វេស​ឡាញ ប្រគេន​ជូន​នូវ​ការបណ្តុះបណ្តាល​នូវ​ទម្លាប់​ល្អ​ទាំង​ប្រាំពីរ​ដល់​វិទ្យាល័យ សម្តេចព្រះ​មហាសង្ឃរាជ បួរ​គ្រី

1546
ចែករម្លែក
  • 94
    Shares

​ភ្នំពេញ​៖ ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប តាមរយៈ​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ​ដែល​បាន​នឹង​កំពុង​ប្រឹក្សា​យោបល់ និង​ការបណ្តុះបណ្តាល ដល់​សាលារៀន​ឯកជន និង គ្រឹះស្ថាន​ឯកជន​ដទៃទៀត នា​រសៀល​ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៧ បាន​ចុះ​អនុស្សា រណៈ យោគយល់​ក្នុងការ​ប្រឹក្សា​យោបល់​កម្មវិធី​អប់រំ​ដល់​វិទ្យាល័យ សម្តេចព្រះ​មហាសង្ឃរាជ បួរ​គ្រី និង​ប្រគេន​ជូន​នូវ​ការបណ្តុះបណ្តាល​នូវ​ទម្លាប់​ល្អ​ទាំង​ប្រាំពីរ​(The 7 Habits) តាមរយៈ​The Leader In Me Process ដែលជា​កម្មវិធី​មួយ​ទទួល​សិទ្ធ​ផ្តាច់មុខ​ពី​សហរដ្ឋអាមេរិក​តាម​រយៈ​ក្រុមហ៊ុន​Franklin Covey,Education ដល់​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​របស់​សម្តេច​ព្រះមហា​សង្ឃរាជ​ផងដែរ ។​

លោក ប៉ិច បូ​ឡែ​ន ប្រធាន​នាយក​ប្រតិបត្តិ​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​មានប្រសាសន៍ថា ចាប់តាំងពី​ក្រុមហ៊ុន​វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន​គ្រុប​ចាប់ផ្តើម​ដំណើរការ​ក្នុង​ឆ្នាំ​២០០៨ ការប្តេជ្ញាចិត្ត​មួយ​របស់​ក្រុមហ៊ុន​គឺ​ចង់ឱ្យ​បុគ្គលិក​និង​សិស្ស​ទាំងអស់​ចូលរួមចំណែក​ជួយ​ដល់​សង្គម​វិញ​តាមរយៈ​សកម្មភាព​សប្បុ​រសធម៌​ផ្សេងៗ​។​សកម្មភាព មួយ​ក្នុងចំណោម​សកម្មភាព​ទាំងនោះ​គឺ​ការផ្តល់​នូវ​កម្មវិធីសិក្សា​មួយ​ដែល​ពោ​ពេញ​ដោយ​គុណភាព​ដល់​កុមារ​ដែល​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​។​គោលបំណង​នៃ​សកម្មភាព​នេះ​គឺ​យើង​ចង់ឱ្យ​កុមារ​ទាំងនោះ​ទទួលបាន​នូវ​ការអប់រំ​មួយ​ដែល​ល្អ ក៏ដូចជា​ផ្តល់នូវ​ផល​វិជ្ជមាន​ដល់​សង្គម និង​បង្កើត​អ្នក​ដឹក​ក្នុង​ថ្ងៃ​អនាគត​ដែលមាន​ទំនួល​ខុសត្រូវ​ខ្ពស់​។​

លោក​ប្រធាន​នាយក​ប្រតិបត្តិ​វេស​ឡាញ​បានឱ្យដឹងថា Franklin Covey ជា​ក្រុមហ៊ុន​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​លោក​Stephen Covey អ្នកនិពន្ធ​សៀវភៅ​“7 Habits of Highly effective people”(​ទម្លាប់​ល្អ​ទាំង​៧​សម្រាប់​មនុស្ស​ឆ្នើម​)​ដែល​ល្បីល្បាញ​បំផុត​នៅក្នុង​ពិភពលោក​។ ជាង​១០​ឆ្នាំមុន​គាត់​និង​ក្រុមការងារ​បាន​បង្កើត​ក​ម្ម​វិធី​សិក្សា​The Leader in Me(TLIM)​ឡើង​ដើម្បី​ធានា​ឱ្យបាន​ថា​កូនចៅ​ជំនាន់​ក្រោយ​ទាំងអស់​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​សតវត្ស​ទី​២១​នេះ​។​កម្មវិធីសិក្សា​The Leader in Me ផ្តល់​ការផ្លាស់ប្តូ​រទាំង​សាលារៀន​បុគ្គលិក​សិស្សានុសិស្ស​និង​អាណាព្យាបាល​ឱ្យ​ឆ្ពោះទៅ​ការរីកចំរើន​ជារួម​។

