វ៉េ​ណេ​ស៊ុយ​អេ​ឡា​ចាប់​ផ្តើមធ្វើ​សមយុទ្ធ​យោធា​ទូទាំងប្រទេស បន្ទាប់ពី​មាន​ភាព​ប្រទូសរ៉ាយ​ខ្លាំង​ឡើង​ជាមួយ​អាមេរិក​

1031
ចែករម្លែក
  • 51
    Shares

​រដ្ឋមន្ត្រី​ការពារជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក វ្ល៉ា​ឌី​មៀរ ប៉ា​ឌ្រី​ណូ ឡូ​ប៉េ​ស (Vladimir Padrino Lopez) បានប្រកាស​អំពី​ការចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​ទូទាំងប្រទេស​កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​ត្រៀមខ្លួន​ប្រយុទ្ធប្រឆាំង​ករណី​មានការ​ឈ្លានពាន​ពី​បទេស​។

​លោក ឡូ​ប៉េ​ស បាន​និយាយ​នៅ​រដ្ឋ​មី​រ៉ា​ន់​ដា ភាគ​ខាងលិច​នៃ​ប្រទេស​នេះ ថា “​ទាហាន​របស់​យើង​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​នេះ នៅថ្ងៃនេះ​”​។​

​កងទ័ព​បាន​និយាយថា “​ទាហាន​ចំនួន​២០០.០០០​នាក់ និង កងទ័ព​ប្រយុទ្ធ​ចំនួន​៩០០.០០០​នាក់ កំពុង​ចូលរួម​ការធ្វើ​សមយុទ្ធ​រយៈពេល​២​ថ្ងៃនេះ​”​។​

​លោក ឡូ​ប៉េ​ស បាន​និយាយថា “​តាមរយៈ​ការធ្វើ​សមយុទ្ធ​នេះ យើង​ចង់​ប្រាប់​ពិភពលោក​ថា កងកម្លាំង​កងទ័ព​និង​ប្រជាជន​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​មានការ​ស្ម័គ្រចិត្ត​លះបង់​ខ្លួន​ដើម្បី​ការពារ​ប្រទេសជាតិ​របស់​យើង​”​។​

​កាលពីពេល​ថ្មីៗ​នេះ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​បាន​និយាយថា លោក​នឹងមិន​ច្រាល​ចោល​ជម្រើស​យោធា​សម្រាប់​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដើម្បី​ទម្លាក់ លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ពី​អំណាច​នោះទេ​។​

​ប៉ូលិស និង កងទ័ព​វ៉េ​ណេ​ស៊ុយ​អេ​ឡា បានធ្វើ​ព្យុហយាត្រា​នៅ​ទីក្រុង កា​រ៉ា​កាស (Caracas) ជាមួយនឹង​ការបង្ហាញ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​។​

​លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ បាន​សរសេរ​លើ​ធ្វី​ត​ធើ (Twitter) ថា “​ប្រជាជន និង​កងទ័ព កំពុង​ការពារ​ទឹកដី​និង​អធិបតេយ្យភាព​”​។​

​ប៉ុន្តែ ក្រោយមក ក្រុមមន្ត្រី​ជាន់ខ្ពស់​អាមេរិក បាន​និយាយ​សម្រាល​អំពី​ការគំរាមកំហែង​នេះ ដោយ​និយាយថា “​មិនមាន​ចំណាត់ការ​យោធា​ធ្វើឡើង​នៅពេល​អនាគត​ឆាប់ៗ​នេះ​ទេ​នេះ​”​។​

​ប៉ុន្តែ ភាព​តានតឹង​បាន​កើនឡើង​ជាថ្មី នៅពេលដែល​សេត​វិមាន​កាលពី​ថ្ងៃ​សុក្រ បាន​បញ្ចេញ​ការដាក់ទណ្ឌកម្ម ដែល​សំដៅលើ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ទាំងស្រុង ជាជាង​ការដាក់ទណ្ឌកម្ម​លើ លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ និង​បក្ខពួក​របស់លោក​៕ ដោយ៖ សុខា

រដ្ឋមន្ត្រី​ការពារជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា បានប្រកាស​អំពី​ការចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​ទូទាំងប្រទេស​កាលពី​ថ្ងៃ​សៅរ៍​ដើម្បី​ប្រឆាំង​ករណី​មានការ​ឈ្លានពាន​ពី​បទេស
លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា