វេទិកា​អន្តរជាតិ​សេដ្ឋកិច្ច​ឌីជីថល​ត្រូវបាន​បើក​ដំណើរការ​នៅ​កម្ពុជា​

120

(​ភ្នំពេញ)៖ វេទិកា​អន្តរជាតិ​ស្តីពី​សេដ្ឋកិច្ច​ឌីជីថល​បាន​បើក​ដំណើរការ​កាលពី​រសៀល​ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ រាជធានី​ភ្នំពេញ ដោយ​មា​ការចូលរួម​ពី​ពាណិជ្ជករ​កម្ពុជា​និង​ចិន ជាច្រើនរូប​។​

ជាមួយ​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​នោះ សេដ្ឋកិច្ច​ឌីជីថល​និង​ជំនួញ​តាម​អន​ឡាញ បាននិងកំពុង​រីកលូតលាស់​នៅក្នុង​ឧស្សាហកម្ម​ផ្សេងៗ​នៅ​ពាសពេញ​ពិភពលោក ហើយ​ទាំង​ប្រទេស​អភិវឌ្ឍន៍​និង​កំពុងអភិវឌ្ឍន៍ កំពុង​ស្វែងរក​នូវ​ឱកាស​ថ្មី​នៅក្នុង​យុគសម័យ​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ​នេះ​។​

​លោក ហ្វ៊ូ សៀន​ធី​ង​( Fu Xianting)​ប្រធាន​ក្រុមហ៊ុន Common Development Group ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​អន្តរជាតិ​ស្តីពី​សេដ្ឋកិច្ច​ឌីជីថល​ថា រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​អនុវត្ត​នូវ​គោលនយោបាយ​សេដ្ឋកិច្ច​ទីផ្សារសេរី​ដែល​បើកចំហ​ចំពោះ​ពិភពលោក​ខាងក្រៅ សំដៅ​ធ្វើឱ្យ​បរិ​កា​យាស​វិនិយោគ​ក្នុងស្រុក​មាន​ភាពល្អប្រសើ​រ លើកកម្ពស់​ឯកជន​ភា​វូប​នីយកម្ម​សេដ្ឋកិច្ច និង​លើកស្ទួយ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។​ការលុបបំបាត់​ភាពក្រីក្រ គឺជា​អាទិភាព​កំពូល​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​។​ចាប់តាំងពី​គោលនយោបាយ​នេះ បាន​ត្រូវអនុវត្ត សេដ្ឋកិច្ច​របស់​កម្ពុជា បានល្អ​ប្រសើរ​បន្តិច​ម្តងៗ​។​

​លោក​បាន​បន្ថែមថា ជាមួយនិង ការអនុវត្ត​គំនិត​ផ្តួចផ្តើម​«​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​» ប្រទេស​ស្ទើរតែ​ទាំងអស់ កំពុង​ប្រឈម​នឹង​ឱកាស​និង​ការប្រកួតប្រជែង​ថ្មី​។​ស្របពេល​យុគសម័យ​បច្ចេកវិទ្យា​ចូលមក​ដល់ ប្រទេស​កម្ពុជា បាន​ចាប់យក​ឱកាស​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​សេដ្ឋកិច្ច​ឌីជីថល​។​

​លោក ហ្វ៊ូ បាន​បញ្ជាក់ថា ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ឌីជីថល នឹង​ជំរុញ​ឱ្យ​កម្ពុជា​ផ្តោតលើ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ឌីជីថល​។​នៅពេល​អនាគត តំបន់​សេដ្ឋកិច្ច​ពិសេស​ឌីជីថល​នឹង​អនុវត្ត​គម្រោង​មួយចំនួន​ដូចជា​គម្រោង​សូ​ហ្វ​វែ​រ ការទូទាត់​តាមរយៈ​ភាគី​ទី​បី​ការកម្សាន្ត​តាម​អន​ឡាញ ការទូទាត់​តាម​ទូរស័ព្ទ ធនាគារ​អេឡិចត្រូនិក និង​ការដូរ​លុយ​ឌីជីថល ។​​ក្នុងឱកាស​នោះដែរ លោក ហ្វ៊ូ សៀន​ធី​ង ក៏បាន​ណែនាំ​ដល់​ពាណិជ្ជករ​ចិន អំពី​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់ នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ទាក់ទាញ​វិនិយោគិន​ចិន​។​ជាមួយគ្នា​នោះដែរ លោក​ក៏បាន​អំពាវនាវ​ឱ្យ​ពាណិជ្ជករ​ចិន​មក​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​កសិកម្ម ទេសចរណ៍ និង​ឧស្សាហកម្ម​នាំចេញ​ជាដើម​៕​​ដោយៈ សុផល/sn

ចំណងជើង​រូបថត​៖​វេទិកា​អន្តរជាតិ​សេដ្ឋកិច្ច​ឌីជីថល​បើក​ដំណើរការ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​២៨ ខែ ធ្នូ ២០១៧(​រូប សុផល​)