វេទិកា​ធុរកិច្ច​កម្ពុជា​-​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី ២០១៧​ប្រារព្ធ​នៅ​កម្ពុជា​

203

(​ភ្នំពេញ)៖កាលពី​ថ្ងៃ​សៅរ៍​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៧ ក្រសួងពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សហ​ការ​ជាមួយ​សភាពាណិជ្ជកម្ម​ក​ម្ពុ​ជា និង​ក្រុមប្រឹក្សា​ធុរកិច្ច រុស្ស៊ី​-​សិង្ហ​បុរី​នៃ​ន​សហព័ន្ធរុស្ស៊ី បានរៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​-​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី (Eurasian Economic Union-EAEU) ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​វេទិកា​ធុរកិច្ច​នេះ​ប្រព្រឹត្តិ​ក្រោម​គណ​:​អធិបតីភាព​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោកស្រី ថា​ត​ធី​យ៉ាណា វ៉ា​ឡូ​វ៉ា​យ៉ា (Tatiana VALOVAYA) សមាជិក​ក្រុមប្រឹក្សាភិបាល​សម្រាប់​សមា​ហ​រណកម្ម​និង​ម៉ាក្រូសេដ្ឋកិច្ច​នៃ​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​និង​មានការ​ចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​, អង្គទូត​នៃ​ប្រទេស​សមាជិក​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី និង​តំណាង​វិស័យ​ឯកជន គ្របដណ្តប់​លើ​ផ្នែក​សំខាន់ៗ​ដូចជា ទេសចរណ៍​, កសិកម្ម​, សុខាភិបាល​, ព័ត៌មានវិទ្យា​, ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក និង​ផ្លូវអាកាស​, សំណង់​, កាត់ដេរ​និង​វាយនភ័ណ្ឌ​, និង​តំបន់​សេដ្ឋកិច្ច​ពិសេស សរុប​ប្រមាណ​ជា​១០០​នាក់​។​

​ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់ថា​គោលបំណង​នៃ​វេទិកា​នេះ គឺ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​ដល់​អាជីវករ និង​វិនិយោគិន​នៃ​ភាគី​ទាំងពីរ ក្នុងការ​ស្វែងរក​ឱកាស​ពង្រឹង​កិច្ចសហការ និង​បង្កើត​សម្ព័ន្ធភាព​ថ្មី ក្រោម​ការគាំទ្រ​ពី​រដ្ឋាភិបាល​នៃ​ភាគី​ទាំងពីរ​។ ការចូលរួម​របស់​វិស័យ​ឯកជន​របស់​ភាគី​ទាំងពីរ​ពិតជា​មាន​សារសំខាន់ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​និង​សេដ្ឋកិច្ច​បន្ថែមទៀត ព្រមទាំង​បន្ត​កិច្ចសហប្រតិបត្តិការ​អា​ជីវ​កម្ម និង​វិនិយោគ​ឲ្យ​កាន់តែ​ទូលំទូលាយ ជាពិសេស​គាំទ្រ​ក្នុង​ការបើក​ទីផ្សារ​ថ្មីៗ តាមរយៈ​ការចរចារ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​(Cambodia-EAEU FTA)​ដែល​នឹង​បង្កើត​នូវ​ឱកាស​ដ៏​សម្បូរបែប​សម្រាប់​វិស័យ​ឯកជន​នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ដែលជា​សមាជិក​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​។​

​ប្រភព​ដដែល​បន្តថា​ក្នុងឱកាស​ស្នាក់នៅ​កម្ពុជា គណៈប្រតិភូ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី ក៏បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​រោងចក្រ​និង​សហគ្រាស​នានា ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ទីនោះ ក៏ដូចជា​សក្តានុពល និង​អត្ថប្រយោជន៍​ផ្សេងៗ​ដែល​តំបន់​សេដ្ឋកិច្ច​នេះ​មាន​៕ដោយៈ​ពៅ​និមល​/sn