ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ បានចាប់ផ្តើមធ្វើសមយុទ្ធយោធានៅតាមបណ្តោយព្រំដែនវេណេស៊ុយអេឡាជាមួយប្រទេសកូឡុំប៊ី កាលពីថ្ងៃអង្គារ ដោយទាក់ទាញការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចំពេលជម្លោះកើនឡើងរវាងប្រទេសជិតខាងអាម៉េរិកខាងត្បូងទាំង២នេះ។
លោក នីកូឡា ម៉ាឌូ បានរងសម្ពាធកាន់តែខ្លាំងឡើងពីប្រទេសកូឡុំប៊ី និងសហរដ្ឋអាម៉េរិកដែលស្ថិតក្នុងចំណោមប្រទេសជាង៥០ ដែលគាំទ្រការខំប្រឹងប្រែងរបស់លោក ហ្ស័ន ក្វាយដូ អ្នកនយោបាយបក្សប្រឆាំងវេណេស៊ុយអេឡាក្នុងការទម្លាក់ប្រធានាធិបតីសង្គមនិយមរូបនេះ។ ពួកគេជំទាស់ប្រឆាំងថា ការបោះឆ្នោតឡើងវិញ របស់ លោក នីកូឡា ម៉ាឌូរ៉ូ កាលពីឆ្នាំ២០១៨ គឺ ជាការបោះឆ្នោតដែលមានការក្លែងបន្លំ។
ភាពតានតឹងបានកើនឡើងនៅពេលថ្មីៗនេះនៅពេលដែលកូឡុំប៊ីនិងវេណេស៊ុយអេឡាបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានផ្តល់ទីជម្រកដល់ក្រុមជនសកម្មប្រយុទ្ធប្រដាប់អាវុធនៅតាមព្រំដែនរបស់ពួកគេ ដែលកំពុងព្យាយាមផ្តួលរំលំរដ្ឋាភិបាលជិតខាងគ្នានេះ។
ជាការឆ្លើយតប លោក នីកូឡា ម៉ាឌូរ៉ូ បានដាក់កងទ័ពឱ្យមានការប្រុងប្រយ័ត្ននិងកោះប្រជុំក្រុមប្រឹក្សាការពារជាតិរបស់លោក។
លោក នីកូឡា ម៉ាឌូរ៉ូ បាននិយាយនៅលើទំនាក់ទំនងសង្គមTwitterថា “ពេលវេលានេះបានមកដល់ដើម្បីការពារអធិបតេយ្យភាពនិងសន្តិភាពជាតិរបស់យើងដោយប្រើប្រាស់ធនធាននិងសមត្ថភាពការពារជាតិរបស់យើងឱ្យបានខ្លាំងក្លា” ។
លោក Remigio Ceballos មេបញ្ជាការវេណេស៊ុយអេឡាបាននិយាយថា កងទ័ពប្រហែល១៥០.០០០ នាក់ នឹងធ្វើសមយុទ្ធរហូតដល់ថ្ងៃទី ២៨ ខែកញ្ញា៕ដោយ៖សុខា/sn
ទាហានចូលរួមធ្វើសមយុទ្ធនៅអាកាសយានដ្ឋានGarcia Heviaនៅទីក្រុងLa Fria ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃអង្គារ