វេទិកាសាធារណៈ​នៅ​ស្រុក​ស្វាយចេក​មាន​៨៣​សំណូមពរ : ឆ្លើយ​ដោះស្រាយបាន តែ​នៅចាំ​អនុវត្ត៍តាម​ក្រោយ​

205
ចែករម្លែក
វេទិកាសាធារណៈ​នៅ​ស្រុក​ស្វាយចេក​មាន​៨៣​សំណូមពរ : ឆ្លើយ​ដោះស្រាយបាន តែ​នៅចាំ​អនុវត្តតាម​ក្រោយ​(​រូប​: ភ្នំ​ស្វាយ​)​

ដោយ : ភ្នំ​ស្វាយ -បន្ទាយមានជ័យ : ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ស្វាយចេក​​កាលពី​ទី​១៥ ខែសីហា ឆ្នាំ​២០១៩ បាន​បើក​វេទិកាសាធារណៈស្តី​ពី​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដល់​ប្រជាពលរដ្ឋ ដើម្បី​ទទួល សំណូមពរ បញ្ហា​ប្រឈម​នានា មក​ធ្វើការ​ដោះស្រាយ​។​

លោក អ៊ុំរាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែងថា​៖ គោល​នយោបាយ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល គឺ​ដើម្បី​បង្ខិត​សេវាសាធារណៈ​អោយនៅ​កៀក​ជិត​ប្រជាពលរដ្ឋ ព្រមទាំង​បានធ្វើ​ឲ្យ​សេវាសាធារណៈ​កាន់តែ​មាន​គុណភាព តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់​។​

ហើយ​ដើម្បី​ធានា​ឲ្យ​គោ​នយោបាយ និង​យុទ្ធសាស្ត្រ​ខាងលើ​ទទួលបាន​ជោគជ័យ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​បាន​ដើរតួនាទី​យ៉ាងសំខាន់ រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត​រាល់​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល ជាពិសេស​កំណែ ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ តាមរយៈ​ការចូលរួម​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិភាព​នូវ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន​។​

លោកស្រី រស់ សូរ​ក្ខា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និយាយថាៈ គោលបំណង​វេទិកាសាធារណៈ​នេះ​ធ្វើឡើង ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល និង​ផ្សារភ្ជាប់​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​សុខទុក្ខ​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន ដើម្បី​រួមគ្នា​ដោះស្រាយ​ក្នុងន័យ​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ ក៏ដូចជា​ការចុះ​ជួប​ប្រាស្រ័យ ដោយផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​។​

ក្នុង​វេទិកា​សេវាសាធារណៈ​នាឱកាស​នោះ​ផងដែរ បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម ក៏បាន​ធ្វើការ​សំណូមពរ​មួយចំនួន ៨៣​សំនូមពរ ក្នុងនោះ រួមមាន​៖​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​សំណូមពរ ការងារ​អភិវឌ្ឍ​មូលដ្ឋាន​,​ការងារ​ផ្សេងៗ​(​ដោះស្រាយ​ទំនាស់​ដីធ្លី គ្រប់គ្រង​គ្រោះមហន្តរាយ​)​។​

មន្ត្រី​បាន​ឆ្លើយបំភ្លឺ ឆ្លើយ​ដោះស្រាយ​ទាំងអស់ តែ​ការអនុវត្ត​ជាក់ស្តែង​ចាំ​ធ្វើតាម​ក្រោយ ៕