វ៉ាលិស​លើស​ទម្ងន់​គេ​មិន​អនុញ្ញាតឱ្យ​ឡើង​យន្តហោះ នាង​សម្រេចចិត្ត​យក​ខោអាវ​២,៥​គីឡូក្រាម​ដែល​លើស​យកមក​ស្លៀកពាក់​

425
ចែករម្លែក

​បើកាលណា​ទាល់ច្រក​ហើយ ត្រូវតែ​រក​វិធី​ដោះស្រាយ ទោះបី​ត្រូវ​ប្រថុយ​មើលទៅ​ដូចជា​មនុស្ស​ឆ្កួត​នៅ​កណ្តាល​ទីសាធារណៈ​ក៏ដោយ​។

​រូបថត​ដែល​ចែករំលែក​ដោយ​ស្ត្រី​ម្នាក់​នៅក្នុង​ប្រទេស​ហ្វីលីពីន​បាន​ល្បី​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ព្រោះ​វា​បង្ហាញ​នាង​ស្លៀកពាក់​ខោអាវ​ដែល​លើស​ចំណុះ នៅពេល​វ៉ាលិស​របស់​នាង​ត្រូវគេ​បដិសេធ​ព្រោះតែ​ផ្ទុក​ធ្ងន់​ពេក​។

​ផុស​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​មាន​គេ​ចុច​ចែករំលែក ១៧.០០០ ដង​។

​នៅលើ​ផុស​ហ្វេ​ស​ប៊ុ​ក​របស់​នាង​នៅ​ថ្ងៃ​សៅរ៍​ទី​១២​តុលា​នេះ នាង​ជែ​ល រ៉ូ​ឌ្រី​ហ្គេ​ស បាន​រៀបរាប់​លម្អិត​ពី​របៀប​ដែល​បុគ្គលិក​ផ្នែក​ត្រួតពិនិត្យបាន​ជូនដំណឹង​មក​នាង​ថា វ៉ាលិស​អាច​អនុញ្ញាតឱ្យ​ផ្ទុក​ទម្ងន់​ត្រឹម ៧ គីឡូក្រាម​ប៉ុណ្ណោះ ខណៈ​វ៉ាលិស​របស់​នាង​ផ្ទុក​ដល់ ៩ គីឡូក្រាម​។

​ជំនួស​ឱ្យ​ការ​បង់លុយ​សម្រាប់​ការផ្ទុក​ទម្ងន់​លើស នាង​រ៉ូ​ឌ្រី​ហ្គេ​ស​បានធ្វើ​រឿង ដែល​មនុស្ស​ភាគច្រើន​អាច​នឹងធ្វើ​ដែរ​ក្នុងស្ថានភាព​បែបនេះ ប្រសិនបើ​យើង​មាន​ភាពក្លាហាន​ដូច​នាង​។ នាង​បាន​ស្លៀកពាក់​ខោអាវ​ដែល​លើស​នោះ​ទាំងអស់​។

​នេះ​មានន័យថា​នាង​បាន​ស្លៀកខោ​៣ ពាក់អាវ​៥ និង​អាវ​ក្រៅ​មួយចំនួន​។ វ៉ាលិស​របស់​នាង​នៅសល់​ទម្ងន់​ត្រឹម ៦,៥ គីឡូក្រាម​។ ដោយ​រើ​ខោអាវ​ចេញ​អស់​កាត់បន្ថយ​ទម្ងន់​វ៉ាលិស​បាន​ជោគជ័យ នាង​បាន​បង្អួត​រូបរាង​ថ្មី​របស់​នាង​ដោយ​មោទនភាព ជាមួយ​ពាក្យ​មួយ​ឃ្លា​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កថា “#​ស្លៀកពាក់​ខោអាវ​លើស​ប៉ុនៗ​ហ្នឹង​អាច​ទទួលបាន​”៕ ដោយ៖ កញ្ញាដាលីស

នាង​ជែ​ល រ៉ូ​ឌ្រី​ហ្គេ​ស​ស្លៀកពាក់​ខោអាវ​លើស ដែល​ដក​ចេញពី​វ៉ាលិស​របស់​នាង