សកម្មជន​ថៃ ប្តេជ្ញា​ដើរ​ដង្ហែ​នៅ​ខួប​រដ្ឋប្រហារ​យោធា​នៅ​ខែ​នេះ​

3171
ចែករម្លែក

ពួក​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ថៃ កាលពី​ថ្ងៃ​សៅរិ៍ បាន​ប្តេជ្ញា​ដើរ​ដង្ហែ​ទៅកាន់​វិមាន​រដ្ឋាភិបាល​ដើម្បី​កត់សំគាល់​ខួប​ទី​៤​នៃ​រដ្ឋប្រហារ​យោធា​មួយ ដោយ​ពួកគេ​​ប្រៀបប្រដូច​មេដឹកនាំ​របប​យោធា​ថៃ​ទៅ​នឹង​តួ​Pinocchio​ចំពោះ​ការ​មិន​គោរព​ការសន្យា​អំពី​ការបោះឆ្នោត​។​

​សូម​រំលឹក​ថា យោធា​ថៃ​បាន​ដណ្តើម​អំណាច​នៅ​ថ្ងៃ​២២ ឧសភា​ឆ្នាំ​២០១៤ ក្នុងនាម​ជា​អ្នក​ទប់ស្កាត់​អស្ថិរភាព​នយោបាយ ដោយ​ហាមឃាត់​ការជួបជុំ​មនុស្ស​ចាប់ពី​៥​នាក់​​ឡើង​និង​ពន្យារ​ពេល​វិល​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​វិញ​ម្តង​ជា​ពីរដង​។​

​ឥឡូវ ការបោះឆ្នោត​មួយ​ត្រូវបាន​កំណត់​ធ្វើ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៩ តែ​ការអត់ធ្មត់​រង់ចាំ​ជាមួយ​នឹង​ស្ថានភាព​បច្ចុប្បន្ននេះ​បណ្តាល​អោយ​មាន​ការជួប​ជុំ​តវ៉ា​ខ្លះៗ​ចាប់តាំងពី​​ដើម​ឆ្នាំ​មក​។​កាលពី​ថ្ងៃ​សៅរិ៍ មនុស្ស​រាប់រយ​នាក់​បាន​ចូលរួម​បាតុកម្ម​មួយ​នៅ​សកល​វិទ្យាល័យ ថា​ម៉ាសា​ត​ក្នុង​ក្រុង​បាងកក​ហើយ​ពួកគេ​បាន​និយាយថា​ពួកគេ​នឹង​ដើរ​​ដង្ហែ​ទៅកាន់​វិមាន​រដ្ឋាភិបាល​នៅ​ថ្ងៃ​នៃ​ខួប​រដ្ឋប្រហារ​នៅ​ខែ​នេះ បើ​កាលបរិច្ឆេទ​បោះឆ្នោត​មិន​ត្រូវបាន​ដូរ​មក​នៅ​ខែ​វិច្ឆិកា​ឆ្នាំនេះ និង​របប​យោធា​មិន​ត្រូវបាន​រំលាយ​ទេ​​នោះ​។​

​អ្នកនាំពាក្យ​ចលនា​”​យើង​ចង់​បោះឆ្នោត​”​ដែល​ជួយ​រៀបចំ​ការជួបជុំ​នេះ បាន​និយាយថា​«​យើង​ចង់​អោយ​របប​យោធា​ចុះចេញ​ពី​អំណាច​និង​ធ្វើការ​បោះឆ្នោត​នៅក្នុង​​ប្រទេស​នេះ ដោយសារតែ​៤​ឆ្នាំ​មក​ទល់​ឥឡូវ អត់​មាន​ការបោះឆ្នោត គ្មាន​លទ្ធិប្រជាធិបតេយ្យ​”​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក​ស៊ុន​សឺ​ន កែវ​កម​នឺត បាន​និយាយប្រាប់​អ្នកយកព័ត៌មាន​ថា​”​យើង​ចាត់ទុក​ការជួបជុំ​នេះ​ជា​ការបញ្ចេញមតិ តែ​មិន​ត្រូវ​ធ្វើអោយ​ប៉ះពាល់​​សង្គម​ឡើយ​”​។​

​ការជួបជុំ​នៅ​ពេល​រសៀល​បានបង្ហាញ​រូប​មេ​របប​យោធា ប្រា​យុទ្ធ ចាន អូ​ចា ជាមួយនឹង​ច្រមុះ​វែង​ដូច​តួ​តុក្កតា​Pinocchio​។​ការជួបជុំ​កាន់តែ​បង្កើន​ទំហំ​និង​ញឹកញាប់​ឡើង​​ចាប់តាំងពី​ខែ​មករា ដោយសារ​តែ​សាធារណជន​ខ្វល់ខ្វាយ​នឹង​ការពន្យារពេល​បោះឆ្នោត​និង​រឿងអាស្រូវ​ជុំវិញ​ការប្រព្រឹត្ត​ពិសេស​សំរាប់​ក្រុម​មនុស្ស​មាន​មុខមាត់​ក្នុង​សង្គម​៕​ដោយ​៖​វាសនា​

​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ទាមទារ​ការបោះឆ្នោត​និង​របប​យោធា​ចុះចេញ​ពី​តំណែង​

​អ្នក​ប្រឆាំង​តវ៉ា​កាន់​រូប​លោក​ប្រា​យុទ្ធ​មាន​ច្រមុះ​វែង​ដូច​តួ​Pinocchio​ដោយសារតែ​មិន​ធ្វើ​ការបោះឆ្នោត​តាម​ការសន្យា​