វេទិកា​ថ្នាក់រៀន​ស្តីពី​សារសំខាន់ នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​

172

វេទិកា​ថ្នាក់រៀន​ស្តីពី​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​(​រូបថត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ប្រទេស​កម្ពុជា​ឆ្លងកាត់​សង្គ្រាម​ច្រើន​ឆ្នាំ ជាពិសេស​របប​ខ្មែរក្រហម ដែល ប្រព្រឹត្ត​អំពើ​អមនុស្សធម៌ បង្ខំ​ប្រជាជន​ឲ្យ​ធ្វើការ​ដូច​សត្វ​ធាតុ ផ្តល់​របប​ឲ្យ​មិន​គ្រប់គ្រាន់ ពេល​ឈឺ​គ្មាន​ថ្នាំសង្កូវ​ព្យាបាល និង​បានសម្លាប់​ប្រជាជន​ស្លូតត្រង់​អស់​ជាង​ពីរលាន​នាក់​។ នេះ​គឺជា​របត់​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​មួយ​ដែល​ប្រជាជន​កម្ពុជា​បាន​ឆ្លងកាត់​ពី​ឆ្នាំ​១៩៧៥-១៩៧៩ និង​បាន​ចងចាំ​រហូតមកដល់​ស​ព្វ​ថ្ងៃ​។ ដើម្បី​បញ្ជៀ​ស​រឿងរ៉ាវ​ដែល​បាន កើតឡើង​ទាំងនេះ ទើប​នៅ​ព្រឹក​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៨ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​វេទិកា​ថ្នាក់រៀន​ថ្មី​មួយទៀត នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី ស្តីពី​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ដោយមាន​សិស្សានុសិស្ស​ចំនួន​២០០​នាក់ បាន​ចូលរួម​។

​ការរៀបចំ​បង្កើត​ឲ្យ​មាន​វេទិកា​ថ្នាក់រៀន​នេះ​ឡើង គឺមាន​គោលបំណង​សំខាន់ ដើម្បី​បង្កើន​ចំណេះដឹង​ប្រវត្តិសាស្ត្រ ការជួយ​ជំរុញ​ឲ្យ​មានការ​ចងចាំ ការការពារ​កុំ ឲ្យ​អំពើ​ប្រល័យពូជសាសន៍​កើតឡើង​ម្តងទៀត និង​បណ្តុះ​ឲ្យ​មាន​ការគិត​ត្រិះរិះ ពិ​ចារ ណា​ទៅ លើ​ប្រវត្តិសាស្ត្រ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ ដែលជា​ទំពាំង​ស្នង​ឫស្សី ដែល​បាន ធ្វើ​បទ​បង្ហាញ​ដោយ​លោក ផេង ពង្ស​រ៉ាស៊ី នាយក​នៃ​កម្មវិធី​ការអប់រំ​អំពើ​ប្រល័យ​ពូជ សាសន៍​នៅ​កម្ពុជា​។

