក់​ដែល​កើត​ជំងឺ​ដំណពូជ​អាចមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

​ក្រលៀន​ទម្ងន់ ៧,៤ គីឡូក្រាម​គឺជា​ក្រលៀន​ដ៏​ធំ​បំផុត មិន​ធ្លាប់​ជួប​ក្នុង​ការវះកាត់​។​

​លោក សា​ជីន ខាត់​ធូ​រៀ សមាជិក​ក្រុម​វះកាត់​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​វា​ជា​ដុំ​ពក​ធំ​មួយ​ដែល​គ្របដណ្តប់​ពាក់កណ្តាល​ពោះ​របស់គាត់​។ យើង​ដឹងថា​វា​ជា​ក្រលៀន​ធំ​ប៉ុន្តែ​មិនដែល​គិតថា​វា​ធ្ងន់​បែបនេះ​ទេ​”​។​

​អ្នកជំងឺ​អាយុ ៥៦ ឆ្នាំ​ដែលមាន​ជំងឺ​គីស​ក្រលៀន​ពក​ច្រើន​ដុំ​បានទទួល​ការវះកាត់​រយៈពេល ២ ម៉ោង​នៅ​មន្ទីរពេទ្យ Sir Ganga Ram ក្នុង​ទីក្រុង​ដេលី​កាលពី​ខែ​មុន​។​

​ក្រលៀន​ធម្មតា​មាន​ទម្ងន់​ប្រហែល ១២០ ក្រាម​ទៅ ១៥០ ក្រាម​និង​មាន​ប្រវែង ១២ សង់ទីម៉ែត្រ​។ លោក​ខា​ធូ​រៀ​និយាយថា​ក្រលៀន​ដែល​កាត់​ចេញពី​បុរស​នោះ​មាន​ប្រវែង​ជិត ៤៥ សង់ទីម៉ែត្រ​។​

​សៀវភៅ​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស​និយាយថា ក្រលៀន​ធំ​បំផុត​ដែល​កាត់​ចេញពី​មនុ​ស្សគឺ ៤,២៥ គីឡូក្រាម​ក្នុងការ​វះកាត់​មួយ​ក្នុង​ទីក្រុង​ឌូ​បៃ​ក្នុង​ឆ្នាំ ២០១៧ ។​

​ទោះយ៉ាងណា​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​ញូ​វ​ដេលី​បាន​និយាយថា​ពួកគេ​បាន​ធ្លាប់​ឃើញ​កំណត់ហេតុ​វេជ្ជសាស្ត្រ​នៃ​ក្រលៀន​ទម្ងន់ ៩ គីឡូក្រាម​ត្រូវបាន​កាត់​ចេញពី​អ្នកជំងឺ​៕ ដោយ៖ កញ្ញាដាលីស