សកម្មភាព​ជាក់ស្តែង​ជាជាង​ការនិយាយ​តែ​មាត់ រំពឹង​កើតឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល G20

247
ចែករម្លែក

ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​នឹងធ្វើ​ដំណើរ​ទៅ​ទីក្រុង​អូ​សា​កាប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​មិថុនា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល G20 លើក​ទី ១៤​។ នេះ​គឺជា​លើក​ទី ៧ ហើយ​ដែល​លោក​ប្រធានាធិបតី​ស៊ី ជីន​ពីង​ចូលរួម​ឬ​រៀបចំ​កិច្ចប្រជុំ​កំពូល G20​។ នៅក្នុង​កិច្ចប្រជុំ​កំពូល G20 លើក​មុនៗ មេដឹកនាំ​ចិន​បានដាក់​ចេញ​នូវ​គំនិត​របស់​ចិន​ដើម្បី​កែលម្អ​អភិបាលកិច្ច​សេដ្ឋកិច្ច​សកលលោក ផ្តល់​វិភាគទាន​គំនិត​ប្រាជ្ញា​របស់​ចិន និង បង្ហាញ​នូវ​សារៈសំខាន់​ជាប់លាប់​ដែល​ចិន​បាន​ភ្ជាប់​ទៅនឹង​ការចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិការ​រ​បស់​ក្រុម​ប្រទេស G20 និង​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ក្នុងនាម​ជា​ប្រទេស​ធំ​មួយ​លើ​ពិភពលោក​។​

កិច្ចប្រជុំ​កំពូល G20 នឹង​ចាប់ផ្តើម​នៅ​ទីក្រុង​អូ​សា​កា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ មិថុនា

​កិច្ចប្រជុំ​កំពូល G20 បាន​កើតឡើង​ក្នុង​គ្រា​ដ៏​លំបាក​។ នៅ​ឆ្នាំ ២០០៨ វិបត្តិ​ហិរញ្ញវត្ថុ​ដែល​កើតចេញពី​សហរដ្ឋ​អាម៉េរិក​បាន​វាយលុក​ពិភពលោក​ទាំងមូល​។ ដើម្បី​ទប់ស្កាត់​វិបត្តិ​នេះ​កុំឱ្យ​ធ្លាក់​ចូលទៅក្នុង​វិបត្តិ​សេដ្ឋកិច្ចពិភពលោក ពួក​មេដឹកនាំ​ក្រុម​ប្រទេស G20 បាន​ពិភាក្សា​យុទ្ធសាស្ត្រ​នានា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ជា​លើកដំបូង ខណៈដែល​ប្រទេស​កំពុង​អភិវឌ្ឍ​និង​បណ្តា​សេដ្ឋកិច្ច​កំពុង​ងើបឡើង​ជាច្រើន​បាន​ដើរតួនាទី​យ៉ាងសំខាន់ ហើយ​សមាជិក​សេដ្ឋកិច្ច​ជាច្រើន​បានអនុម័ត​សកម្មភាព​រួមគ្នា រួមមាន​សកម្មភាព​ជំរុញ​រូបិយវត្ថុ ការពង្រីក​ថវិកា និង កំណែទម្រង់​ច្បាប់​។ ចំណាត់ការ​នេះ​បានធ្វើឱ្យ​វិបត្តិ​ស្ថិតក្រោម​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​និង​សង្គ្រោះ​ទំនុកចិត្ត​ទីផ្សារ​ឡើងវិញ​។​

​ក្នុង​រយៈពេល ១០ ឆ្នាំ​កន្លងមកនេះ កិច្ចប្រជុំ​កំពូល G20 បាន​ផ្លាស់ប្តូរ​បន្តិច​ម្តងៗ​ពី “​យន្តការ​ឆ្លើយតប​វិបត្តិ​” ទៅជា “​យន្តការ​អភិបាលកិច្ច​រយៈពេល​វែង​” សម្រាប់​សេដ្ឋកិច្ចពិភពលោក ហើយ​បាន​ក្លាយជា​យន្តការ​ពហុ​ភាគី​ដ៏​សំខាន់​នៅក្នុង​វិស័យសេដ្ឋកិច្ច​អន្តរជាតិ​។ ទោះយ៉ាងណា ជាមួយនឹង​ការកើនឡើង​នៃ​ឯកតោភាគី​និយម ការ​គាំពារ​និយម និង​ការប្រឆាំង​សកលភាវូបនីយកម្ម ជាពិសេស​ការកើនឡើង​នៃ​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​ដែល​បង្កឡើង​ដោយ​ឯកតោភាគី​ដោយ​សហរដ្ឋ​អាម៉េរិក សមាជិក​ប្រទេស G20 បាន​រង​ផលប៉ះពាល់​ក្នុង​កម្រិត​ខុសៗ​គ្នា ដែល​នាំមក​នូវ​បញ្ហា​ប្រឈម​កាន់តែ​ស្មុគស្មាញ​និង​ការលំបាក​ដល់​កិច្ចប្រជុំ​កំពូល G20 នៅ​ទីក្រុង​អូ​សា​កា​។​