​ដើមឡើយ វិទ្យាល័យ​ឥន្ទ្រ​ទេវី​ត្រូវបាន​កសាងឡើង​នៅ​ឆ្នាំ​១៩៦៣ ក្នុងសម័យ​សង្គមរាស្ត្រនិយម​ដែល​ដឹកនាំ​ដោយ​សម្តេចព្រះ នរោត្តម សីហនុ ហើយ​បាន​សម្ពោធ​បើក​ឲ្យ​សិស្ស​ចូលរៀន​ជា​ផ្លូវការ​ដោយមាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ផ្ទាល់​ព្រះអង្គ​។ បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ វិទ្យាល័យ​ឥន្ទ្រ​ទេវី ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា​វិទ្យាល័យ​ទួលគោក​វិញ​។ បន្ទាប់ពី​ខ្មែរក្រហម​ឡើងកាន់​កាប់​អំណាច​នៅ​ឆ្នាំ​១៩៧៥ ប្រជាជន​នៅ​ទីក្រុង​ភ្នំពេញ​ទាំងអស់ ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ឲ្យ​ចេញពីផ្ទះ​សម្បែង​ដោយ​បង្ខំ​ទៅធ្វើ​ស្រែចម្ការ​ដូច​ប្រជាជន​នៅ​តំបន់​ផ្សេងៗ​ទៀត​ដែរ​។ ចំណែក​វិទ្យាល័យ​នេះ ត្រូវបាន​ខ្មែរក្រហម​យក​ធ្វើជា​ឃ្លាំង​សម្រាប់​ផ្ទុក​អាវុធយុទ្ធភណ្ឌ​គ្រប់​ប្រភេទ​។ លុះដល់​ក្រោយពេល​ខ្មែរក្រហម​ដួលរលំ​ទៅ វិទ្យាល័យ​នេះ ត្រូវបាន​យក​ធ្វើជា​សាលា​បច្ចេកទេស​ហិរញ្ញវត្ថុ​យោធា នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា រហូតដល់​ឆ្នាំ​១៩៨៩ ទើប​ប្រគល់​ឲ្យ​មក​ក្រសួង​អប់រំ​យុវជន និង​កីឡា​វិញ​។ បន្ទាប់មក ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​ប្តូរ​ឈ្មោះ​វិទ្យាល័យ​នេះ មកជា​វិទ្យាល័យ​ឥន្ទ្រ​ទេវី​វិញ ដោយ​បច្ចុប្បន្ន វិទ្យាល័យ​ឥន្ទ្រ​ទេវី​មាន​សិស្សានុសិស្ស​កំពុង​រៀន​ប្រមាណ​ជាង​២៤០០​នាក់ រីឯ​គ្រូបង្រៀន​មាន​ចំនួន​១៣៩​នាក់ ដែល​ក្នុងនោះ​មាន​អ្នកគ្រូ​ចំនួន​៩៩​នាក់​។
​វិទ្យាល័យ​ឥន្ទ្រ​ទេវី មាន​ទីតាំង​ស្ថិតនៅ​ចន្លោះ​ផ្លូវ​លេខ​៣១៧ និង​ផ្លូវ​លេខ​៥៩២ ក្នុង​សង្កាត់​បឹងកក​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នៅលើ​ផ្ទៃដី​សរុប​ចំនួន​២៤៣០៣​ម៉ែត្រការ៉េ​។

​មុន​នឹងមាន​វេទិកា​ថ្នាក់រៀន​ស្តីពី​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដាក់តាំង​ពាក្យស្លោក​នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​តាំងពី​ឆ្នាំ​២០១០ ដែល​និយាយ​ពី​របប​ខ្មែរក្រហម​។​

​បន្ទាប់ពី​ចប់​វេទិកា​ថ្នាក់រៀន លោកគ្រូ នាក់ សុទ្ធា នាយក​វិទ្យាល័យ​ឥន្ទ្រ​ទេវី បានបង្ហាញ​នូវ​ចំណាប់អារម្មណ៍​ថា ពាក្យស្លោក​ដែល​សរសេរ​នៅលើ​ហោជាង​នៃ​អគារសិក្សា​ដែល “​និយាយ​ពីរ​បប​ខ្មែរក្រហម គឺ​និយាយ​ពី​ការផ្សះផ្សា អប់រំ​កូនចៅ​ឲ្យ​ចេះ​អត់ឱន និង​អធ្យាស្រ័យ​គ្នា​” ពីមុន​លោកគ្រូ​គិតថា មាន​សិស្ស​តិច​តូច​ណាស់ដែ​លអាន​ហើយ​បាន​យល់​ពី​អត្ថន័យ ព្រោះ​ពាក្យស្លោក​មានន័យ​ជ្រៅ​។ ដូច្នេះ ដើម្បី​ឲ្យ​សិស្ស​ងាយ​យល់​ចំពោះ​អត្ត​ន័យ​របស់​ពាក្យស្លោក​នេះ ទាល់តែ​យើង​ធ្វើជា​វេទិកា​ថ្នាក់រៀន​ដូច​ថ្ងៃនេះ​។ វេទិកា​នេះ​មាន​សារសំខាន់​ខ្លាំងណាស់ ដែល​អាច​ពន្យល់​ពាក្យស្លោក​ទាំងអស់នេះ​ឲ្យ​សិស្ស​អាច​យល់បាន តាមរយៈ​ការធ្វើ​បទ​បង្ហាញ​នៅក្នុង​វេទិការ​ថ្នាក់រៀន​។ លោកគ្រូ​បាន​បន្តថា ក្មេង​ឥឡូវ​កើត​មិនទាន់​របប​ខ្មែរក្រហម​ទេ ហើយ​ក្មេង​ភាគច្រើន​មិនសូវ​ជឿថា​មាន​របប​ខ្មែរក្រហម​ដែលមាន​ការកាប់សម្លាប់​មនុស្ស​ទេ លុះដល់​ក្រុមការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​មក​ធ្វើ​បទ​បង្ហាញ​មាន​បង្ហាញ​ដោយមាន​បង្ហាញ​ជា​រូបថត និង​ឯកសារ ទើប​ជំរុញ​ឲ្យ​ក្មេង​មាន​ជំនឿ​កាន់តែខ្លាំង​ឡើង​ថា​ពិតជា​មាន​របប​ខ្មែរក្រហម​មែន ហើយ​ក្មេង​នឹងមាន​ជំនឿ​កាន់តែខ្លាំង​ឡើងៗ​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​។ លោកគ្រូ​បាន​បន្តទៀតថា នៅពេល​ប្រឡង​បើ​មាន​ចេញ​ជា​វិញ្ញាសា​ទាក់ទង​របប​ខ្មែរក្រហម នោះ​រឹតតែ​ធ្វើ​ឲ្យ​សិស្ស​មានការ​ចាប់អារម្មណ៍​កាន់តែខ្លាំង​ឡើង​ថែមទៀត​។​

