វ៉្លាឌី​មៀរ ពូ​ទីន បញ្ជា នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ឱ្យ​បញ្ឈប់​ការវាយប្រហារ​លើ​ទីតាំង​អ៊ីរ៉ង់​នៅ​ស៊ី​រី បន្ទាប់ពី​យន្តហោះ​អ៊ីស្រាអែល ត្រូវបាន​បាញ់​ធ្លាក់​

218

​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី បាន​ព្រមាន នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ឱ្យ​ដកខ្លួន​ចេញពី​ការវាយប្រហារ​ដោយ​យោធា​នៅ​ប្រទេស​ស៊ី​រី បន្ទាប់ពី​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​មួយគ្រឿង ត្រូវបាន​បាញ់​ធ្លាក់ នៅក្នុង​តំបន់​មួយ​នៅក្នុង​ទឹកដី​អ៊ីស្រាអែល កាលពី​ថ្ងៃ​សៅរ៍​។​

​ប្រធានាធិបតី​រុស្ស៊ី​រូបនេះ​បាន​ប្រា​ប់លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ក្នុង​ការហៅ​តាម​ទូរស័ព្ទ​មួយ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ដើម្បី​ចៀសវាង​វិធាន​ការដែល អាច​នាំឱ្យមាន​ផលវិបាក​កាន់តែ​ធ្ងន់ធ្ងរ​ដល់​តំបន់​នោះ​។​

​នៅពេលនេះ អ៊ីស្រាអែល​ទើបតែ​បានបញ្ចប់​ការទម្លាក់​គ្រាប់បែក​លើក​ទី​២​ប្រឆាំង​កងកម្លាំង​ស៊ី​រី និង អ្វីដែល​ខ្លួន​និយាយថា ជាទី​តាំង​យោធា​របស់​អ៊ីរ៉ង់​នៅ​ស៊ី​រី ហើយ​បាន​កំពុង​ពិចារណា​ធ្វើការ​វាយប្រហារ​បន្ថែម​ទៀត​ដើ​ម្ប​ជាការ​សងសឹក ចំពោះ​ការបាត់បង់​យន្តហោះ​របស់ខ្លួន​នេះ ។ នេះ​បើ​យោងតាម​សារព័ត៌មាន Haaretz ។​

​សារព័ត៌មាន Haaretz បាន​រាយការណ៍​ថា ប៉ុន្តែ​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ដែល​បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុងការ​គាំទ្រ​របប​ដឹកនាំ​ស៊ី​រី​របស់ លោក​បា​សា អាល់ អាសាដ ដោយ​សង្ឃឹមថានឹង​បញ្ឈប់​ការជ្រៀតជ្រែក​របស់​អាមេរិក​នោះ បានបញ្ចប់​ការប្រឈមមុខ​ដាក់គ្នា​ភ្លាមៗ​នោះ​។​

​ការផ្ទុះអាវុធ បានចាប់ផ្តើម បន្ទាប់ពី​អ៊ីស្រាអែល​បាន​ចោទប្រកាន់​អ៊ីរ៉ង់​ថា​បាន​បង្ហោះ​យន្តហោះ​ដ្រូ​ន (​យន្តហោះ​គ្មាន​មនុស្ស​បើក​) មួយ ចូលមក​ទឹកដី​របស់ខ្លួន ប៉ុន្តែ ក្រោយមក អ៊ីរ៉ង់ បាន​បដិសេធ​ការចោទប្រកាន់​នេះ​។​

​បញ្ហា​នេះ​បាន​ជំរុញ​ឱ្យ​យន្ដហោះ​អ៊ីស្រាអែល​ច្រើន​គ្រឿង វាយប្រហារ​លើ​តំបន់​មួយ​នៅ​ប្រទេស​ស៊ី​រី ដែល​កងកម្លាំង​អ៊ីរ៉ង់​បាន​កាន់កាប់ ។ យន្តហោះ​ច​ម្បាំ​មួយ​ក្នុងចំណោម​យន្តហោះ​ច​ម្បាំ​អ៊ីស្រាអែល​ទាំងនេះ​ត្រូវបាន​បាញ់​ទម្លាក់​នៅពេល​វា​បាន​កំពុង​ហោះ​វិលត្រឡប់​ទៅកាន់​អ៊ីស្រាអែល​វិញ​។ អ្នកបើក​យន្តហោះ​ទាំង​២​នាក់ បានគេច​ខ្លួន​រួច ប៉ុន្តែ​ម្នាក់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​។​

​បន្ទាប់ពី​ការបាត់បង់​យន្តហោះ​នេះ អ៊ីស្រាអែល​បាន​និយាយថា ខ្លួន​បានធ្វើការ​វាយប្រហារ​បំផ្លាញ​ទីតាំង​យោធា​ចំនួន ១២​កន្លែង ដែល​ក្នុងនោះ​មាន​ទីតាំង​៤​កន្លែង ដែល​កាន់កាប់ ដោយ​កងកម្លាំង​អ៊ីរ៉ង់​។​

​លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​ទទួលស្គាល់ថា​មាន​ការហៅ​ទូរស័ព្ទ​ជាមួយ​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ដោយ​និយាយថា លោក​បាន​ប្រាប់ លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ពី​បំណង​របស់​អ៊ីស្រាអែល​ក្នុងការ​បន្ត​ការពារ​ខ្លួន​ប្រឆាំងនឹង​ការឈ្លានពាន​ណាមួយ និង​ដើម្បី​រារាំង​អ៊ីរ៉ង់​
​មិនឱ្យ​បង្កើត​វត្តមាន​យោធា​នៅ​ស៊ី​រី​ឬ​នៅ​កន្លែង​ណា​ផ្សេងទៀត​៕ ដោយ៖ សុខា

លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ
យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​មួយគ្រឿង ត្រូវបាន​បាញ់​ធ្លាក់ នៅ​អ៊ីស្រាអែល ភាគ​ខាងជើង កាលពី​ថ្ងៃ​សៅរ៍