​យោងតាម​អង្គការ​សហប្រតិបត្តិកា​រ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍ (OECD) បានឱ្យដឹងថា ក្នុង​ត្រីមាស​ទី ១ នៃ​ឆ្នាំនេះ ការនាំចេញ​របស់​សមា​ជិ​ក​ក្រុម​ប្រទេស G20 ជាច្រើន​បាន​ធ្លាក់ចុះ​និង​កំណើនសេដ្ឋកិច្ច​របស់​ពួកគេ​បាន​ចុះខ្សោយ​។ កូរ៉េខាងត្បូង ប្រេ​ស៊ី​ល រុស្ស៊ី ឥណ្ឌូនេស៊ី ជប៉ុន និង​ប្រទេស​ជា​សមាជិក​ដទៃទៀត​បាន​ឃើញ​ការធ្លាក់ចុះ​យ៉ាងគំហុក​នៃ​ការនាំចេញ​ធៀប​នឹង​ត្រីមាស​មុនៗ​។ ធនាគារកណ្តាល​កូរ៉េ​បានប្រកាសថា គិត​ត្រឹម​ខែឧសភា​ឆ្នាំនេះ ការនាំចេញ​របស់​ប្រទេស​នេះ​បាន​ធ្លាក់ចុះ​៦​ខែ​ជាប់ៗ​គ្នា​ហើយ ដែល​បណ្តាលឱ្យ​ធ្លាក់ចុះ ០,៣ ក្នុង​ត្រីមាស​នីមួយៗ​គិត​ជា​ផលិតផល​ក្នុងស្រុក​សរុប​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងត្បូង​មួយចំនួន​ជឿជាក់ថា​នេះ​គឺ​ដោយសារតែ​អ្នក​នាំចេញ​របស់​កូរ៉េខាងត្បូង​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ប្រទេស​ចិន​និង​សហរដ្ឋ​អាម៉េរិក​។ កូរ៉េខាងត្បូង​ងាយ​នឹងរង​សម្ពាធ​សេដ្ឋកិច្ច​សកលលោក​ណាស់ និង ត្រូវគេ​ស្គាល់​ថា “​ចាប​លឿង​” នៅក្នុង​សេដ្ឋកិច្ចពិភពលោក​។ ការធ្លាក់ចុះ​សេដ្ឋកិច្ច​របស់​កូរ៉េខាងត្បូង​អាច​ចង្អុលបង្ហាញ​ពី​ហានិភ័យ​នៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ចពិភពលោក​ឬ​សូម្បី​វិបត្តិ​ណាមួយ​ទៀតផង​។​

​អង្គការ​និង​ស្ថាប័ន​សំខាន់ៗ​បាន​ទម្លាក់​ចុះ​ការរំពឹងទុក​នៃ​កំណើនសេដ្ឋកិច្ច​សកលលោក​។ អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ (IMF) ជឿជាក់ថា កំណើន​ពាណិជ្ជកម្ម​ពិភពលោក​អាច​នឹង​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ ដោយសារតែ​ការ​រាលដាល​នៃ​ជម្លោះ​ពាណិជ្ជកម្ម​។ របាយការណ៍​ស្តីពី​ទស្សនវិស័យ​សេដ្ឋកិច្ច​ស​កល​របស់​ធនាគារពិភពលោក​ដែល​បានចេញ​ផ្សាយ​ក្នុង​ខែមិថុនា​នេះ​បាន​បន្ទាប​ការព្យាករណ៍​កំណើនសេដ្ឋកិច្ច​ពិភពលោក​សម្រាប់​ឆ្នាំ ២០១៩ មក​នៅត្រឹម ២,៦ ភាគរយ​ពី​ការព្យាករណ៍​លើក​មុន ២,៩ ភាគរយ​ដែល​បានធ្វើ​នៅ​ខែមករា​។ លោក ជែ​ន វៀល​ម៉ាន់ (Jens Weidmann) ទេសាភិបាល​ធនាគារកណ្ដាល​អាល្លឺម៉ង់ បាន​ពិពណ៌នា​ជម្លោះ​ពាណិជ្ជកម្ម​នាពេល​បច្ចុប្បន្ន​ថា​ជា “​បញ្ហា​ប្រឈម​របស់​សកលលោក​” ហើយ​ប៉ាន់ប្រមាណ​ថា​ការកែទម្រង់​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​អាច​បន្ថយ​ពាណិជ្ជកម្ម​ពិភពលោក​១​ភាគរយ​ក្នុង​រយៈពេល​មធ្យម​។ របាយការណ៍​ថ្មី​មួយ​ដោយ​ធនាគារ Morgan Stanley បានឱ្យដឹងថា សេដ្ឋកិច្ចពិភពលោក​អាច​ចាប់ផ្តើម​ធ្លាក់ចុះ​ក្នុង​រយៈពេល ៩ ខែ​ដំបូង​គិតពី​ឥឡូវនេះ​ទៅ​។​

