វ៉ូ​វី​ណា​ម ហាត់ ៣ ដង មួយថ្ងៃ ត្រៀម​ចូលរួម ជើងឯក​ពិភពលោក លើក​ទី​៦ ឆ្នាំ​២០១៩

394
ចែករម្លែក

​​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ កីឡា​វ៉ូ​វី​ណា​ម ពេលនេះ បាន​បង្កើន​ការហ្វឹកហាត់ មួយថ្ងៃ ដល់​ទៅ ៣ ដង ដើម្បី​ត្រៀមខ្លួន ចូលរួម​ប្រកួត ជើងឯក​លើក​ទី​៦ នា​ចុង​ឆ្នាំនេះ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នោះ ។​

ទិដ្ឋភាព​ហ្វឹកហាត់​

​លោក កៅ មករា គ្រូបង្វឹក​កីឡាករ កីឡាការិនី វ៉ូ​វី​ណា​ម ជម្រើសជាតិ ផ្នែក​វិញ្ញាសា​ប្រយុទ្ធ បាន​និយាយថា សព្វថ្ងៃនេះ កីឡាករ – កីឡាការិនី វ៉ូ​វី​ណា​ម ជម្រើសជាតិ​មួយចំនួន ដែល​នៅ​ឆ្ងាយ បាន​ស្នាក់នៅ មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា ដូច្នេះ​សហព័ន្ធ សម្រេចចិត្ត​ឲ្យ​ពួកគេ ធ្វើការ​ហ្វឹកហាត់ រយៈពេល ៣ ដង ក្នុង​មួយថ្ងៃ ដើម្បី​ពង្រីកពង្រឹង សមត្ថភាព​ឲ្យ​ខ្លាំង ត្រៀម​ចូលរួម ជើងឯក​ពិភពលោក លើក​ទី​៦ ឆ្នាំ​២០១៩ ក្នុងនាម​ម្ចាស់ផ្ទះ​ការប្រកួត​។​

​លោក​បាន​បន្តថា ប្រទេស​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍ ការប្រកួត​កីឡា វ៉ូ​វី​ណា​ម ជ្រើសរើស ជើងឯក​ពិភពលោក លើក​ទី​៦ ឆ្នាំ​២០១៩ “6th Vivonam World Championships 2019” នឹង​ប្រព្រឹត្តទៅ ចាប់ពី ថ្ងៃទី​១៦ ដល់ ២២ ខែធ្នូ ឆ្នាំ​២០១៩ រៀបចំ​ដោយ សហព័ន្ធ​កីឡា វ៉ូ​វី​ណា​ម​កម្ពុជា សហការ​ជាមួយ ក្រសួង​អប់រំ យុវជន និង​កីឡា ទទួលបាន​ការគាំទ្រ ពី​សហព័ន្ធ​កីឡា វ៉ូ​វី​ណា​ម ពិភពលោក ។​

ទិដ្ឋភាព​ហ្វឹកហាត់​

​ជាមួយនឹង​របប​អាហារ​មួយថ្ងៃ ៣ ពេល នៅ​មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា ពួកគេ មាន​កម្លាំង​គ្រប់គ្រាន់ ដើម្បី​ហ្វឹកហាត់ ព្រោះ​អាហារ មាន​កាឡូរី គ្រប់គ្រាន់ សម្រាប់​លើក​កម្លាំង​កីឡាករ ។​

​ពេលនេះ ទោះបី​កម្ពុជា នៅ​មិនទាន់​កំណត់ ពី​ចំនួន​ពិតប្រាកដ នៃ​កីឡាករ​-​កីឡាការិនី​របស់ខ្លួន សម្រាប់​ព្រឹត្តិការណ៍​នេះ ក៏ពិតមែន តែ​កម្ពុជា បាន​ត្រៀម​កីឡាករ – កីឡាការិនី ជិត ៤០ រូប​រួចហើយ ។ កម្ពុជា គឺជា​ប្រទេស ដែលមាន​សក្ដានុពល​ខ្លាំង លើ​ប្រភេទ​កីឡា​នេះ ហេតុនេះ ក្នុងនាម​ជា​ម្ចាស់ផ្ទះ កម្ពុជា​មិនអាច​គ្មាន មេដាយ​បានឡើយ ៕v