សកម្មជនវៀតណាម២រូបទៀត ត្រូវបានតុលាការសំរេចដាក់គុក

1026
ចែករម្លែក

សកម្មជន២នាក់ទៀតត្រូវបានតុលាការសំរេចដាក់គុករយៈពេលវែងនៅក្នុងប្រទេសវៀតណាម ខណៈដែលអាជ្ញាធរកុំម្មុយនីស្តបង្កើនការបង្រ្កាបលើជនប្រឆាំង។អ្នកទាំងពីរ ត្រូវបានសំរេចដាក់គុក៩ឆ្នាំនិង៧ឆ្នាំរៀងៗខ្លួនក្នុងសវនាការផ្សេងគ្នាចំពោះការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលនិងឃោសនាប្រឆាំងរដ្ឋ។

ង្វៀន វៀត យុង អាយុ៣២ឆ្នាំ ត្រូវបានដាក់ទោសដោយតុលាការខេត្ត ង៉េ អាន ចំពោះការឃោសនាប្រឆាំងរដ្ឋ ដោយសារតែសរសេរបង្ហោះលើទំព័រហ្វេសប៊ុកនិងប្លុកនិងអត្ថបទដែលចៅក្រមនិយាយថា បំភ្លៃគោលនយោបាយរដ្ឋនិងបរិហារកេរ្តិ៍មេដឹកនាប្រទេស។

មេធាវីរបស់គាត់ បាននិយាយថា កូនក្តីរបស់គាត់ក៏ត្រូវបានរកឃើញកំហុសចំពោះការបង្ហោះទង់ជាតិរបស់អតីតវៀតណាមខាងត្បូងដែលអាមេរិកគាំទ្រហើយថតវីដេអូនិងរូបភាពមុនបង្ហោះវាក្នុងហ្វេសប៊ុក។

តុលាការក៏បញ្ជាអោយឃុំខ្លួនយុងនៅក្នុងផ្ទះ៥ឆ្នាំ ក្រោយបញ្ចប់ការបំពេញទោសក្នុងគុក៧ឆ្នាំ។

ក្នុងពេលជាមួយគ្នា តុលាការប្រជាជនក្នុងខេត្តហា ទីញ បានដាក់ទោស ត្រឹន ធី សួន ចំពោះការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលនិងត្រូវបានសំរេចអោយជាប់គុក៩ឆ្នាំនិងឃុំខ្លួនក្នុងផ្ទះ៥ឆ្នាំ។

ស្រ្តីវ័យ៤២ឆ្នាំនេះ ត្រូវបានចោទប្រកាន់ថាសហការជាមួយក្រុមក្រៅច្បាប់ឈ្មោះ”ភាតរភាពសំរាប់លទ្ធិប្រជាធិបតេយ្យ” និងញុះញុងអោយមានការតវ៉ាប្រឆាំងបន្ទាប់ពីមានការបំពុលបរិស្ថានដោយក្រុមហ៊ុនតៃវ៉ាន់មួយដែលបានបំផ្លាញឧស្សាហកម្មនេសាទនិងទេសចរណ៍នៅ៤ខេត្តកាលពី២ឆ្នាំមុន។

សូមបញ្ជាក់ថា ការកាត់ទោសពួកគេបានកើតឡើងតែប៉ុន្មានថ្ងៃក្រោយសកម្មជននៃក្រុមដដែលនេះចំនួន៧នាក់ រួមមានមេធាវីលេចធ្លោ ង្វៀន វ៉ាន ដាយត្រូវបានតុលាការកាត់ទោសអោយជាប់គុករវាង៧ទៅ១៥ឆ្នាំចំពោះការធ្វើវិទ្ធង្សនា៕ដោយ៖វាសនា

សកម្មជន ង្វៀន វៀត យុង ឈរក្នុងសវនាការនៅខេត្ត ង៉េ អាន

សកម្មជន ត្រឹន ពធី សួន ត្រូវបាននាំខ្លួនឡើងតុលាការក្នុងខេត្ត ហា ទីញ