វ៉ាស៊ីនតោន​ដាក់​គំនាប​លើ​ប៉ា​ឡេ​ស្ទី​ន​ឱ្យ​ទទួលយក “​កិច្ចព្រមព្រៀង​ប្រចាំ​សតវត្សរ៍​”

287

​សហរដ្ឋអាមេរិក​បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់​ប្រឆាំងនឹង​ប៉ា​ឡេ​ស្ទី​ន​ដើម្បី​បង្កើន​សម្ពាធ​លើ​ពួកគេ​ឱ្យ​ទទួលយក​ផែនការ​សន្តិភាព​ថ្មី​មួយ​ដើម្បី​ដោះស្រាយ​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន ដែល​ត្រូវបាន​ច្រានចោល​ដោយ​ពួក​ប៉ា​ឡេ​ស្ទី​ន​។​

​ពួក​ប៉ា​ឡេ​ស្ទី​ន​និយាយថា ផែនការ​របស់​អាមេរិក​ដែល​គេ​ស្គាល់​ថា “​កិច្ចព្រមព្រៀង​ប្រចាំ​សតវត្សរ៍​” គឺមាន​បំណង​លុបបំបាត់​សិទ្ធិ​របស់​ប៉ា​ឡេ​ស្ទី​ន ជាពិសេស​សិទ្ធិ​របស់​ជ​ន​ភៀសខ្លួន​ក្នុងការ​វិលត្រឡប់​ទៅ​ទឹកដី​ដើម (​ក្នុង​អ៊ីស្រាអែល​)​។​

​រដ្ឋបាល​អាមេរិក​បានប្រកាស​កាល​ពីថ្ងៃ​ចន្ទ​ទី​១០​កញ្ញា​ថា ការិយាល័យ​អង្គការ​រំដោះ​ប៉ា​ឡេ​ស្ទី​ន (PLO) នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​នឹងត្រូវ​បិទ ដោយ​លើកឡើង​ហេតុផល​ថា​មិនបាន​ជួយ​ជំរុញ​កិច្ចចរចា​ដោយផ្ទាល់​និង​មាន​អត្ថន័យ​ជាមួយ​អ៊ីស្រាអែល​។​

​ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយថា​ការសម្រេច​នេះ​ត្រូវបាន​ផ្សាភ្ជាប់​ជាមួយនឹង​ការព្រួយបារម្ភ​របស់​ស​ហ​រដ្ឋ​អាមេរិក​ចំពោះ​ការប៉ុនប៉ង​របស់​ប៉ា​ឡេ​ស្ទី​ន​ដើម្បី​ជំរុញ​ការស៊ើបអង្កេត​លើ​អ៊ីស្រាអែល​តាមរយៈ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC)​។​

​ប៉ា​ឡេ​ស្ទី​ន​បានស្នើ​សុំ ICC ស៊ើបអង្កេត​អ៊ីស្រាអែល​លើ​បញ្ហា​ជាច្រើន​ក្នុងនោះ​រួមមាន​អគារ​តាំង​ទីលំនៅ​ដែលមាន​ជម្លោះ​នៅក្នុង​តំបន់​កាន់កាប់​វេស​ប៊ែ​ង ការស្លាប់​និង​របួស​ជន​ស៊ីវិល​នៅក្នុង​សង្គ្រាម​ហ្គា​ហ្សា​ឆ្នាំ ២០១៤ និង បញ្ហា​ផ្សេងៗ​ទៀត​។​

​ថ្វី​ត្បិត​បាន​បើក​ការស៊ើបអង្កេត​បឋម​នៅក្នុង​ឆ្នាំ ២០១៥ តុលាការ​នេះ​នៅតែ​មិនទាន់​ឈានដល់​ដំណាក់កាល​បន្ទាប់​ទៀត​នោះទេ​។​

​ប៉ា​ឡេ​ស្ទី​ន​បានធ្វើ​ពហិការ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដោយសារតែ​អាមេរិក​បានទទួល​ស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល ហើយ​បាន​រើ​ទីតាំង​ស្ថានទូត​របស់ខ្លួន​ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​។​

​វ៉ាស៊ីនតោន​បាន​និយាយ​កាលពី​ខែ​មុន​ថា ខ្លួន​បាន​ផ្អាក​ការផ្តល់​មូលនិធិ​ទាំងអស់​ដល់​អង្គការ​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន UNRWA ហើយ​កាលពី​សប្តាហ៍​មុន​លោក​ត្រាំ​បាន​បញ្ជា​ឱ្យ​បង្វែរ​ថវិកា​ចំនួន ២៥ លាន​ដុល្លារ​សម្រាប់​ការថែទាំ​សុខភាព​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​នៅ​មន្ទីរពេទ្យ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ខាងលិច ទៅ​កន្លែង​ផ្សេង ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការសើរើ​ប្រាក់​ជំនួយ​របស់​អាមេរិក​។​

​លោក ហា​នី ហា​ប៊ី​ប អ្នកវិភាគ​នយោបាយ​ដែលមាន​មូលដ្ឋាន​នៅ​តំបន់​ហ្គា​ហ្សា​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួ​ថា «​រដ្ឋបាល​អាមេរិក​កំពុង​ធ្វើសង្គ្រាម​សំឡុត​កំហែង​ប្រឆាំងនឹង​ពួក​ប៉ា​ឡេ​ស្ទី​ន​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច “​កិច្ចព្រមព្រៀង​ប្រចាំ​សតវត្សរ៍​” ដោយ​ប្រើ​គ្រប់​មធ្យោបាយ​នៃ​ការដាក់​សម្ពាធ​»​។​

​លោក​ហា​ប៊ី​ប​បានចង្អុលបង្ហាញ​ថា វ៉ាស៊ីនតោន “​កំពុងតែ​ប្រើប្រាស់​លុយ​ថោកទាប​ដើម្បី​សំឡុត​កំហែង​ពួក​ប៉ា​ឡេ​ស្ទី​ន​ទាំង​ខាង​នយោបាយ​និង​ហិរញ្ញវត្ថុ​”​។​

​លោក​បាន​និយាយថា “​វ៉ាស៊ីនតោន​ចង់ឱ្យ​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​គោរព​តាម​ចក្ខុវិស័យ​របស់​អាមេរិក​និង​អ៊ីស្រាអែល​ដើម្បី​ទទួលយក​ផែនការ​សន្តិភាព​របស់​អាមេរិក​…​ខ្ញុំ​ជឿថា​រឿងនេះ​នឹងមិន​បានការ​នោះទេ​”​។​

​លោក ហា​នី អាល់​ម៉ា​សារី ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​សិក្សា​ម៉ា​រ៉ា​សារ៉ាត់​នៅ​ទីក្រុង​រ៉ា​ម៉ា​ឡា​បាន​និយាយថា ប្រជាពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ចាត់ទុក​សកម្មភាព​រប​ស់​វ៉ាស៊ីនតោន​ថា​ជាការ​បង្ខិតបង្ខំ​។​

​លោក​បាន​បន្ថែមថា “​រដ្ឋបាល​ត្រាំ​បាន​យក​បញ្ហា​សន្ដិសុខ​អ៊ីស្រាអែល​ជាហេតុ​ផល​យោង​ខ្ពស់បំផុត​ចំពោះ​រាល់​គោលការណ៍​ទាំងឡាយ​សម្រាប់​ដំណោះស្រាយ​នាពេល​អនាគត​… អាមេរិក​បាន​បោះចោល​ឯកសារ​ស្តីពី​បញ្ហា​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ជនភៀសខ្លួន និង ការតាំង​ទីលំនៅ​”​។​

​នេះ​បាន​បង្ហាញថា “​កិច្ចព្រមព្រៀង​ប្រចាំ​សតវត្សរ៍​” មិនបាន​ស្លាប់​ទេ ថ្វីបើ​មានការ​បដិសេធ​ពី​ប៉ា​ឡេ​ស្ទី​ន ដោយបាន​សង្កត់ធ្ងន់ថា កិច្ចព្រមព្រៀង​នេះ​កំពុង​ត្រូវបាន​គេ​អនុវត្ត​នៅនឹងកន្លែង​ក្នុង​សន្ទុះ​លឿន​បំផុត​។ នេះ​បើ​យោងតាម​សម្តី​របស់លោក​អាល់​ម៉ា​សារី​។

​លោក​អាល់​ម៉ា​សារី​បាន​បន្តថា “​លោក​ត្រាំ​កំពុង​បន្ត​ផែនការ​របស់គាត់ ដោយ​សង្ឃឹមថា ប៉ា​ឡេ​ស្ទី​ន​នឹង​ទទួលយក​វា​នៅពេល​ក្រោយ​”​។​

​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ត្រាំ លោក ចា​រ៉េត គូ​ស្ន័​រ បាន​ប្រាប់​កាសែត Al-Quds របស់​ប៉ា​ឡេ​ស្ទី​ន​កាលពី​ខែមិថុនា​ថា សហរដ្ឋអាមេរិក​នឹង​ប្រកាស​ផែនការ​សន្តិភាព​របស់​ខ្លួន​ក្នុងពេល​ឆាប់ៗ​។​

​ខណៈដែល​លោក​គូ​ស្ន័​រ​បដិសេធ​មិន​បង្ហាញ​ព័ត៌មាន​លម្អិត​នៃ​ផែនការ​នោះ របាយការណ៍​អ៊ីស្រាអែល​បាន​និយាយថា គំនិត​ផ្តួចផ្តើម​របស់​សហរដ្ឋអាមេរិក​បាន​លើកឡើងថា ភូមិ​អា​ប៊ូ​ឌី​ស (Abu Dis) នៅ​ភាគ​ខាងកើត​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​នឹង​ក្លាយជា​រដ្ឋធានី​នៃ​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ដែល​គ្មាន​អាវុធ​។​

​របាយការណ៍​នេះ​ក៏បាន​និយាយ​ផងដែរ​ថា​រដ្ឋាភិបាល​អាមេរិក​នឹង​ស្នើឱ្យ​អ៊ីស្រាអែល​ដកចេញ​ពី​សង្កា​ត់​អារ៉ាប់​ចំនួន ៣ នៅ​ភាគ​ខាងកើត​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ដោយ​បន្ថែមថា អ៊ីស្រាអែល​នឹង​រក្សា​ការគ្រប់គ្រង​លើ​ការតាំង​លំនៅដ្ឋាន​សំខាន់ៗ​នៅ​ភាគ​ខាងលិច​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ក៏ដូចជា​ជ្រលង​ភ្នំ​ហ្ស៊​កដា​នី​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួ​របស់​ចិន​

ការិយាល័យ​អង្គការ​រំដោះ​ប៉ា​ឡេ​ស្ទី​ន (PLO) នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន