វេ​ណេ​ស៊ុយ​អេ​ឡា​ជា​ក្តី​អាម៉ាស​មួយទៀត​សម្រាប់​ការទូត​សេដ្ឋកិច្ច​របស់​ចិន​

603
ចែករម្លែក
  • 832
    Shares

​ចិន​និង​វេ​ណេ​ស៊ុយ​អេ​ឡា​ហាក់បីដូចជា​មិត្ត​រួម​គ្រែ​តែមួយ​តាំងពី​អើយ ដោយ​មួយ​គឺជា​អ្នក​នាំចូល​ប្រេង​ឆៅ​កំពូល​លើ​ពិភពលោក និង​មួយទៀត​មាន​ប្រេង​បម្រុង​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក​។​

​ប៉ុន្តែ​ការធ្លាក់​ចូលក្នុង​វិបត្តិ​របស់​វេ​ណេ​ស៊ុយ​អេ​ឡា​ស្របពេល​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​និង​មេដឹកនាំ​ប្រឆាំង​លោក​ហ្វ័​ន ក្វា​យ​ដូ​កំពុង​ប្រជែង​គ្នា​កាន់កាប់​ប្រទេស​ខណៈដែល​សេដ្ឋកិច្ច​កំពុង​ដួលរលំ​នោះ បានធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​ការប្រថុយប្រថាន​របស់​ចិន​ក្នុងការ​វិនិយោគ ៦០ ពាន់​លាន​ដុល្លារ​នៅ​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ​។​

អំឡុង​១​ទសវត្សរ៍​មកនេះ​ចិន​បានផ្តល់​ឥណទាន ៦០ ពាន់​លាន​ដល់​វេ​ណេ​ស៊ុយ​អេ​ឡា

​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានផ្តល់​ឥណទាន​យ៉ាងច្រើន​ដល់​រដ្ឋាភិបាល​ក្រុង​កា​រ៉ា​កាស​សម្រាប់​ការដឹកជញ្ជូន​ប្រេង​និង​កិច្ចព្រមព្រៀង​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅក្នុង​អ្វីដែល​ចិន​លើកឡើងថា​ជា “​ទំនាក់ទំនង​ផ្តល់​ប្រយោជន៍​ទៅវិញទៅមក​”​។​

​ប៉ុន្តែ​វេ​ណេ​ស៊ុយ​អេ​ឡា​បាន​រង​ផលប៉ះពាល់​ខ្លាំង​ដោយ​វិបត្តិ​សេដ្ឋកិច្ច​និង​អតិផរណា​ដ៏​សែន​ខ្ពស់ ខណៈដែល​ប្រជាជន​រាប់លាន​នាក់​កំពុង​ទទួលរង​នូវ​កង្វះខាត​របស់​ប្រើប្រាស់​ចាំបាច់​ដូចជា​អាហារ​និង​ឱសថ ហើយ​ទិន្នផល​ប្រេង​ដ៏​សំខាន់​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​បី​ទសវត្សរ៍​មកនេះ​។​

​លោកស្រី ម៉ា​ហ្គា​រ៉េត មេ​យើ នាយក​កម្មវិធី​អាស៊ី​និង​អាមេរិក​ឡាទីន​នៅ​មណ្ឌល​សន្ទនា​អន្តរ​អាមេរិក ដែលជា​ក្រុមប្រឹក្សា​យោបល់​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​និយាយថា “​រឿងរ៉ាវ​របស់​វេ​ណេ​ស៊ុយ​អេ​ឡា​គឺជា​រឿង​សំខាន់​។ បណ្តា​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​នេះ​សំដៅ​ជាទូទៅ​ថា​វេ​ណេ​ស៊ុយ​អេ​ឡា​គឺជា​រឿងរ៉ាវ​គួរ​ប្រុងប្រយ័ត្ន នៅពេល​កំណត់​ពី​របៀប​ដែល​ល្អ​បំផុត​ដើម្បី​ទាក់ទង​ជាមួយ​ចិន​”​។​

​ស្ថានភាព​នេះ​ក៏​កំពុង​គ្រប​ស្រមោល​ខ្មៅ​មកលើ​គម្រោង “​ក្រវាត់​និង​ផ្លូវ​” តម្លៃ​១​លាន​លាន​ដុល្លារ ដែលជា​គំនិត​ផ្តួចផ្តើម​របស់​ចិន​ដើម្បី​ផ្តល់​ប្រាក់កម្ចី​ឬ​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​និង​គម្រោង​ដទៃទៀត​នៅក្នុង​ប្រទេស​ជាច្រើន​។​

​ក្រុម​អ្នក​រិះគន់​និយាយថា​គម្រោង​នេះ​គឺជា​អន្ទាក់​បំណុល​ដាក់​លើ​ប្រទេស​នានា ដែល​ធ្វើឱ្យ​ពួកគេ​មិនអាច​សង​វិញ​បាន ដូច្នេះ​ចិន​នឹងមាន​ឥទ្ធិពល​លើ​ប្រទេស​ទាំងអស់នោះ​។​

​លោក​បេន​ចា​មីន ហ្គេ​ដាន់ ទីប្រឹក្សា​ជាន់ខ្ពស់​នៅ​កម្មវិធី​អាមេរិក​ឡាទីន​របស់​ម​ជ្ឈ​មណ្ឌល​វី​ល​សុន បាន​និយាយថា “​ដោយ​ដើរតួនាទី​យ៉ាងសំខាន់​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា ប្រទេស​ចិន​ឥឡូវ​បានផ្តល់​ភស្តុតាង​យ៉ាងច្បាស់​ក្រឡែត​សម្រាប់​ការលើកឡើង​របស់​រដ្ឋា​ភិ​បាល​អាមេរិក​ដែលថា ការផ្តល់​ហិរញ្ញប្បទាន​របស់​ប៉េកាំង​នឹង​រឹត​ធ្វើឱ្យមាន​អំពើពុករលួយ​និង​ធ្វើឱ្យ​អ្នក​ខ្ចីលុយ​នៅ​បណ្តា​សេដ្ឋកិច្ច​ទីផ្សារ​កំពុង​លេចធ្លោ​ជាប់​ក្នុង​អន្ទាក់​បំណុល​ពិតប្រាកដ​មែន​”៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ ដេលី​មែ​ល​