វ៉ូ​វី​ណា​ម​ប្រកាស​ពី​ការចូលរួម​ប្រកួត​ជើងឯក​អាស៊ី​ជា​លើកដំបូង​

882
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បានប្រកាសថា សម្រាប់​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​អាស៊ី​លើក​ទី​៤ (4nd ASIAN Vovinam Championship) នា​ខែ​ក្រោយនេះ កម្ពុជា​នឹងចូលរួម​ជា​លើកដំបូង​។​

លោក អ៊ូ រតនា អនុប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា

​លោក អ៊ូ រតនា អនុប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បញ្ជាក់ថា ការប្រកួត​ជើងឯក​អាស៊ី​លើក​ទី​៤​នេះ គឺ​ពិតជា​លើកដំបូង​មែន ដែល​កម្ពុជា​បាន​ចូលរួម​។ កម្ពុជា​ធ្លាប់​ចូលរួម​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍ និង​ជើងឯក​ពិភពលោក ដោយ​ទទួលបាន​លទ្ធផល​ល្អ ហើយ​ការប្រកួត​ជើងឯក​អាស៊ី​នេះ ក៏​កម្ពុ​ជាមាន​ជំនឿ​ចិត្ត​ថា នឹង​បានទទួល​លទ្ធផល​ល្អ​ដូច​លើក​មុន​ដែរ​។​

​ការប្រកួត​លើក​ទី​៤​នេះ ធ្វើ​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​មាន​ប្រទេស​ចំនួន​១៦​ចូលរួម​។ កាលពី​ប្រកួត​លើក​ទី​៣ មានតែ​៩​ប្រទេស​ប៉ុណ្ណោះ​ចូលរួម​។ សូមបញ្ជាក់ថា សមាជិក​វ៉ូ​វី​ណា​ម​នៅ​ទ្វីបអាស៊ី​ពេលនេះ ទើប​តែមាន​ចំនួន​២០​ប្រទេស​ប៉ុណ្ណោះ​។ កាលពី​ប្រកួត​ជើងឯក​ងា​ស៊ី​លើក​ទី​៣ ធ្វើ​នៅ​ប្រទេស​អ៊ីរ៉ង់ ហើយ​ប្រទេស​ដែល​ខ្លាំង​លើ​ប្រភេទ​កីឡា​នេះ គឺ អ៊ីរ៉ង់ និង​វៀតណាម ដែលជា​ម្ចាស់​ក្បាច់គុន​។​

​សម្រាប់​ការប្រកួត​ជើងឯក​អាស៊ី​លើក​ទី​៤​នេះ ចាប់ផ្ដើម​ពីថ្ងៃ​ទី​២​ដល់​៧​វិច្ឆិកា​។ កម្ពុជា​នឹង​បញ្ជូន​កីឡាករ​-​កីឡាការិនី​ចំនួន​២៤​រូប ក្នុងនោះ​កីឡាការិនី​ចំនួន​៨​រូប និង​ប្រតិភូ​ដឹកនាំ គ្រូបង្វឹក​ចំនួន​១០​រូប​ផ្សេងទៀត​។ កម្ពុជា​ទៅ​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ប្រយុទ្ធ និង​សំដែង​។​

​ពេលនេះ ពួកគេ​កំពុងតែ​ព្យាយាម​ហ្វឹកហាត់​នៅ​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ (​ស្ដា​ត​ចាស់​) ដោយ​មួយថ្ងៃ​ហ្វឹកហាត់​២​ពេល​។ លោក អ៊ូ រតនា ដែលជា​អនុប្រធាន​សហព័ន្ធ បាន​តាមដាន​ការហ្វឹកហាត់​នេះ ជាប់​ជាប្រចាំ​ដែល​ក្នុងនោះ​សម្រាប់​វិញ្ញាសា​ប្រយុទ្ធ លោក​ត្រួតពិនិត្យ​ទម្ងន់ ពី​ភាព​រីកចម្រើន និង​វិន័យ​ក្នុងការ​ហ្វឹកហាត់​មិនដែល​លស់​ពេល​ឡើយ​។​

​វ៉ូ​វី​ណា​ម​ជា​ប្រ​ផេ​ទ​កីឡា​ដែល​កម្ពុ​ជាមាន​សក្ដានុពល​បំផុត​។ វ៉ូ​វី​ណា​ម​មាន​វិញ្ញាសា​ទាំងអស់​ចំនួន​៣៨ ហើយ​កម្ពុជា​នៅ​មិនទាន់បាន​លេង​តែ​៣ ឬ​៤​វិញ្ញាសា​ប៉ុណ្ណោះ​៕ ល​