កម្មវិធីសិក្សា​The Leader in Me ត្រូវបាន​សរសេរ​ឡើង​ដោយ​ការដាក់បញ្ចូល​ទម្លាប់​ល្អ​ទាំង​៧​ចូលក្នុង​កម្មវិធីសិក្សា​របស់​សាលា​។ កម្មវិធីសិក្សា​នេះ​មាន​និតិ​វិធី​មួយ​ដែល​ហៅថា “​ឃើញ​-​ធ្វើ​-​ទទួល​”​។ “​ឃើញ​” មានន័យថា​មើល​អ្វីៗ​ក្នុង​ផ្លូវ​ផ្សេងៗ​ទៀត រីឯ “​ធ្វើ​” មានន័យ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព និង “​ទទួល​” មានន័យថា​ទទួលបាន​នូវ​លទ្ធផល​ដែល​ថ្មី​ពី​ការអនុវត្ត​។​

​ការយល់ឃើញ​របស់​ក​ម្ម​វិធី​សិក្សា​The Leader in Me ផ្តោតទៅលើ​១. អ្នកណា​ក៏​អាច​ធ្វើជា​អ្នកដឹកនាំ​បានដែរ ។​២. ការផ្លាស់ប្តូរ​ចាប់ផ្តើម​ពី​ខ្លួន​យើង​ផ្ទាល់ ។​៣. មនុស្ស​គ្រប់គ្នា​មាន​ទេពកោសល្យ​រៀងៗ​ខ្លួន ,៤. អ្នក​អប់រំ​ផ្តល់​លទ្ធភាព​ឱ្យ​សិស្ស​ដឹង​ការសិក្សា​របស់គេ​ដោយ​ខ្លួនឯង និង ៥. អភិវឌ្ឍ​មនុស្ស​គ្រប់​វិស័យ​ទាំងអស់​។​

​កម្មវិធីសិក្សា​នេះ​នឹង​ជួយ​ឱ្យ​កុមារ​មាន​ភាពម្ចាស់ការ​លើ​ខ្លួនឯង ចេះ​កំណត់​គោលដៅ​វាសនា​ឱ្យ​ខ្លួនឯង ចេះ​ដាក់​ឥទ្ធិ​ភាព​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ គិត​បែប​ឈ្នះ​-​ឈ្នះ យល់​និង​គោរព​ការយល់ឃើញ​របស់​អ្នកដទៃ ចេះ​ធ្វើការ​ជា​ក្រុម និង​ចេះ​រៀបចំ​ឱ្យមាន​តុល្យភាព​ក្នុងការ​សិក្សា ការងារ និង​ការលេង​របស់​ពួកគេ​។​

​លោក​បាន​បញ្ជាក់ថា​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ (EDI) ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន​គ្រុប​នឹង​ផ្តល់​សិទ្ធិ​ក្នុងការ​ប្រើប្រាស់​កម្មវិធី​សិក្សា​“The Leader in Me” ដល់​វិទ្យាល័យ​សម្តេចព្រះ​មហាសង្ឃរាជ បួរ គ្រី​។​សិស្សានុសិស្ស​ទាំង​អស់នៃ​វិទ្យាល័យ​សម្តេចព្រះ​មហាសង្ឃរាជ បួរ គ្រី នឹង​ទទួលបាន​នូវ​កម្មវិធី​អប់រំ​នេះ​ដូច​សាលារៀន​ដទៃទៀត​នៅលើ​ពិភពលោក​ដែរ​។​

​វិទ្យាល័យ សម្តេចព្រះ​មហាសង្ឃរាជ​បួរ គ្រី​ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រពើ ឃុំ​ក្រាំង​ម្កាក់ស្រុក​អង់​ស្នួល​ខេត្តកណ្តាល ព្រះរាជាណាចក្រ​កម្ពុជា​។​ក្រោម​ការដឹកនាំ​របស់​សម្តេចព្រះ​មហាសង្ឃរាជ បួរ គ្រី បច្ចុប្បន្ន សាលា​ផ្តល់​ការអប់រំ​ដល់​សិស្សានុសិស្ស​ប្រមាណ ១២០០​នាក់ ដោយ​ឥតគិតថ្លៃ​ដើម្បី​សិក្សា​ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស ហើយ​សាលា​មាន​គម្រោង​ផ្តល់​ការអប់រំ​ដល់​សិស្ស​ចំនួន ៥០០០​នាក់ ក្នុង​រយៈពេល​៥​ឆ្នាំ ដោយមាន​សកលវិទ្យា​ល័យ​ផងដែរ​៕L ដោយៈ សុផល​