វេទិកា​ស្មេរ​៖ ថ្ងៃ ២​ធ្នូ ជា​ថ្ងៃ​រម្លឹក​ដល់​ប្រវត្តិសាស្ត្រ ៣ សំខាន់ នៃ​កម្ពុជា​

155
ចែករម្លែក

ថ្ងៃ​២ ធ្នូ ជា​ខួប​លើក​ទី​៤១​ឆ្នាំ នៃ​រណសិរ្ស​សង្គ្រោះ​ជាតិ (២ ធ្នូ ១៩៧៨- ២​ធ្នូ ២០១៩) ដែលជា ថ្ងៃ​ចាប់កំណើត​នៃ​ចលនា​តស៊ូ ក្នុង​គោលដៅ​រំដោះប្រទេស​កម្ពុជា ពី​របប​ប្រល័យ​ពូ​ជា​សាសន៍ ប៉ុល ពត ដ៏​ឃោរឃៅ និង​ព្រៃផ្សៃ ដែល​បាន​បណ្តាលអោយ​ប្រជាពលរដ្ឋ ស្លាប់​យ៉ាង​វេទនា អស់​ជាង ៣ លាន​នាក់ (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩)​។​

រណសិរ្ស ២ ធ្នូ គឺ​បានកើត​ចេញពី​កម្លាំង​មហា​សាមគ្គី​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ ប្រទេស ដែលមាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិ ជាច្រើនរូប​ទៀត​ដើម្បី​រួម កម្លាំង​គ្នា វាយកម្ទេច​របប​ខ្មែរក្រហម ដោយមាន​ការជួយ​ពី​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម រហូតដល់​ទទួលបាន​ជ័យជម្នះ នៅ​ថ្ងៃ ៧ មករា ឆ្នាំ​១៩៧៩​។​

​ឯកសារ បង្ហាញថា នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ មហាសន្និបាត​របស់​អ្នកស្នេហាជាតិ​គ្រប់​តំបន់ បានធ្វើ​ឡើង​នៅ​មូលដ្ឋាន​រំដោះ​ក្នុង​ឃុំ ២ ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​។ មហាសន្និបាត​បាន សម្រេច​ជា​ឯកច្ឆន្ទ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​បោះឆ្នោត​ជ្រើសតាំង​គណៈ ក​ម្មា​ធិ​ការ​មជ្ឈិម​រណសិរ្ស​ដែលមាន​សមាជិក ១៤ រូប ក្នុងនោះ សម្តេច ហេង សំរិន ជា​ប្រធាន​។

​មហាសន្និបាត បានអនុម័ត​កម្មវិធី​នយោបាយ ដូចខាងក្រោម​៖ ទី​១.​ផ្តួលរំលំ​របប​ប្រល័យ​ពួជ សាសន៍​ខ្មែរក្រហម រំដោះប្រជាជន​ទូទាំងប្រទេស​ឲ្យ​រួច​ផុតពី​រណ្តៅ​មរណៈ​។ ទី​២. គោរព​ឆន្ទៈ និង​គោលបំណង​របស់​ប្រជាជន​កម្ពុជា ។ ទី​៣. កសាង​ប្រទេស​កម្ពុជា ប្រកបដោយ​សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ អព្យាក្រឹត បូរណភាព​ទឹកដី និង​សម្បូរ​រុងរឿង​។ ចាប់ពីពេលនោះ​មក កម្លាំង​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា ២​ធ្នូ កាន់តែ​រីក​ធំធាត់ និង​ខ្លាំងក្លា​ឡើងៗ​ទាំង​ក្នុង និង​ក្រៅ ប្រទេស​។
​ ​
​ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ថ្ងៃ​២​ធ្នូ ក៏ត្រូវ​នឹង​ខួប​លើក​ទី​៣២ ឆ្នាំ (២​ធ្នូ ១៩៨៧-២​ធ្នូ ២០១៩) នៃ​ការចរចា សីហនុ​-​ហ៊ុន សែន នៅ​ប្រទេស​បារាំង​ដែលជា​កិច្ចចរចា​ដំបូង​ស្វែង រក​ដំណោះស្រាយ​នយោបាយ​សម្រាប់​សន្តិភាព​នៅ​កម្ពុជា​។​

