ការនាំចេញប្រេងរបស់វេណេស៊ុយអេឡាបានថយចុះនិងងាកទៅរកឥណ្ឌា ចាប់តាំងពីការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកចាប់ផ្តើមពីថ្ងៃទី ២៨ ខែមករាខណៈក្រុមហ៊ុនប្រេងរដ្ឋ PDVSA បានព្យាយាមជំនួសការដឹកជញ្ជូនទៅអាមេរិកនិងអឺរ៉ុបដែលត្រូវបានរំខានដោយការរឹតបន្តឹងលើការទូទាត់។
ប្រទេសអាមេរិកខាងត្បូងមួយនេះកំពុងបង្វែរការផ្តោតសំខាន់របស់ខ្លួនទៅរកអ្នកទិញដែលបង់សាច់ប្រាក់សុទ្ធ ជាពិសេសនៅប្រទេសឥណ្ឌា ដែលជាអតិថិជនធំទី២របស់ខ្លួនបន្ទាប់ពីសហរដ្ឋអាមេរិក ចំពេលអាមេរិកដាក់ទណ្ឌកម្មដើម្បីកាត់បន្ថយការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ប្រធានាធិបតីវេណេស៊ុយអេឡាលោកនីកូឡាស ម៉ាឌូរ៉ូ។ ការដាក់ទណ្ឌកម្មនេះត្រូវបានរៀបចំឡើងដើម្បីរារាំងការទទួលបានប្រាក់ចំណូលពីប្រេងរបស់លោកម៉ាឌូរ៉ូ ដែលបានជួយរដ្ឋាភិបាលរបស់លោកបន្តក្តោបក្តាប់អំណាច។
យោងតាមទិន្នន័យ Refinitiv Eikon បានឱ្យដឹងថា ក្នុងរយៈពេលពីរសប្ដាហ៍ចាប់តាំងពីការដាក់ទណ្ឌកម្មត្រូវបានប្រកាស ក្រុមហ៊ុន PDVSA អាចដឹកជញ្ជូននិងនាំចេញប្រេងឆៅនិងផលិតផលប្រេងចម្រាញ់រួច ១,១៥ លានបារ៉ែលក្នុងមួយថ្ងៃ។ យោងតាមទិន្នន័យរបស់ Refinitiv Eikon វេណេស៊ុយអេឡាបានរំពឹងនាំចេញ ១,៤ លានបារ៉ែលក្នុងរយៈពេលប៉ុន្មានខែមុនការដាក់ទណ្ឌកម្ម។
នាវាដឹកប្រេងធំៗចំនួនពីរឈ្មោះ Baghdad និង Folegandros I បានចេញដំណើរការកាលពីយប់ថ្ងៃចន្ទពីស្ថានីយ Jose របស់វេណេស៊ុយអេឡា ដោយដឹកទំនិញទៅកាន់កំពង់ផែឥណ្ឌា។
ទិន្នន័យតាមដាននាវារបស់ Refinitiv បានបង្ហាញ នាវាដឹកប្រេងជាច្រើនទៀតបានដឹកប្រេងឆៅឬប្រេងឥន្ធនៈវេណេស៊ុយអេឡាទៅកាន់អាស៊ី ប៉ុន្តែទិសដៅចុងក្រោយនៃនាវាទាំងនោះគឺដឹងមិនច្បាស់ទេ៕ ដោយ៖ កញ្ញាដាលីស