ពូ​ទីន រាំ បង្ក​អោយ​គ្រប់គ្នា​បើកភ្នែក​ធំៗ​នៅ​ពិធី​អាពាហ៍ពិពាហ៍​របស់​រដ្ឋ​មន្ត្រី​អូទ្រីស​

845
ចែករម្លែក

​រដ្ឋមន្ត្រីការបរទេស​អូទ្រីស​បាន​ស្ថិតក្រោម​ការរិះគន់​ពី​គូប្រជែង​នយោបាយ​ដោយសារតែ​បាន​អញ្ជើញ​មេដឹកនាំ​រុស្ស៊ី​មក​ចូលរួម​មង្គលការ​របស់គាត់​។​ពួក​អ្នក​រិះគន់​​និយាយថា ទង្វើ​នេះ​បំផ្លាញ​សហភាព​អឺរ៉ុប​ចំពេល​ដែល​អូទ្រីស​កាន់តំណែង​ប្រធាន​ប្តូរ​វេន​របស់​ប្លុក​នេះ​។

​ប្រធានាធិបតី​រុស្ស៊ី​លោក ​វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​រាំ​កាន់​ដៃ​រដ្ឋមន្ត្រីការបរទេស ការី​ន ណៃ​សល​ក្នុង​ពិធីមង្គលការ​របស់លោក​ស្រី​កាលពី​ថ្ងៃ​សៅ​រិ៍​នៅក្នុង​ខេត្ត​ស្ទី​រី​យ៉ា​​មុន​ជំនួប​របស់លោក​ជាមួយ​អធិកា​ប​តី​អាល្លឺម៉ង់ អង់​ហ្គេ​ឡា មឺ​គែល​នៅ​ក្រុង​ប៊ែ​រ​ឡាំង​ក្នុង​ថ្ងៃ​ដដែល​។​

​លោកពូ​ទីន​បានបង្ហាញ​មុខ​នៅឯ​ពិធី​រៀបការ​នេះ​ជាមួយ​ក្រុម​ភ្លេង​Cossack​តូច​មួយ​ដើម្បី​សម្តែង​ជូន​ភ្ញៀវ​ប្រមាណ​១០០​នាក់​។​

​សូមបញ្ជាក់ថា រុស្ស៊ី​និង​សហភាព​អឺរ៉ុប​មាន​ទំនាក់ទំនង​មិនល្អ​នឹង​គ្នា​ដោយសារ រុស្ស៊ី​ចាប់យក​តំបន់​គ្រី​មេ​ដាក់​ជា​ឧ​ប​សម្ពន្ធ​របស់ខ្លួន ការគាំទ្រ​របប​ស៊ី​រី​របស់​ប្រ​ធានា​ធិ​ប​​តី​បាស​សា អាល់ អាសាត ការចោទប្រកាន់ថា​រុស្ស៊ី​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​នៅ​អាមេរិក​និង​ថ្មីៗ​បំផុត​គឺ​ការចោទប្រកាន់​របស់​អង់គ្លេស​ថា រដ្ឋាភិបាល​វិមាន​ក្រឹម​​ឡាំង​បាន​ព្យាយាម​សម្លាប់​អតីត​ចារបុរស សឺ​ហ្គេ ស្គ្រី​ប៉ាល់ ដែល​កំពុង​រស់នៅ​អង់គ្លេស​៕ដោយ៖វាសនា