​ប្រជាជន​ខ្មែរ​ទាំងអស់គ្នា ចងចាំ​ជានិច្ច​នូវ​ការចូលរួម​របស់​ពល​រដ្ឋ​កម្ពុជា​និង​កងទ័ព​ដែល​បាន បូជា​សាច់​ស្រស់​ឈាម​ស្រស់​ក្នុង​បុព្វហេតុ​ជាតិ​ដ៏​ឧត្តុង្គឧត្តម​ជា​ប្រវត្តិសាស្ត្រ​នេះ​ដែល​បានធ្វើ អោយ​ប្រទេសជាតិ មាន​សុខសន្តិភាព និង​រីកចម្រើន មកទល់​សព្វថ្ងៃ​។​
​ ​
ជាមួយនឹង​ការ​រម្លឹក​ដល់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ នៃ​ថ្ងៃ​២​ធ្នូ​ខាងលើនេះ ថ្ងៃ​២​ធ្នូ ក៏ត្រូវ​បាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី កូនប្រុស​សម្តេច តេ​ជោ ហ៊ុន សែន បានចាត់ទុក​ជា​ថ្ងៃ​ខួបកំណើត​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ផងដែរ​។​

​ពិធី​អបអរសាទរ​ខួប​លើក​ទី​៤១ នៃ​ការបង្កើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ត្រូវបាន​រៀប ចំ​ឡើង នៅ​ថ្ងៃ​២​ធ្នូ ក្នុង​គោលបំណង បី​សំខាន់​៖១) ដើម្បី​រម្លឹក​នូវ​គុណូបការៈ​និង​ការលះបង់ របស់​យុវជន​ជំនាន់​មុន និង​បុព្វបុរស​របស់​យើង​។ ២)​អបអរសាទរ​នូវ​សមិទ្ធផល​នានា​ដែល សម្រេចបាន​កន្លងមក រហូតដល់​បច្ចុប្បន្ននេះ​។ ៣) ត្រៀមខ្លួន​ក្នុងការ​ចូលរួមចំណែក ដើម្បី​នាំ​កម្ពុជា ទៅ​អនាគត​ឱ្យ​កាន់តែ​ប្រសើរ​។​

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ហៅ​កាត់​ថា ស​.​ស​.​យ​.​ក ជា​ផ្នែក​មួយ​នៃ​រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា ត្រូវបាន​បង្កើតឡើង កាលពី ៤១ ឆ្នាំមុន នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ ក្រោម​ការដឹកនាំ​របស់​សម្តេច ជា ស៊ីម​សម្តេច ហេង សំរិន និង​សម្តេច ហ៊ុន សែន​ក្នុង​បុព្វហេតុ ផ្តួលរំលំ​របប​ខ្មែរក្រហម និង​រំដោះជាតិ​កម្ពុជា ពី​របប​ប្រល័យពូជ សាសន៍ ដ៏​សាហាវយង់ឃ្នង​។​

​ថ្នាក់ដឹកនាំ និង​យុវជន​ជំនាន់​មុន មាន​ឆន្ទៈ​យ៉ាង​មុះ​មុត និង​ហ៊ាន​លះបង់​ក្រោម​ស្មារតី​២​ធ្នូ ដោយបាន​ដាក់​ជីវិត​ធ្វើជា​ដើមទុន​ក្នុងការ​បំពេញបេសកកម្ម​ដ៏​គ្រោះថ្នាក់​ដើម្បី​សុខ​សុវត្ថិភាព របស់​ប្រជាជន​ខ្មែរ ខណៈពេលដែល​ពិភពលោក​មិនបាន​ខ្វាយខ្វល់​ទាល់ តែសោះ​អំពី​ឧក្រិដ្ឋកម្ម ប្រឆាំង​មនុស្សជាតិ និង​ទុក្ខសោក​ដែល​ប្រជាជន​កម្ពុជា រងគ្រោះ នាពេលនោះ​។​

