វ៉ាន់ វឿន ជួប​ជាមួយ អ្នក​ប្រដាល់​ជើងចាស់​ថៃ កាំ​ឡៃ យុក​

250
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លើស​ង្វៀន​អ្នក​ប្រយុទ្ធ​កំពូល​ថាមពល Champion របស់​អាស៊ីអាគ្នេយ៍ យប់​ថ្ងៃទី​១១ សីហា អ្នក​ប្រដាល់​កម្ពុជា វ៉ាន់ វឿន ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើងចាស់​ថៃ កាំ​ឡៃ យុក (Kamlai Yuk) ។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ កាំ​ឡៃ យុក ធ្លាប់​មក​ប្រកួត នៅ​ស្រុក​ខ្មែរ​ញឹកញាប់​ណាស់​។ ជាមួយគ្នានេះ មាន​អ្នក​ប្រដាល់​ខ្លាំងៗ​កម្ពុជា មិនតិច​នាក់​ទេ ដែល​ត្រូវ​អ្នក​ប្រដាល់​រូបនេះ ផ្ដួល​បាន តែ​អ្នក​ប្រដាល់​រូបនេះ ក៏​ធ្លាប់​ទទួល​បរាជ័យ ដោយសារ​អ្នក​ប្រដាល់​កម្ពុជា ច្រើន​នាក់​ដែរ ។​

វ៉ាន់ វឿន និង កាំ​ឡៃ យុក​

​អ្នក​ប្រដាល់​ថៃ​រូបនេះ ខានមក​ប្រកួត នៅ​ស្រុក​ខ្មែរ មួយរយៈ​ហើយៗ ការវិល​មកកាន់ សង្វៀន​អាស៊ីអាគ្នេយ៍ លើក​នេះ មិនដឹងថា គេ​នៅ​ខ្លាំង​ដូច​មុន ឬក៏​យ៉ាងណា​ឡើយ​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៩៤​ដង ឈ្នះ​៧៦​ដង ចាញ់​១៧​ដង និង​ស្មើ​ពិន្ទុ ១​ដង ។​

​អ្នក​ប្រដាល់​កម្ពុជា វ៉ាន់ វឿន វិញ គេ​ជា​ម្ចាស់​មេដាយសំរិទ្ធ ស៊ី​ហ្គេម​លើក​ទី​២៩ ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី ។ វ៉ាន់ វឿន គេ​មាន​ផ្លែ​វ៉ៃ​ល្អ​ទាំងអស់ ជង្គង់ កណ្ដាប់ដៃ កែង ទាត់​រហ័ស និង​ពូកែ​ការពារ​ទៀតផង តែ​ជើង​ក្រោម របស់គេ ជ្រាយ​បន្តិច ។ អ្នក​ប្រដាល់​រូបនេះ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨១​ដង ឈ្នះ​៦៥​ដង ចាញ់​១៤​ដង និង ស្មើ​ពិន្ទុ​២​ដង ។ ជំនួប​រវាង​អ្នក​ប្រដាល់ ទាំង ២ រូបនេះ មិនដឹងថា នរណា ឈ្នះ​នោះឡើយ ។​

ឡុង សំណាង និង ខាយ វ៉ាន់​ឡេ​ន​

​ឡុង សំណាង ក្លិប​សាល​វ័​ន្ដ​កីឡា ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ខាយ វ៉ាន់​ឡេ​ន (Khay Wanlen) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម​។ សំណាង ជា​អ្នក​ប្រដាល់ ជើង​ខ្លាំង​មួយរូប ដែល​មិន​ស្រួល​បង្ក្រាប​ឡើយ ។ ការ​វ៉ៃ​ចេញ​របស់គេ​ធ្ងន់ តែ​អ្នក​ប្រដាល់​រូបនេះ មិនសូវ​ជា​ពូកែ​ការពារ​ឡើយ ។ សំណាង គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៩៥​ដង ឈ្នះ​៨១​ដង ចាញ់​១១​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។​

​ចំពោះ ខាយ វ៉ាន់​ឡេ​ន នេះ​ជា​លើកដំបូង​ហើយ ដែល​គេ​មក​ប្រកួត នៅ​ស្រុក​ខ្មែរ មិនដឹងថា គេ​មាន​សមត្ថភាព ប៉ុនណា​ឡើយ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៩​ដង ឈ្នះ​៦២​ដង ចាញ់​១៦​ដង និង​ស្មើ​ពិន្ទុ ១​ដង ។ ជំនួប​មួយ​នេះ នរណា ជា​អ្នកឈ្នះ ?​។​

​ជំនួប​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ថុល ថេ​ង សមាគម​ប្រដាល់ ក្រសួងកសិកម្ម ប្រកួត​ជាមួយ សួរ ចាន់​រាជ ក្លិប​តា​ព្រហ្ម​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម ។ ធន អៀង​ឡេង ក្លិប​កងយោធពល​ខេមរភូមិន្ទ ប្រកួត​ជាមួយ អ្នក​ប្រដាល់ ខេ​ម ចាន់​ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១​ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ៕v

ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​