វេ​នេ​ស៊ុយ​អេ​ឡា​ចាប់ខ្លួន​អ្នកគ្រប់គ្រង​ហាង​៣៤​នាក់ ចំពោះ​ការដំឡើង​ថ្លៃទំនិញ​

2856
ចែករម្លែក

ប្រធានាធិបតីវេនេស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២០កញ្ញាថា អ្នកគ្រប់គ្រងផ្សារទំនើប៣៤នាក់ត្រូវបានចាប់ខ្លួននិងនាំទៅដាក់គុកចំពោះការដំឡើងទំនិញនិងស្បៀងអាហារមិនសមហេតុផល។

វាជាការបង្រ្កាបចុងក្រោយមួយទៀតលើបណ្តាស្ថាប័នជំនួញខណៈប្រទេសកំពុងប្រវេសប្រវាសក្រោយសម្ពាធសេដ្ឋកិច្ចធ្ងន់ធ្ងរ។

ក្នុងការថ្លែងតាមទូរទស្សន៍រដ្ឋ លោកម៉ាឌូរ៉ូបាននិយាយថា”យើងបានចាប់ពួកអ្នកគ្រប់គ្រង់ផ្សារទំនើបមួយក្រុមដែលលាក់ទុកនិងដំឡើងថ្លៃទំនិញ ។យើងបានចោទប្រកាន់ពួកគេ។មានអ្នកគ្រប់គ្រងផ្សារធំៗចំនួន៣៤នាក់កំពុងនៅក្នុងគុកដោយសាររំលោភច្បាប់”។

កាលពីខែមុន លោកម៉ាឌូរ៉ូ បានប្តេជ្ញាធ្វើអោយសេដ្ឋកិច្ចរបស់ប្រទេសសំបូរប្រេងនេះសកម្មឡើងវិញ ក្រោយពីរងមហាអតិផរណានិងការខ្វះស្បៀងអាហារមូលដ្ឋាន ដោយបានបញ្ជាអោយដំឡើងប្រាក់ខែ៦០ដង និងបញ្ចុះថ្លៃរូបិយបណ្ណ៩៦ភាគរយ។

រដ្ឋាភិបាលបាននិយាយថា ខ្លួនធានារ៉ាប់រង៣ខែដំបូង ដូច្នេះបណ្តាក្រុមហ៊ុនកុំដំឡើងថ្លៃទំនិញ ទោះជាក្រុមប្រឆាំងវាយតំលៃអតិផរណាប្រចាំឆ្នាំមានចំនួន២សែនភាគរយក្តី។

ពួកអ្នកសេដ្ឋកិច្ចនិយាយថា កំណែទំរង់របស់លោកម៉ាឌូរ៉ូ នឹងមិនដោះស្រាយបញ្ហាឬសគល់របស់វេនេស៊ុយអេឡាទេ ដូចជាការត្រួតត្រារូបិយបណ្ណនិងការបង្កើតប្រាក់ច្រើនហួសហេតុ ដែលតាមពិតវាបង្កអោយសេដ្ឋកិច្ចបាត់លំនឹងទៅវិញ។តែលោកម៉ាឌូរ៉ូ នៅតែអួតអំពីវិធានការរបស់លោក ដោយថា ការដំឡើងប្រាក់ខែបានប្រព្រឹត្តទៅដោយរលូននិងថាអាជ្ញាធរលែងបោះពុម្ពក្រដាសប្រាក់ច្រើនៗទៀតហើយ៕ដោយ៖វាសនា

វេនេស៊ុយអេឡាបោះពុម្ពលុយចេញយ៉ាងច្រើនដើម្បីទូទាត់ការដំឡើងប្រាក់ខែដល់ទៅ៦០ដងចំពេលទំនិញឡើងថ្លៃកប់ពពក

ម៉ាឌូរ៉ូ បន្ទោសបណ្តាក្រុមហ៊ុននិង”ពួកម៉ាហ្វីយ៉ា” នៅក្នុងប្រទេសកូឡុំប៊ីក្បែរខាងចំពោះការខ្វះខាតសាច់ប្រាក់