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានធ្វើ​ដំណើរ​មក​យ៉ាង​វែងឆ្ងាយ​ហើយក៏​សម្រេច បាន នូវ​សមិទ្ធផល​ជាច្រើន សម្រាប់​ជាតិ​មាតុភូមិ​។ ស​.​ស​.​យ​.​ក​.​នៅមាន​ការងារ​ជាច្រើន​ទៀត​ដែល ត្រូវធ្វើ​។ យើង​ត្រូវ​រំលឹក​ខ្លួនឯង ជាប់​ជានិច្ច​ថា សង្គម​អនាគត នឹង​អាច​ប្រែប្រួល​ទាំង​លើ​ទិដ្ឋភាព ឱកាស និង​បញ្ហា​ប្រឈម​ដែល​ទាមទារ​ឲ្យ​យើង មិន​ត្រឹមតែ​ត្រៀមខ្លួន ដើម្បី​ទប់ទល់​ប៉ុន្តែ​ថែម ទាំង​ប្រើប្រាស់​ឲ្យ​អស់​សមត្ថភាព និង​ឆន្ទៈ​មនសិការ ដើម្បី​កែប្រែ​បញ្ហា​ប្រឈម​ទាំងនោះ ទៅជា​កាលានុវត្តភាព​ថ្មី សម្រាប់​ការរីកចម្រើន​របស់​ជាតិ​យើង​បន្តទៅទៀត​។​
​ ​
​អនាគត​របស់​សង្គម​ជាតិ និង​សុភមង្គល​របស់​ប្រជាជន គឺមាន​សារៈ សំខាន់បំផុត​ដែល​មិនអាច បណ្តា​យ​ទៅតាម​យថាហេតុ ឬ​ឲ្យ​មាន​ភាព​ចៃដន្យ​ណាមួយ កើតឡើង​ធ្វើ​ឲ្យ​ប៉ះពាល់​នោះទេ​។ ប្រាកដ​ណាស់ ពេលនេះ ពេលដែល​កម្ពុជា​រីករាយ នឹង​សន្តិភាព​ស្ថិរភាព​វា​ក៏​ជា​ពេលដែល យុវជន​កម្ពុជា ត្រូវតែ​គិត​បន្ថែមទៀត អំពី​តួនាទី ទំនួល​ខុសត្រូវ និង​ការចូលរួមចំណែក​រប​ស់​ខ្លួន ដើម្បី​សង្គមជាតិ និង​ប្រជាជន​។​
​ ​
​សរុបមក ថ្ងៃ​២​ធ្នូ ដែលជា​ថ្ងៃ​រម្លឹក ដល់​ព្រឹត្តិការណ៍​សំខាន់ៗ​ទាំង ៣ ខាងលើនេះ គឺ​សុទ្ធតែ​ក្នុង គោលបំណង​តែមួយគត់ គឺ​ដើម្បី​ប្រជាជន និង​ប្រទេសជាតិ​កម្ពុជា​។ នោះ​គឺ រណសិរ្ស ២​ធ្នូ ឆ្នាំ​១៩៧៨ បាន​សង្គ្រោះ​ប្រជាជន​កម្ពុជា ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។ រីឯ​ថ្ងៃ​២​ធ្នូ ឆ្នាំ​១៩៨៧ ដែលជា​ថ្ងៃ​ចរចា​ដំបូង​រវាង​សម្តេច​ហ៊ុនសែន និង​សម្តេចព្រះ នរោត្តម សីហនុ នៅ​ប្រទេស​បារាំង ក៏​ដើម្បី​ស្វែងរក​ដំណោះស្រាយ​រហូត​ឈានដល់​ចុះ​កិច្ចព្រមព្រៀង​បញ្ចប់ ជម្លោះ​រវាង​ខ្មែរ និង​ខ្មែរ នា​ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១​។ ក៏​ដូចគ្នា​ដែរ ថ្ងៃ​២​ធ្នូ ឆ្នាំ​១៩៧៨ ជា​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស​.​ស​.​យ​.​ក ក៏ត្រូវ​បាន​រម្លឹក និង​បង្កើតឡើង ដើម្បី​ឲ្យ​ក្រុមយុវជន​នេះ ក្លាយជា​អ្នក​បន្តវេន​នូវ​បេសកកម្ម​របស់​ថ្នាក់ដឹកនាំ ក្នុងការ​ថែរក្សាការពារ​សន្តិភាព និង​បន្ត​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​៕ ដោយ​៖ ម៉េង​ឆៃ​