វេ​ណេ​ស៊ុយ​អេ​ឡា​ដំឡើង​ប្រាក់​ឈ្នួល នៅមុន​ការផ្លាស់ប្តូរ​រូបិយវត្ថុ​ទាំងស្រុង​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​

895
ចែករម្លែក

​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ បាន​ដំឡើង​ប្រាក់​ឈ្នួល​ជា​លើក​ទី ៥ នៅ​ឆ្នាំ​នេះហើយ​បាន​និយាយថា​គាត់​ចង់​ដំឡើង​តម្លៃ​ដល់​រូបិយវត្ថុ​អេ​ឡិច​ត្រូ​និ​ច​ថ្មី​របស់​ប្រទេស ដែលជា​ផ្នែក​មួយ​នៃ​កញ្ចប់​វិធានការ​នានា ដែល​អ្នកសេដ្ឋកិច្ច​និយាយថា​ទំនងជា​បង្កើនល្បឿន​អតិផរណា​។​

​លោក​ម៉ា​ឌូ​រ៉ូ​បានធ្វើការ​ប្រកាស​បែបនេះ​នៅក្នុង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​សុក្រ​ទី​១៧​សីហា នៅមុន​ការផ្លាស់ប្តូរ​រូបិយវត្ថុ​ទាំងស្រុង​នៅ​សប្តាហ៍​ក្រោយ ដែល​នឹង​ឃើញ​លេខ​សូន្យ ៥ ខ្ទង់​ត្រូវបាន​លុប​ចេញពី​រូបិយវត្ថុ​បូ​លី​វ៉ា (Bolivar) ក្នុង​គោលបំណង​ប្រយុទ្ធ​ប្រឆាំងនឹង​ការព្យាករណ៍​អំពី​អតិផរណា​ដោយ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ (IMF) ដែលថា​វា​នឹង​ឡើងដល់ ១.០០០.០០០ ភាគរយ​ក្នុងឆ្នាំនេះ​។​

​លោក​ម៉ា​ឌូ​រ៉ូ​បានកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំខែ​ថ្មី​របស់ខ្លួន​ចំនួន ១.៨០០ បូ​លី​វ៉ា គិត​ជា​រូបិយវត្ថុ​ថ្មី​ដែល​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃ​ចន្ទ ទី​២០ សីហា​។ នោះ​គឺជា​ការកើនឡើង ៣៣០០ ភាគរយ​លើ​ប្រាក់​ឈ្នួល​ត្រឹមតែ ៥ លាន​បូ​លី​វ៉ា ដែល​បានកំណត់​កាលពី​ខែមិថុនា​ជាមួយ​រូបិយវត្ថុ​ចាស់ ប៉ុន្តែ​នៅតែមាន​តម្លៃ​ប្រហែល ៣០ ដុល្លារ​ក្នុង​អត្រា​ទីផ្សារងងឹត ដែល​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​។​

​ដោយ​រឹត​បន្ថែម​ការភ័ន្តច្រឡំ គាត់​បាន​និយាយថា គាត់​ចង់​ដំឡើង​ប្រាក់​ឈ្នួល តម្លៃ​រូបិយវត្ថុ និង​ប្រាក់​សោធន​និវត្តន៍​គិត​ជា​លុយ​ប៉េ​ត្រូ (Petro) ដែលជា​លុយ​អេ​ឡិច​ត្រូ​និ​ច​ប្រកាស​កាលពី​ខែកុម្ភៈ ប៉ុន្តែ​មិនទាន់បាន​ចាប់ផ្តើម​ចរាចរ​ទេ​។ លោក​បាន​និយាយថា ១ ប៉េ​ត្រូ​នឹងមាន​តម្លៃ​ស្មើ ៦០ ដុល្លារ​អាមេរិក ឬ ៣៦០០ បូ​លី​វ៉ា ជាមួយ​គោលដៅ​នៃ​ការផ្លាស់ប្តូរ​ទៅរក​អត្រា​ប្តូរប្រាក់ “​អណ្តែត​” នៅពេល​អនាគត ដែល​ទាក់ទង​នឹង​រូបិយវត្ថុ​ឌីជីថល​នេះ​។​

​មេដឹកនាំ​សង្គមនិយម​សម្បូរ​បញ្ហា​រូបនេះ​កំពុង​ព្យាយាម​ជួយសង្គ្រោះ​សេដ្ឋកិច្ច​របស់​ប្រទេស​សមាជិក​អង្គការ OPEC មួយ​នេះ​ពី​ការ​រកកល់​ដួលរលំ ដោយ​ខំប្រឹង​ទប់ទល់​នឹង​ការដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ​ពី​សហរដ្ឋអាមេរិក វិបត្តិ​បំណុល​បរទេស និង​ការធ្លាក់ចុះ​ផលិតកម្ម​ប្រេង​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​ឃើញ​តាំងពី​ទសវត្សរ៍ ១៩៤០​។ កង្វះខាត​ស្បៀងអាហារ​និង​ឱសថ​ក៏ដូចជា​ការ​ដាច់​ចរន្តអគ្គិសនី​ដែល​បានធ្វើឱ្យ​ទីក្រុង​ធំ​លំដាប់​ទី ២ របស់​ប្រទេស​នេះ​ស្ថិតនៅក្នុង​ភាព​ងងឹត​កាលពី​សប្តាហ៍​មុន កំពុង​បង្កើន​ភាព​តានតឹង​ក្នុងសង្គម​។​

​លោក​ម៉ា​ឌូ​រ៉ូ​ធ្លាប់បាន​អះអាង​ជា​យូរ​មកហើយ​ថា​វិបត្តិ​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​គឺជា​ផលវិបាក​នៃ “​សង្គ្រាម​សេដ្ឋកិច្ច​” ដែល​បង្កឡើង​ដោយ​ពួក​ប្រទេស​សត្រូវ និង សហរដ្ឋអាមេរិក ហើយ​លោក​បាន​យកពាក្យ​ដដែល​មក​និយាយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ផងដែរ​។

​លោក​ម៉ា​ឌូ​រ៉ូ​និយាយថា “​រដ្ឋាភិបាល​អាមេរិក​បាន​កំពុង​ធ្វើសង្គ្រាម​តាម​វិធី​ជាច្រើន​ដើម្បី​បញ្ឈប់​សាធារណរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា​ពី​ការបញ្ជាទិញ​ជា​អន្តរជាតិ និង​ខ្ទប់​ដង្ហើម​យើង​នៅលើ​ឆាក​អន្តរជាតិ​”៕ ដោយ៖ កញ្ញាដាលីស

បុគ្គលិក​ពេទ្យ​វេ​ណេ​ស៊ុយ​អេ​ឡា​តវ៉ា​រឿង​ប្រាក់បៀវត្សរ៍​ទាប​ហៅ​លែង​ឮ​កាលពី​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