សកម្មភាព​ការងារ​បក្ស​និង​ការងារ​សង្គម​ធ្វើឡើង​ព្រម​គ្នា​

908
ចែករម្លែក

​ដោយ : ​យោធិន​/ ព្រះសីហនុ : ​ចុង​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ លោក​ប៉ុល សារឿន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​បក្ស​ប្រជាជន​កម្ពុជា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ ខេត្ត​ព្រះសីហនុ បន្ទាប់ពី​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ក្នុងភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា សំដៅ​ស្វែងយល់​ពី​ផលប៉ះពាល់​ដែល​បង្កឡើង​ដោយ​គ្រោះធម្មជាតិ​ទឹកជំនន់​នាពេល​បច្ចុប្បន្ននេះ​។ នៅ​ថ្ងៃ​ដដែល​នេះ​ដែរ​លោក​ប្រធាន​ក្រុមការងារ​ក៏បាន​បន្ត ដំណើរ​ចុះ​តាម​បណ្តា​ឃុំ រួមមាន​៖ ឃុំ​អូរ​បាក់រទេះ ស្ទឹង​ឆាយ​ក្នុងស្រុក​កំពង់សីលា និង​ឃុំ​តា​នៃ ព្រៃនប់ អូរ​ឧកញ៉ា​ហេង បិត​ត្រាង​ក្នុងស្រុក​ព្រៃនប់ ដើម្បី​ត្រួត​ពិនិត្យមើល​នូវ​គោលការណ៍​ដែល​បាន​ដាក់ចេញ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​គណបក្ស​ខេត្ត ពាក់ព័ន្ធ​ទៅលើ​វិស័យ​សកម្មភាព​បោះឆ្នោត​នា​ថ្ងៃទី​២៩ ខែកក្កដាខាងមុខ​។

លោក​ប៉ុល សារឿន បាន​ថ្លែង​បញ្ជាក់ថាៈ​ជា​លទ្ធផល​យើង​ឃើញថា តាម​បណ្តា​គណបក្ស​ឃុំ បាន​យកចិត្តទុក​ដាក់​ប្រចាំការ និង​អនុវត្តន៍​បានល្អ​នូវ​គោលការណ៍​ដែល​ដាក់ចេញ ។

​ទន្ទឹមនេះដែរ លោក​ប៉ុល សារឿន​ក៏បាន​លើកទឹកចិត្ត ជំរុញ និង​កែលម្អ​នូវ​ចំណុច​ខ្វះខាត​មួយចំនួន ផ្តល់ជូន​ដល់​សកម្មជន ព្រមទាំង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​គោលបំណង​សម្រេចបាន​ជោគជ័យ​សម្រាប់​ការបោះឆ្នោត​អណ​ត្តិ​ទឺ​៦ នា​ចុង​សប្តាហ៍​ខាងមុខនេះ​។​

​ឆ្លៀត​ក្នុងឱកាស​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​ខាងលើនេះ​ផងដែរ​។ លោក​ប៉ុល សារឿន​ក៏បាន​ថ្លែងអំណរគុណ​យ៉ាងជ្រៅ​ចំពោះ ប្រធាន អនុប្រធាន​គណបក្ស​ឃុំ​នៃ​ស្រុក​ព្រៃនប់ និង​ស្រុក​ស្ទឹងហាវ ព្រមទាំង​ក្រុមការងារ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​បំពេញ​ភារកិច្ច​របស់ខ្លួន សំដៅ​សម្រេចបាន​ជោគជ័យ​១០០% ជូន​គណបក្ស​ប្រជា ជនកម្ពុជា ដើម្បី​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការដឹកនាំ​ប្រទេសជាតិ រក្សាបាន​រឹងមាំ​នូវ​សន្តិភាព ដើម្បី​ការអភិវឌ្ឍ​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​៕B/សរន

លោក​ប៉ុល សារឿន អញ្ជើញ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ និង​សំណេះសំណាល​ជាមួយ សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រះសីហនុ​

#