​អ្នកគ្រូ​ឈ្មោះ ស៊ិន សុ​ដា​នី ជា​គ្រូបង្រៀន​ផ្នែក​ប្រវត្តិវិទ្យា បាន​ឲ្យ​ដឹងថា ការបង្រៀន​មុខវិជ្ជា​ប្រវត្តិវិទ្យា ពីមុន​សាលា​បាន​ឲ្យ​ពេល​ពីរ​ម៉ោង​ក្នុង​មួយ​សប្តាហ៍ ប៉ុន្តែ​ដល់ពេល​បច្ចុប្បន្ន សាលា​ឲ្យ​តែមួយ​ម៉ោង​ក្នុង​មួយ​សប្តាហ៍ ហេតុនេះ​អ្នកគ្រូ​មិនមាន​ពេល​គ្រប់គ្រាន់​ក្នុងការ​ធ្វើ​បទ​បង្ហាញ ក៏ដូចជា​ពិភាក្សា​ពី​រឿងរ៉ាវ​នៅក្នុង​មេរៀន​ឲ្យ​បាន​ស៊ីជម្រៅ​នៅក្នុង​ថ្នាក់ ។ អ្នកគ្រូ​បាន​បន្តថា សិស្ស​នាពេល​បច្ចុប្បន្ននេះ មានការ​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ច្រើនជាង​មុន ព្រោះ​កាលពី​បង្រៀន​ដំបូង ពេលដែល​អ្នកគ្រូ​បង្រៀន​សិស្ស​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ សិស្ស​ហាក់បីដូចជា​ស្រពិចស្រពិល ហើយ​បាន​គិតថា ការបង្រៀន​នេះ​មាន​លក្ខណៈ​ភូតកុហក់​។ បច្ចុប្បន្ន ពេល​អ្នកគ្រូ​បង្រៀន គឺមាន​សិស្ស​ចូលរៀន​ពេញៗ​ថ្នាក់​។ អ្នកគ្រូ​បាន​បន្តថា នៅក្នុង​ថ្នាក់រៀន អ្នកគ្រូ​តែងមាន​ជា​សំណួរ​សួរ​ទៅកាន់​សិស្ស​ជានិច្ច ហេតុនេះហើយ បានជា​សិស្ស​មានការ​ចាប់អារម្មណ៍​ក្នុងការ​សិក្សា​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​។ ចំពោះ​វិធីសាស្ត្រ​ក្នុងការ​បង្រៀន​សិស្ស អ្នកគ្រូ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា អ្នកគ្រូ​មាន​ឯកសារ​ជា​មេរៀន​ដែល​អ្នកគ្រូ​បាន​សង្ខេប​ចេញពី​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ និង​រូបថត ដើម្បី​បង្ហាញ​ទៅកាន់​សិស្ស រួមផ្សំ​និង​មានការ​ចាក់ផ្សាយ​ពី​គ្រប់​ស្ថានីយ៍ទូរទស្សន៍​ក្នុងស្រុក​ពីរ​បប​នេះ ទើប​សិស្ស​មានការ​ជឿជាក់ថា ពិតជា​មាន​របប​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​ពិន​មែន​។​

