វេទិកា​ផ្សព្វផ្សាយ អនុសញ្ញា​ស្ដីពី ការលុបបំបាត់​រាល់​ទ​ម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ នៅ​ស្រុក​ក្រឡាញ់​

200
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប​ ៖ ការិយាល័យ​ការពារ​ផ្លូវច្បាប់​នៃ​មន្ទីរ​កិច្ចការនារី​ខេត្ត សៀមរាប បាន​សហការ​ជាមួយ​រដ្ឋបាល​សាលាស្រុក​ក្រឡាញ់ រៀបចំ​ធ្វើ​វេទិកា​ផ្សព្វផ្សាយ អនុសញ្ញា​ស្ដីពី ការលុបបំបាត់​រាល់​ទ​ម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ ដល់ អាជ្ញាធរ និង​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​តា​អាន ស្រុក​ក្រឡាញ់ នា ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៩​នេះ ដោយមាន​ការចូលរួម​ពី លោកស្រី ងិន សារិន អនុប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប និង​មន្ត្រី​មូលដ្ឋាន​ពាក់ព័ន្ធ​មួយចំនួន​។​

លោកស្រី ងិន សារិន អនុប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប បាន​បញ្ជាក់ថា វេទិកា​ផ្សព្វផ្សាយ អនុសញ្ញា​ស្ដីពី ការលុបបំបាត់​រាល់​ទ​ម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ​គឺ ក្នុង​គោលបំណង បង្កើន​ការយល់ដឹង​អំពី​អនុសញ្ញា​ស្តីពី​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ​(​ស៊ី​-​ដ​) ដើម្បី​ផ្តល់​ការធានា​នូវ​ការទទួលបាន​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន ដោយ​ស្មើភាព​គ្នា​ជាមួយ​បុរស ។

លោកស្រី​បាន​បន្តថា អនុសញ្ញា​ស៊ី​-​ដ ជា​សន្ធិសញ្ញា​អន្តរជាតិ​ដំបូង​តែមួយគត់ ដែល​បានបញ្ជាក់​យ៉ាង​ទូលំទូលាយ​អំពី​សិទ្ធិ​របស់​ស្ត្រី ដែល​ត្រូវតែមាន​ក្នុង​បរិបទ​ស៊ីវិល នយោបាយ ជីវិត​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​ជីវិត​គ្រួសារ ជាពិសេស​អនុសញ្ញា​ស៊ី​-​ដ នេះ​បានធ្វើឱ្យ​ស្ត្រី​ទទួលបាន​សិទ្ធិ​ពិតប្រាកដ រួច​ផុតពី​ការរើសអើង ការរំលោភ​លើ​គោលការណ៍​សមភាព​នៃ​សិទ្ធិមនុស្ស និង​ការគោរព​សេចក្ដីថ្លៃថ្នូរ​របស់​មនុស្ស។

លោកស្រី​បាន​បន្តទៀតថា អនុសញ្ញា​ស្តីពី​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ​(​ស៊ី​-​ដ​) មាន​គោលការណ៍​គ្រិះ​៣ គឺ​ការទទួលបាន​សមភាព​ពិតប្រាកដ ការមិន​រើសអើង និង​កាតព្វកិច្ច​របស់​រដ្ឋ​ភាគី​ក្នុង​ការធានា​ឱ្យ​ស្ត្រី​ទទួលបាន​សិទ្ធិ​ពេញលេញ ។​អនុសញ្ញា​ស៊ី​-​ដ នេះ​អនុម័ត និង​បើក​ឱ្យ​ចុះហត្ថលេខា ឱ្យ​សច្ចាប័ន និង​ឱ្យចូល​ជា​សមាជិក​តាម​សេចក្ដីសម្រេចចិត្ត​លេខ ៣៤១១៨០ ចុះ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​១៩៧៩ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​១៩៨១ ។​

បច្ចុប្បន្ន​អនុសញ្ញា​ស៊ី​-​ដ មាន​រដ្ឋ​ភាគី​ចំនួន​១៨៥ ដែល​បាន​ចុះហត្ថលេខា និង​ផ្ដល់​សច្ចាប័ន យកទៅអនុវត្ត នៅក្នុង​នោះ​ប្រទេស​កម្ពុជា បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​១៩៩២ ហើយ​ផ្ដល់​សច្ចាប័ន​នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​១៩៩២ យកមកអនុវត្ត​ដោយ​ឥត​លក្ខខណ្ឌ ។

​សិទ្ធិ​ដែល​ត្រូវបាន​ការពារ​ដោយ​អនុសញ្ញា​ស៊ី​-​ដៈ​
-​សិទ្ធិ​ទទួលបាន​ការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់​
-​សិទ្ធិ​ទទួលបាន​សេវា​សុខភាព​ទូលំទូលាយ រួមទាំង​ការធ្វើផែនការ​គ្រួសារ​
-​សិទ្ធិ​ទទួលបាន​ប្រាក់កម្ចី និង​ទម្រង់​ដទៃៗ​ទៀត​នៃ​ឥណទាន​ហិរញ្ញវត្ថុ​
-​សិទ្ធិ​ចូលរួម​ការកំសាន្ត​កីឡា និង​សកម្មភាព​វប្បធម៌​នានា​
-​សិទ្ធិ​សម្រេច​លើ​ចំនួន​កូន និង​លើ​ចន្លោះ​ចំនួន​ឆ្នាំ​មានគភ៌​
-​សិទ្ធិ​រួមចំណែក​ទទួលខុសត្រូវ​ក្នុងការ​ធ្វើជា​ឪពុកម្ដាយ​
-​សិទ្ធិ​ស្មើភាព​ក្នុង​ការទទួល​បានការ​ងារ ផលប្រយោជន៍ និង​សន្តិសុខ​សង្គម​
-​សិទ្ធិ​ទទួលបាន​ប្រាក់ខែ​ស្មើៗ​គ្នា​ផ្អែក​តាម​ការងារ​ដែល​ពួកគេ​ធ្វើ​
-​សិទ្ធិ​ទទួលបាន​សេរីភាព​ដោយ​ចាក​ផុតពី​រាល់​ទម្រង់​នៃ​អំពើហិង្សា លើ​រាងកាយ ភេទ ចិត្ត និង​សេដ្ឋកិច្ច​
-​សិទ្ធិ​ទទួលបាន​សេរីភាព​ចាក​ផុតពី​រាល់​ទម្រង់​ទាសភាព និង​ពេស្យាចារ​
-​សិទ្ធិ​ទទួលបាន​ការបោះឆ្នោត ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត រៀបចំ​ការបោះឆ្នោត និង​កាន់តំណែង​ក្នុង​ការិយាល័យ​សាធារណៈ​
-​សិទ្ធិ​ធ្វើ​តំណាង​ប្រទេស​នៅលើ​ឆាក​អន្តរជាតិ​
-​សិទ្ធិ​ទទួលបាន​ការផ្លាស់ប្ដូរ​រក្សា​សញ្ជាតិ និង​ជា​ពលរដ្ឋ​…​។​ល​។​

​រូបភាព​: វេទិកា​ផ្សព្វផ្សាយ អនុសញ្ញា​ស្ដីពី ការលុបបំបាត់​រាល់​ទ​ម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ នៅ​ស្រុក​ក្រឡាញ់​៕​B/