សកម្មជន​សិទ្ធិមនុស្ស​ថៃ ដែល​ទើប​ចេញពី​គុក ប្តេជ្ញា​ធ្វើ​ការតស៊ូ​ប្រឆាំង​ជា​ថ្មី​ដើម្បី​ប្រជាធិបតេយ្យ​

1017
ចែករម្លែក

​ដោយ​ត្រូវ​បាន​ដោះលែង​ពី​គុក​បន្ទាប់ពី​ជាប់គុក​ដោយសារ​ប្រមាថ​ស្តេច​ថៃ​នោះ លោក Somyot Prueksakasemsuk​សកម្មជន​ការពារ​សិទ្ធិ​កម្មករ​និង​ជា​អតីត​អ្នកនិពន្ធ​​ទស្សនា​វ​ដ្តី​ដែល​គាំទ្រ​ក្រុម​អាវ​ក្រហម​ថៃ​នេះ បាន​ប្តេជ្ញា​បន្ត​ការតស៊ូ​របស់​លោក​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​និង​ដើម្បី​សម្រេចបាន​នូវ​រដ្ឋាភិបាល​ស៊ីវិល​មួយ ដែល​​កើតចេញពី​ការបោះឆ្នោត​។​

​លោក Somyot Prueksakasemsuk បាន​និយាយថា ” ការចូលរួម​ក្នុង​សកម្មភាព​នយោបាយ គឺជា​ភារៈកិច្ច​របស់​ពលរដ្ឋ​។ ខ្ញុំ​ចូលរួម​ជាមួយ​ចលនា​ដែល​ទាមទារ​ឱ្យ​​មាន​ការបោះឆ្នោត ដែល​នោះ​ហើយ​ជា​រឿង​ល្អ ហើយ​ខ្ញុំ​គាំទ្រ​ក្រុម​ដែល​អំពាវនាវ​ឱ្យមាន​រដ្ឋាភិបាល​មួយ​ដែល​កើតចេញ​ពី​ការបោះឆ្នោត ដោយ​មិន​ព្យាយាម​ប្រើល្បិច​​ណាមួយ​ដើម្បី​ពន្យារពេល​ការបោះឆ្នោត “​។​

​នៅ​ខែ​នេះ​ជា​ខួប​លើក​ទី​៤​នៃ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន​អូ​ចា ហើយ​បាតុកម្ម​ប្រឆាំង​របប​យោធា​ដ៏​ធំ ត្រូវបាន​គ្រោងទុក​ហើយ​​ផងដែរ​។ លោក Somyot Prueksakasemsuk បាន​និយាយ​ថា​បរិយាកាស​នៅពេលនេះ​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​អំឡុង​ខែ​ឧសភា​ឆ្នាំ​១៩៩២ នៅពេល​ដែល​កុបកម្ម​ប្រឆាំង​​នឹង​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​យោធា​បានបញ្ចប់​ដោយ​ការបង្ក្រាប​ដោយ​បង្ហូរឈាម​។​

​លោក Somyot Prueksakasemsuk បាន​និយាយថា បើសិន មិនមាន​អ្វី​មួយ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ផ្លាស់ប្តូរ​ស្ថានភាព​ដែល​កំពុង​កើត​នៅ​ប្រទេស​ថៃ​នោះ​ទេ ការធ្វើ​បា​តុ​​កម្ម​មួយទៀត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នឹង​អាច​ផ្ទុះឡើង​។​

​ដោយ​ប្រឆាំង​ជម្លោះ​នយោបាយ​ដែល​ឈានទៅដល់​ការបង្ក្រាប​ដោយ​បង្ហូរឈាម​ទៅលើ​ក្រុមបាតុករ​អាវ​ក្រហម​ក្នុង​ឆ្នាំ ២០១០​ឆ្នាំ​នោះ លោក Somyot Prueksakasemsuk ត្រូវបាន​កំណត់ថា​ជា​សមាជិក​នៃ​”​ជំរំ​ប្រឆាំង​រាជាធិបតេយ្យ​”​ដោយ​រដ្ឋាភិបាល​របស់​លោក Abhisit Vejjajiva​នៅពេលនោះ ។ លោក ​ត្រូវបាន​ចាប់ឃុំខ្លួន​ដោយ​មិន​ធ្វើការ​ចោទប្រកាន់​អស់​រយៈពេល​១៩​ថ្ងៃ​នៅ​ជំរំ​យោធា​។

​លោក Somyot Prueksakasemsuk ត្រូវបាន​ចាប់ខ្លួន​ម្តងទៀត កាលពី​ថ្ងៃទី​៣០​ខែ​មេសា ឆ្នាំ​២០១១​បន្ទាប់ពី​ធ្វើ​យុទ្ធនាការ​ដើម្បី​ប្រមូល​ហត្ថលេខា​ចំនួន​១០.០០០​សម្រាប់​ញត្តិ​តវ៉ា​មួយ ដែល​អំពាវនាវ​ឱ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ប្រឆាំង​ការប្រមាថ​ស្តេច​។ គាត់​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​ចំនួន​១០​ឆ្នាំ​ពី​បទ​ចុះផ្សាយ​អត្ថបទ​ប្រមាថ​​សេ្ត​ច​ថៃ ប៉ុន្តែ​ទោស​នេះ ត្រូវបាន​កាត់បន្ថយ​ម​កនៅ​ជាប់គុក​៦​ឆ្នាំ​កាល​ពី​ឆ្នាំមុន ដោយ​តុលាការ​ជាន់ខ្ពស់ ដោយសារតែ​លោក​មិនមែន​ជា​អ្នកសរសេរ​អត្ថបទ​នេះ​៕


​លោក Somyot Prueksakasemsuk សកម្មជន​ថៃ ដែល​ទើប​ចេញពី​គុក​