វ៉ែនតា​មូល​រប​ស់ចន ឡេ​ណុន នឹងត្រូវ​ដាក់លក់​ដេញថ្លៃ​

184
ចែករម្លែក

​វ៉ែនតា​មូល​ប្រចាំត្រកូល​របស់លោក ច​ន ឡេ​ណុន នឹងត្រូវ​ដាក់លក់​ដេញថ្លៃ​រួមជាមួយ​សំបុត្រ​ចត​ឡាន​មួយ​សន្លឹក​ប្រគល់​ឱ្យទៅ​អ្នក​វាយ​ស្គរ​របស់​ក្រុម​ចម្រៀង Beatles ឈ្មោះ រីង​ហ្គោ ស្តា​។ វ៉ែនតា​និង​សំបុត្រ​ចត​ឡាន​នេះ​ត្រូវបាន​រក្សាទុក​កន្លះ​សតវត្សរ៍​ដោយ​អតីត​អ្នក​បើកឡាន​សម្រាប់​ក្រុម​ចម្រៀង​នេះ​។

​លោក អា​ឡាន់ ហើ​រីង ដែល​ធ្វើការ​ជា​អ្នក​បើកឡាន​ឱ្យ​លោក​ស្តា និង មិត្ត​រួម​ក្រុម​ម្នាក់ទៀត​ឈ្មោះ ច​ច ហារី​សុន នៅ​ចុង​ទសវត្សរ៍ ១៩៦០ និយាយថា លោ​កឡេ​ណុន​បានឱ្យ​វ៉ែនតា​នេះ​មក​គាត់ បន្ទាប់ពី​ភ្លេច​វ៉ែនតា​នេះ​នៅ​កៅអី​ក្រោយ​នៃ​ឡាន Mercedes របស់គាត់​។

​គាត់​និយាយថា “​នៅពេល​ច​ន​ចុះ​ពី​ឡាន ខ្ញុំ​កត់សម្គាល់ថា គាត់​ភ្លេច​វ៉ែនតា​នៅ​កៅអី​ក្រោយ ហើយ​កញ្ចក់​វ៉ែនតា​មួយ​បាន​របូត និង ដង​វ៉ែនតា​មួយ​ចំហៀង​បាន​ដាច់​។ ខ្ញុំ​សួរ​ចនថា​តើ​គាត់​ចង់ឱ្យ​ខ្ញុំ​យក​វា​ទៅ​ជួសជុល​សម្រាប់​គាត់​ទេ​។ គាត់​ប្រាប់​ខ្ញុំ​កុំឱ្យ​បារម្ភ ព្រោះ​វ៉ែនតា​នេះ​គ្រាន់តែ​សម្រាប់​លម្អ​កាយ​ទេ​”​។

​វ៉ែនតា​បុរាណ​និង​សំបុត្រ​ឡាន ដែល​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី ២៥ មេសា ១៩៦៩ ក្នុង​ទីក្រុង​ឡុង​ដ៍​នៅក្រៅ​អគារ​ផលិតកម្ម Apple Records របស់​ក្រុម​ចម្រៀង​នេះ នឹងត្រូវ​លក់​លើ​អន​ឡាញ​ដោយ​ក្រុមហ៊ុន Sotheby’s រួមជាមួយ​វត្ថុ​អនុស្សាវរីយ៍​ដទៃទៀត​របស់ Beatles នៅ​ខែក្រោយ​។

​គេ​រំពឹងថា​សំបុត្រ​ឡាន​នឹង​ឡើងដល់ ១.៥០០ ផោន (១.៩៣៨ ដុល្លារ​) និង វ៉ែនតា​អាច​លក់បាន ៨.០០០ ផោន (១០.៣៣៨ ដុល្លារ​)៕ ដោយ៖ កញ្ញាដាលីស

វ៉ែនតា​មូល​រប​ស់ចន ឡេ​ណុន រំពឹង​លក់បាន​ជាង​១​ម៉ឺន​ដុល្លារ