វ៉ា​វ​! “​ក្រូចសើច​” អាច​ផ្ដល់​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​ជាច្រើន​ចំពោះ​សុខភាព​

1040
ចែករម្លែក

ក្រូចសើច ជា​ប្រភេទ​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​រូបរាង​គ្រើមៗ​រដិបរដុប ប៉ុន្តែ​មាន​ទំហំ ប៉ុន​នឹង​ក្រូចឆ្មារ​ដែរ​។ ហើយ​ដោយសារ​ក្រូចសើច​មិនសូវ​សំបូរ​ទឹក​ដូច​ក្រូចឆ្មារ គេ​តែង​ប្រើប្រាស់​សំបក និង​ស្លឹក​របស់​វា​ទៅ​បន្ថែម​ក្នុង​អាហារ​ផ្សេងៗ​ដើម្បី​បង្កើន​ឱជា​រស​។ ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​បាន​ស្គាល់​ក្រូចសើច​ហើយ​តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា វា​អាច​ផ្ដល់​អត្ថប្រយោជន៍​ប្រសើរៗ​ចំពោះ​សុខភាព​! អត្ថបទ​នេះ​នឹង​បញ្ហា​ឲ្យ​ដឹង​នូវ​ឥទ្ធិពល​វិជ្ជមាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​ក្រូចសើច ៖

១. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ
​ទោះបីជា​ក្រូចសើច​មិន​សម្បូរ​ទឹក​ដូច​ក្រូចឆ្មារ​ក៏ពិតមែន​ប៉ុន្តែ​វា​ក៏​នៅតែមាន​ផ្ទុក​សម្បូរ​ទៅ ដោយ​វីតាមីន C​។ ហើយ​អ្នក​អាច​ទទួលបាន​វីតាមីន C ពី​ក្រូចសើច​តាមរយៈ​ការប្រើ ប្រាស់​សំបក និង​សាច់​របស់​វា​។
​ការបន្ថែម​ក្រូចសើច​ចូលក្នុង​របប​អាហារ​ប្រចាំថ្ងៃ​នឹងធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​រឹងមាំ​ខ្លាំងក្លា​ឡើង ជួយ​ទប់ស្កាត់ ក៏ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​ផ្សេងៗ​។​

២. សុខភាព​ស្បែក​
​វីតាមីន C ដែលមាន​ផ្ទុក​ក្នុង​ផ្លែ​ក្រូចសើច​ជួយ​រក្សា​សុខភាព​ស្បែក​ល្អប្រសើរ និង​ថែមទាំង ធ្វើ​ឲ្យ​មើលទៅ​ក្មេង​ជាង​វ័យ​ផងដែរ​។ នោះ​ក៏​ព្រោះតែ​វីតាមីន C ដើរតួ​ជា​សារធាតុ​ប្រឆាំង អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ជួយ​កម្ចាត់​នូវ​រ៉ាឌីកាល់​សេរី​។ លើសពីនេះទៅទៀត វីតាមីន C ក៏​ចាំបាច់​សម្រាប់​ការផលិត​កូ​ឡា​ជែ​ន​គួរ​ឲ្យ​កត់សម្គាល់​។​

៣. លើកកម្ពស់​សុខភាព​បេះដូង
​ធ្លាប់​ដឹង​ទេ​ថាស​សៃ​ឈាម​របស់​អ្នកត្រូវការ​វីតាមីន C ដើម្បី​រក្សាបាន​នូវ​ភាពបត់បែន​ដែល ចាំបាច់​សម្រាប់​គ្រប់គ្រង​កំណត់​កម្រិត​សម្ពាធ​ឈាម​? ក្រូចសើច ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ជួយ​រក្សា​ស​សៃ​ឈាមអាកទែ​ពី​ការស្ទះ ដោយ​ទប់ស្កាត់​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។​

៤. បង្កើន​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​
​អ្នក​អាច​កែប្រែ​ក្រូចសើច​ទៅជា​តែ​បាន​យ៉ាង​ងាយ​ដោយ​គ្រាន់តែ​ដាក់​ក្រូចសើច​ប៉ុន្មាន​បន្ទះ ឆុង​ក្នុង​ទឹក​ក្ដៅ​មួយ​កែវ​។ ការទទួល​ទាន​តែ​ក្រូចសើច​មាន​ប្រសិទ្ធិភាព​ជួយ​សម្រួល ដល់​ដំណើរការ​នៃ​ការរំលាយ​អាហារ​។​

៥. បង្កើន​ការផលិត​ទឹកនោម​
​តែ​ក្រូចសើច មិន​ត្រឹមតែ​ប្រសើរ​សម្រាប់​បញ្ហា​ទាក់ទង​នឹង​ការរំលាយ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​ដោះស្រាយ​បញ្ហា​ផ្លូវ​ទឹកនោម​ផងដែរ​។ តែ​ក្រូចសើច​មាន​អត្ថប្រយោជន៍​ជា ពិសេស​សម្រាប់​អ្នកជំងឺ​រលាក​ផ្លូវ​បង្ហូរ​នោម​ដោយ​តែ​ក្រូចសើច​ជួយ​បង្កើន​ការផលិត ទឹកនោម ហើយ​បញ្ចេញ​ចោល​នូវ​បាក់តេរី​។ លើសពីនេះទៅទៀត ការទទួល​ទាន​តែ​ក្រូចឆ្មារ ក៏​ល្អ​សម្រាប់​អ្នកជំងឺ​គ្រួស​ក្នុង​តម្រងនោម​ផងដែរ ដោយ​វា​ជួយ​ក្នុងការ​បំបែក​គ្រួស និង​ជម្រុញ​ការផលិត​ទឹកនោម​៕ ដោយ​: health.com.kh

#