សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង ត្រូវបាន​តុលាការ​ផ្ទន្ទាទោស​អោយ​ជាប់គុក​ចំពោះ​ការរំខាន​សាធារណៈ​

260
ចែករម្លែក

​តុលាការ​ហុងកុង​មួយ​កាលពី​ថ្ងៃ​ពុធ​ទី​២៤​មេសា​បាន​សំរេច​ដាក់គុក​មេដឹកនាំ​សំខាន់ៗ​នៃ​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​Occupy​ឆ្នាំ​២០១៤ នៅក្នុង​ចំណាត់ការ​មួយ​ដែល​​រំលេច​អំពី​ការបែកបាក់​នយោបាយ​នៅ​រយៈពេល​ជិត​៥​ឆ្នាំ ក្រោយ​ពី​ការតវ៉ា​ប្រឆាំង​ដែល​បានធ្វើអោយ​កក្រើក​ទីក្រុង​ដែល​គ្រប់គ្រង​ដោយ​ចិន​នេះ​។​

​ការដាក់ទោស​នេះ​បាន​កើតឡើង​ក្រោយពី​មេដឹកនាំ​ចលនា​Occupy ចំនួន​៩​នាក់​ត្រូវបាន​រកឃើញ​កំហុស​ថា​បាន​រំខាន​សាធារណៈជន​ក្នុង​អំឡុង​ការតវ៉ា​ប្រឆាំង​របស់​ពួកគេ​។​

​សាស្ត្រាចារ្យ​ច្បាប់ បេន​នី តា​យ អាយុ​៥៤​ឆ្នាំ និង​អ្នក​សង្គមសាស្ត្រ​ចូលនិវត្តន៍ ចាន គីន ម៉ាន់ អាយុ​៦០​ឆ្នាំ ម្នាក់ៗ​ត្រូវបាន​កាត់ទោស​ដាក់​គុក​១៦​ខែ​ចំពោះ​ការ​សមគំនិត​ប្រព្រឹត្ត​ការ​រំ​​ខាន​សាធារណៈ​។​

​ចំណែក​អាចារ្យ​សាសនា​ប្រូតេ​ស្តង់ ជូ យី​វ មី​ញ អាយុ​៧៥​ឆ្នាំ ត្រូវបាន​ព្យួរទោស​។​

​អ្នក​ទាំង​៣​ត្រូវបាន​រកឃើញ​ថា​មាន​កំហុស​ពី​បទ​សមគំនិត​ប្រព្រឹត្ត​ការរំខាន​សាធារណៈ​ដោយសារ​តែ​ពួកគេ​បាន​ដឹកនាំ រៀបចំ​និង​កេណ្ឌ​អ្នកគាំទ្រ​ក្នុងអំឡុង​ការតវ៉ា​ប្រឆាំង​រយៈ​​ពេល​៧៩​ថ្ងៃ​។​ទោះជា​យ៉ាងណា ពួកគេ​មិន​បាន​ឆ្លើយ​ទទួល​ទោសកំហុស​ទេ​។​

​សាលក្រម​នេះ​ត្រូវបាន​ចេញ​ក្រោយ​ពី​សវនាការ​ប្រើ​ពេល​អស់ជិត​១​ខែ និង​កើតឡើង​ចំពេល​មួយ​ដែល​សេរីភាព​និង​ស្វ័យភាព​ហុងកុង​ស្ថិតក្រោម​ការ​រឹតត្បិត​ខ្លាំង​ឡើង​ពី​ក្រុម​​មេដឹកនាំ​ចិន ដែល​បង្ក​អោយ​មាន​ការ​ព្រួយបារម្ភ​ពី​រដ្ឋាភិបាល​បរទេស ក្រុម​សិទ្ធិ​មនុស្ស​និង​ធុរជន​។​

​ហុងកុង​ត្រូវ​អង់គ្លេស​ប្រគល់អោយ​ចិន​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ​១៩៩៧ ជាមួយនឹង​ការ​សន្យាថា​មជ្ឈមណ្ឌល​មូលធន​នេះ​នឹង​នៅតែ​មិន​ផ្លាស់ប្តូរ​សំរាប់​ពេល​៥០​ឆ្នាំ និង​បន្ត​រីករាយ​​នឹង​ស្វ័យភាព​កំរិត​ខ្ពស់ ប្រព័ន្ធ​ច្បាប់​ឯករាជ្យ​មួយ និង​សេរីភាព​ដែល​គ្មាន​នៅ​ចិនដីគោក​៕​ដោយ​៖​វាសនា​

​ជន​ត្រូវ​ចោទ​៩​នាក់ រួមមាន​(​ពី​ឆ្វេង​) អ្នក​សង្គមសាស្ត្រ​ចូលនិវត្តន៍ ចាន គីន ម៉ាន់ សាស្ត្រាចារ្យ​ច្បាប់ បេន​នី តា​យ​និង​អាចារ្យ​សាសនា​ប្រូតេ​ស្តង់ ជូ យី​វ មី​ញ​

#