​ឈឹម សុវណ្ណ ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី​១២D1 បាន​ឲ្យ​ដឹងថា ខ្លួន​ធ្លាប់បាន​ដឹងឮ​ពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅក្នុង​របប​ខ្មែរក្រហម តែ​មិន​ច្បាស់លាស់​ទេ ហើយ​ការដឹងឮ​នេះ គឺ​បានដឹង​តាមរយៈ​ឪពុកម្តាយ​និយាយប្រាប់ និង​ដឹង​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ របប​ខ្មែរក្រហម​ជា​របប​មួយ​ដែល​ប្រល័យពូជសាសន៍​ជាតិ​ឯង គ្មាន​ការយោគយល់ និង​ប្រើ​អំណាច​ផ្តាច់ការ​។ សុវណ្ណ យល់ឃើញថា ការបង្កើត​ឲ្យ​មាន​ជា​វេទិកា​បែបនេះ គឺមាន​សារសំខាន់​ណាស់ ប៉ុន្តែ គួរ​មាន​ពេលវេលា​ឲ្យ​បាន​វែង​ជាង​នេះ​រឹតតែ​ប្រសើរ​។ ក្រោយពេល​សុវណ្ណ បាន​ចូលរួម​សិក្សា​ក្នុង​វេទិកា​នេះ ប្អូន​មានការ​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​បាន​ច្រើនជាង​មុន ជាពិសេស​គោល​ការ​ចំនួន​ប្រាំបី​ចំណុច​របស់​ខ្មែរក្រហម ដូចជា ការលុបបំបាត់​ផ្សារ ការលុបបំបាត់​រូបី​យ​បណ្ណ ការជម្លៀស​ប្រជាជន​ដោយ​បង្ខំ ការ​ផ្សឹក​ព្រះសង្ឃ ការសម្លាប់​មន្ត្រីរាជកា​រ​ក្នុង​របប​លន់ នល់ ការបង្កើត​សហករណ៍​ថ្នាក់ខ្ពស់ ការបណ្តេញ​ជនជាតិ​វៀតណាម​ចេញពី​ប្រទេស និង ការបញ្ជូន​កងទ័ព​ទៅ​ព្រំដែន​។ សុវណ្ណ បាន​បន្តថា គាត់​ចង់​ឲ្យ​មាន​ជា​វេទិការ​បែបនេះ​ទៀត និង​មាន​ពេលវេលា​ច្រើនជាង​នេះ ដើម្បី​ឲ្យ​គាត់​និង​សិស្សានុសិស្ស​ផ្សេងទៀត បានទទួល​ការយល់ដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ឲ្យ​បាន​កាន់​ច្រើន​។​

​ប៉េង រ៉ូ​ហ្សា ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី​១២ D1 បាន​ប្រាប់​ឲ្យ​ដឹងថា គាត់​បានដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​តាមរយៈ​ឪពុកម្តាយ និង​ជីដូន​ជីតា​និយាយប្រាប់​។ រ៉ូ​ហ្សា បាន​បន្តថា របប​ខ្មែរក្រហម​ជា​របប​មួយ​ដែល​ប្រល័យពូជសាសន៍ ផ្តាច់ការ ហើយ​គ្មាន​ការយោគយល់​ដល់​អ្នកណា​ឡើយ​។ ដើម្បី​ការពារ​កុំ​ឲ្យ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​នេះ វិលត្រឡប់​មកវិញ ទាល់តែ​ប្រជាជន​ត្រូវ​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ មិនត្រូវ​ប្រើ​អំពើហិង្សា គឺ​ត្រូវយក​ចំណេះដឹង​ដែល​យើង​បាន​រៀនសូត្រ​មក​ពិភាក្សាគ្នា​។ រ៉ូ​ហ្សា បាន​បន្ថែមថា ចំពោះ​វេទិកា​ថ្នាក់រៀន​ដែល​បានរៀបចំ​នៅ​ព្រឹក​នេះ ពិតជា​ធ្វើ​ឲ្យ​គាត់​ទទួល​ការយល់ដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ច្រើនជាង​កាលពី​ពេលដែល​គាត់​មិន​ឲ្យ​បាន​ចូលរួម​ក្នុង​វេទិការ​ថ្នាក់រៀន​នេះ​៕L ដោយ​: ឆេង វ៉េង អ្នកសរសេរ​ទស្សនា​វ​ដ្តី​សែ្វ​ង​រក​ការពិត​