វេទិកា​សេដ្ឋកិច្ច​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ ជា​ស្ពាន​ជំរុញ​សេដ្ឋកិច្ច​ចិន​និង​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន

1353
ចែករម្លែក
  • 34
    Shares
​ចិន និង​កម្ពុជា បាន​សហការ​រៀបចំ​«​វេទិកា​សេដ្ឋកិច្ច​ខ្សែក្រវាត់​មួយ ផ្លូវ​មួយឆ្នាំ​២០៨»​ក្នុង​គោលបំណង​ជំរុញ​ពាណិជ្ជកម្ម​និង​ការវិនិយោគទុន​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែខ្លាំង​

ដោយៈ​សុផល​/​ភ្នំពេញៈ ចិន និង​កម្ពុជា បាន​សហការ​រៀបចំ​«​វេទិកា​សេដ្ឋកិច្ច​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ ឆ្នាំ​២០១៨»​​ក្នុង​គោលបំណង​ជំរុញ​ពាណិជ្ជកម្ម​និង​ការវិនិយោគទុន​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែខ្លាំង​។​​វេទិកា​​​នេះ​បាន​ប្រារព្ធ​កាលពី​រសៀល​ថ្ងៃទី​២៩​ខែមេសា​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ដោយមាន ការអញ្ជើញ​ចូលរួម​របស់លោក​ស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង ទំនាក់ទំនង​ជាមួយរ​ដ្ឋ​សភា​ព្រឹទ្ធសភា​និង​វិនិយោគិន​សហគ្រិន​និង​ពាណិជ្ជករ​ប្រមាណ​ជាង​៥០០​នាក់​ ​។​

​វេទិកា​សេ​ដ្ធ​កិច្ច ខ្សែក្រវាត់​មួយ ផ្លូវ​មួយ ឆ្នាំ​២០១៨​ត្រូវបាន​សហការ​រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន Hongkong satellite TV International Media Group និង ក្រុមហ៊ុន​BTK​ព្រមទាំង​បានការ​គាំទ្រ ពីក្រសួងពាណិជ្ជ​កម្ម​​នៃ​ប្រទេស​កម្ពុជា​។​

​គួររំលឹកថា​ប្រទេស​កម្ពុជា​បាន​គាំទ្រ​យ៉ាងខ្លាំង​នូវ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​របស់​ប្រទេស​ចិន​រហូត​មក​ដល់ពេលនេះ​ប្រទេស​កម្ពុជា​បានទទួល​ផលប្រយោជន៍​យ៉ាងច្រើន​ពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​ដូចជា​ក្លាយជា​ប្រទេស​ដែល​ទាក់ទាញ​ក្រុមហ៊ុន​ចិន​មក​វិនិយោគ​យ៉ាងច្រើន​។​

​វេទិកា​សេដ្ឋកិច្ច​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយឆ្នាំ​២០១៨​នេះ​នឹង​ជួយ​ជំរុញ​វិនិយោគ​ចិន​កាន់តែច្រើន​ថែមទៀត និង​ក្លាយជា​ស្ពាន​ជំរុញ​សេ​ដ្ឋ​កិច្ច​ចិន​និង​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។

​លោក​អេ​ន​ឌី ឡៅ​(Andy LAU)​ស្ថាបនិក​ក្រុមហ៊ុន​BTK​មានប្រសាសន៍ថា​«​ស្របតាម​គំនិត​ផ្តួចផ្តើម ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​របស់​ប្រទេស​ចិន​ក្រុមហ៊ុន​BTK​បាន​ដើរតួនាទី​ជា​ស្ពាន​ចម្លង​នាំ​ក្រុមហ៊ុន​ចិន​ជាច្រើន​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​និង​សង្ឃឹមថា​តាមរយៈ​វេទិកា​នេះ​នឹង​ជួយ​ជំ​រុញឱ្យ​អ្នកវិនិយោគទុន​ចិន​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​កាន់តែច្រើន​ថែមទៀត​»​។​

​ថ្លែង​ក្នុង​វេទិកា​នេះដែរ​លោកស្រី​ម៉ែន​សំអន​មានប្រសាសន៍ថា​វេទិកា​នេះ​ប្រារព្ធ​ឡើង​ចំពេល​ដែល​“​គំនិត​ផ្តួច​ផ្តើម​ខ្សែក្រវាត់​មួយ វិថី​មួយ​” ដែល​ផ្តួចផ្តើមឡើង ដោយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង កាលពី​ឆ្នាំ​២០១៣​ដែល​បាន​ក្លាយជា​គម្រោង​មួយ​ដ៏​ធំ​និង​មាន​សក្តានុពល​ដើម្បី​ជំរុញ​និង​បង្កើត​ផ្លូវ​ពាណិជ្ជកម្ម​ថ្មី ការតភ្ជាប់ និង​ឱកាស​ធុរកិច្ច ជាមួយ​ប្រទេស​ចិន ដែល​ឆ្លងកាត់​ប្រទេស​ជាង​៦០​ក្នុង​ទ្វីប អាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា និង​អាហ្វ្រិក ។

​លោកស្រី​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​«​គម្រោង​នេះ​នឹង​ដើរតួនាទី​ដ៏​សំខាន់ ក្នុង​ការតភ្ជាប់ ប្រទេស​ចិន​ជាមួយ​ប្រទេស​ជាច្រើន​ក្នុង​តំបន់​និង​អន្តរទ្វីប​និង​ការជំរុញ​ការអភិវឌ្ឍ​និង​សមាហរណកម្ម​សេដ្ឋកិច្ច ក្នុង​តំបន់ ជាពិសេស ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ដឹកជញ្ជូន ទេសចរណ៍ និង​វិនិយោគ​។ លើសពីនេះ​ទៀត គម្រោង​នេះ​នឹង​លើកកម្ពស់ កិច្ចសហប្រតិបត្តិការ​និង​ទំនាក់​ទំ​ងរ​វាង​ស្ថាប័ន រវាង​ប្រជាជន និង​ប្រជាជន​ក្នុង​តំបន់​និង​ពិភពលោក​»​។​

​លោកស្រី​បន្តថា​តាមរយៈ​ការប្តេជ្ញាចិត្ត​ខាង​នយោបាយ និង​មធ្យោបាយ​ផ្សេងៗ​ជាពិសេស​មូលនិធិ ផ្លូវ​សូត្រ​និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ឤ​ស៊ី​(AIIB)​គម្រោង​ដ៏​ធំ​នោះ​ពិតជា​ទទួលបាន​ជោគជ័យ​និង​ផ្តល់​ផលប្រយោជន៍​ដ៏​ធំធេង​ក្នុងពេល​អនាគត​។​បច្ចុប្បន្ន​គម្រោង​“​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​វិថី​មួយ​”​បាន​អនុវត្ត​និង​ជះឥទ្ធិពល​ជា​វិជ្ជមាន​នៅ​កម្ពុជា​ជា​បណ្តើរៗ​ប្រកបដោយ​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​។ កម្ពុជា​រំពឹងថា​នឹង​ទទួលបាន​ផលប្រយោជន៍​កាន់តែច្រើន​ថែមទៀត​ក្នុង​ពេលអនាគត តាមរយៈ​ការតភ្ជាប់​កាន់តែច្រើន​ជាមួយ​​ចិន និង​ប្រទេស​នានា​ក្នុង​តំបន់ ក្នុង​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក ផ្លូវគោក ផ្លូវទឹក និង​អាកាស កំពង់ផែ ថាម​ពល​និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ផ្សេងទៀត​នៅ​កម្ពុជា​៕​មន​