វ៉ាន់ វឿន សង្ឃឹម​បន្ត​ឈ្នះ ឯ សេន កុសល ចូលខ្លួន​ជំនួស ម៉ន សា​ម៉េ​ត​

470
ចែករម្លែក

ដោយៈ រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍​ខ្សែក្រវាត់ ខា​រ៉ា​បាវ ទម្ងន់​៥៧​គីឡូក្រាម លើស​ង្វៀន​អាស៊ីអាគ្នេយ៍ នៅ​រសៀល ថ្ងៃទី​២៦ មករា ខាងមុខនេះ អ្នក​ប្រដាល់ សេន កុសល ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ បាន​ចូលខ្លួន​ជំនួស ម៉ន សា​ម៉េ​ត ក្លិប​កងចក្រ​រាជសីហ៍ ដែល​ដកខ្លួន​ចេញ ពី​ការប្រកួត​នេះ ។​

​សា​ម៉េ​ត ដកខ្លួន​ចេញ បន្ទាប់ពី​ឆ្លងកាត់​បាន​មួយ​ប្រកួត ដោយ​ទទួលបាន​ជ័យជំនះ លើ​អ្នក​ប្រដាល់​ថៃ យ៉​ត វណ្ឌី (Yorth Vandy) ដោយ​ពិន្ទុ​នោះ ។

​លោក ញាន សុធី អ្នកគ្រប់គ្រង​កម្មវិធី ប្រដាល់​របស់​អាស៊ីអាគ្នេយ៍ បាន​និយាយថា ជាមួយនឹង​ការដកខ្លួន​ថយ​នេះ ជ័យជំនះ​មួយ​ប្រកួត​ដំបូង របស់ សា​ម៉េ​ត ត្រូវប្រគល់​ឲ្យ សេន កុសល ។​

​នៅ​ថ្ងៃទី​២៦ មករា​នេះ កុសល ត្រូវ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ឌឹ​ក គែន (Deuk Ken) ។ ឌឹ​ក គែន មិនមែនជា​អ្នក​ប្រដាល់ ដែល​អស្ចារ្យ​ណាស់ណា​ទេ ។ មួយ​ប្រកួត​ដំបូង​របស់គេ ជួប​បរាជ័យ តែ​សម្រាប់​ជំនួប​លើក​នេះ មិនទាន់​ដឹងថា គេ​អាច​យកឈ្នះ កុសល បាន​ឬក៏​យ៉ាងណា​ឡើយ ។​

​កុសល ពេលខ្លះ គេ​វ៉ៃ​អន់​មែនទែន តែ​ពេលខ្លះ គេ​វ៉ៃ​បានល្អ​ឥតខ្ចោះ​តែម្ដង ។ គេ​ជា​អ្នក​ប្រដាល់ ដែល​ប្រើ​ជើង ទាត់​បានល្អ តែ​ចិត្ត​របស់គេ មិនសូវ​ជាធំ​ឡើយ ។ អ្នក​ប្រដាល់​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៤​ដង ឈ្នះ​៥០​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ​២ ដង ។​

សេន កុសល និង ឌឹ​ក គែន​

​ចំពោះ ឌឹ​ក គែន គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦០​ដង ឈ្នះ​៤៨​ដង ចាញ់​១២​ដង ។ សេន កុសល ប្រសិនបើ​គេ​ឈ្នះ គេ​នឹង​ទទួលបាន ៣ ពិន្ទុ​បន្ថែមទៀត ។ នរណា មាន​សមត្ថភាព ដណ្ដើម​ជ័យជំនះ ? ។​

​វ៉ាន់ វឿន ក្លិប​ឃ្លាំងមឿង​កីឡា ដែល​ការប្រកួត​ដំបូង របស់គេ ផ្ដួល​គូប្រកួត ឲ្យ​សន្លប់​នៅ​ទឹក​ទី​៣​នោះ កំពុង​តែមាន​ជំនឿ​ចិត្ត​ថា គេ​នឹង​បន្ត​ឈ្នះ​ទៀត ជាមិនខាន​ឡើយ នៅក្នុង​ជំនួប​ជាមួយ អ្នក​ប្រដាល់​ថៃ យ៉​ត វណ្ឌី (Yorth Vandy) ។​

​វ៉ាន់ វឿន មាន​ប្រវត្តិ​ប្រកួត ចំនួន​៧០​ដង ឈ្នះ​៥៦​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ​២ ដង ។ ចំពោះ យ៉​ត វណ្ឌី គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧១​ដង ឈ្នះ​៥៨​ដង និង​ចាញ់​៣​ដង ។ អ្នក​ប្រដាល់​ថៃ​រូបនេះ កណ្ដាប់ដៃ​ធ្ងន់ ឯ វ៉ាន់ វឿន មាន​កែង និង​ជង្គង់ រហ័ស​ណាស់ ។ នរណា មាន​សមត្ថភាព រកបាន ៣ ពិន្ទុ ? ៕v

វ៉ាន់ វឿន និង យ៉​ត វណ្ឌី​