វេ​នេ​ស៊ុយ​អេ​ឡា​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ និង​កំពុង​សង្ឃឹមលើ​ចិន​អោយជួយ​

710
ចែករម្លែក

ប្រធានាធិបតីវេនេស៊ុយអេឡា កាលពីថ្ងៃពុធទី១២កញ្ញាបានចាកចេញដំណើរមកកាន់ប្រទេសចិន ក្នុងការស្វះស្វែងរកកិច្ចព្រមព្រៀងសំរាប់ជំរុញសេដ្ឋកិច្ចដែលកំពុងដួលរលំរបស់ប្រទេសនាំចេញប្រេងនៅអាមេរិកកណ្តាលមួយនេះ។

ដំណើរមកកាន់ចិនជាដំណើរចេញក្រៅប្រទេសលើកទី១សំរាប់លោកម៉ាឌូរ៉ូចាប់តាំងពីលោកត្រូវបានដ្រូនវាយប្រហារនៅពិធីព្យុហយាត្រាកងទ័ពមួយនៅក្រុងការ៉ាកាសកាលពីថ្ងៃ៤សីហា

មុនចេញដំណើរលោកនីកូឡាស ម៉ាឌូរ៉ូបាននិយាយតាមទូរទស្សន៍ជាតិថាដំណើរទស្សនកិច្ចនេះ”មានភាពចាំបាច់ណាស់ ជាឱកាសខ្លាំងណាស់និងពោរពេញដោយការរំពឹងទុកដ៏សែនធំ។យើងកំពុងចាកចេញក្រោមលក្ខខណ្ឌប្រសើរឡើង ក្រោមកម្មវិធីធ្វើអោយសេដ្ឋកិច្ចរើបរើ មានកំណើនឡើងវិញនិងវិបុលភាព។យើងនឹងប្រសើរឡើង ពង្រីកទំនាក់ទំនងនិងធ្វើអោយវាស៊ីជំរៅឡើងជាមួយមហាអំណាចពិភពលោកមួយនេះ”។

ការអះអាងរបស់លោកម៉ាឌូរ៉ូ យ៉ាងដូច្នេះ កើតឡើងក្រោយពីអនុប្រធានាធិបតីចិន លោកវ៉ាង គីសាន បាននិយាយកាលពីថ្ងៃពុធថា ចិនត្រៀមធ្វើការជាមួយវេនេស៊ុយអេឡា ដើម្បីការពារផលប្រយោជន៍ប្រទេសកំពុងអភិវឌ្ឍន៍។

លោកវ៉ាងបានអះអាងយ៉ាងដូច្នេះក្នុងពេលជួបអនុប្រធានាធិបតីវេនេស៊ុយអេឡា លោកស្រី ដែលស៊ី រ៉ូឌ្រីហ្គេហ្ស៍ នៅក្រុងប៉េកាំង។

សូមបញ្ជាក់ថា ចិននិងវេនេស៊ុយអេឡា បានរក្សាទំនាក់ទំនងមិត្តភាពយូរលង់មកហើយជាមួយនឹងផលប្រយោជន៍ទៅវិញទៅមកនិងប្រព្រឹត្តលើគ្នាក្នុងលក្ខណៈស្មើភាព៕ដោយ៖វាសនា