​ក្នុង​គ្រា​ប្រឈម​នឹង​វិបត្តិ​ជាបន្ទាន់​និង​ភាពមិនច្បាស់លាស់​នេះ ភាគី​ពាក់ព័ន្ធ​ទាំងអស់​រំពឹងទុក​ថា សមាជិក G20 នឹង​បង្ហាញ​ពី​ទំនុកចិត្ត​និង​ភាពក្លាហាន​របស់​ពួកគេ​ដល់​ពិភពលោក​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​កិច្ចប្រឹងប្រែង​រួមគ្នា​។ ហេតុដូច្នេះ វា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​យកចិត្តទុកដាក់​លើ​ការផ្តោត​សំខាន់​ដំបូង​នៃ​កិច្ចប្រជុំ​កំពូល G20 និង​បន្ត​រក្សា​ការពិត​ចំពោះ​បេសកកម្ម​បង្កើតឡើង​ដំបូង​របស់ខ្លួន​។​

G20 គ្របដណ្តប់ ៦៦ ភាគរយ​នៃ​ប្រជាជន​ពិភពលោក និង រួមចំណែក ៨៥ ភាគរយ​នៃ​សេដ្ឋកិច្ចពិភពលោក ៧៥ ភាគរយ​នៃ​ពាណិជ្ជកម្ម​អន្ដរជាតិ​ទូទាំង​ពិភពលោក និង ៨៥​ភាគរយ​នៃ​ការវិនិយោគ​សកលលោក​។ ប្រវត្តិសាស្ត្រ​នៃ​កិច្ចប្រជុំ​កំពូល G20 ជាង ១០ ឆ្នាំ​មកនេះ​បានបង្ហាញ​យ៉ាង​ពេញលេញ​ថា ដរាបណា​សមាជិក​សេដ្ឋកិច្ច​ទាំងអស់​អាច​ស្វែងរក​មូលដ្ឋាន​រួមគ្នា​ខណៈ​រក្សា​ការខ្វែងគំនិត​គ្នា​នៅ​ដាច់ដោយឡែក សម្របសម្រួល​តួនាទី​របស់ខ្លួន​និង​ប្រកាន់ខ្ជាប់​នូវ​ភាព​បើកចំហ​និង​កិច្ច​សហប្រតិបត្តិ នោះ​យន្តការ​ពហុភាគី​របស់​ក្រុម​ប្រទេស G20 គឺមាន​សមត្ថភាព​ពេញលេញ​ក្នុងការ​សម្រាល​វិបត្ដិ​និង​ដាក់​សេដ្ឋកិច្ចពិភពលោក​នៅលើ​ផ្លូវត្រូវ​វិញ​។​

​ក្នុងនាម​ជា​សមាជិក​មួយ​របស់ G20 ប្រទេស​ចិន​បានធ្វើការ​បកស្រាយ​លម្អិត​លើ​គំនិត​និង​គោលជំហរ​ជាច្រើន​ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គ្រប់គ្រង​ភាពចលាចល​ហិរញ្ញវត្ថុ​និង​ដោះស្រាយបាន​ត្រឹមត្រូវ​ជាមួយ​វិបត្តិ​។ នៅ​កិច្ចប្រជុំ​កំពូល G20 នៅ​ទីក្រុង​ហាវ​ចូ​វ​ក្នុង​ឆ្នាំ ២០១៦ ចិន​បានផ្តល់ “​សេចក្តី​បង្កា​ប់​” សម្រាប់​កំណើនសេដ្ឋកិច្ច​ពិភពលោក​រួមទាំង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​គោល​នយោបាយ​ម៉ាក្រូសេដ្ឋកិច្ច ការអភិវឌ្ឍ​តាម​វិធី​ច្នៃប្រឌិត ក្តោប​ក្តា​ប់យក​ឱកាស​កំណើនសេដ្ឋកិច្ច ជំរុញ​អភិបាលកិច្ច​សេដ្ឋកិច្ច​សកលលោក កសាង​សេដ្ឋកិច្ចពិភពលោក​ដែល​បើកចំហ និង​ជំរុញឱ្យមាន​កំណើន​ប្រកបដោយ​និរន្តរភាព​រួមគ្នា​។​

​សំណើ​ទាំងនេះ​បានបង្ហាញ​ពី​ឥរិយាបថ​របស់​ចិន​ក្នុងនាម​ជា​ប្រទេស​សំខាន់​មួយ​ដែលមាន​ទំនួល​ខុសត្រូវ​និង​បានទទួល​ការសរសើរ​ជា​ឯកច្ឆន្ទ​ពី​សហគមន៍​អន្តរជាតិ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ប្រទេស​ចិន​តែងតែបាន​អនុវត្ត​គំនិត​ទាំងនេះ​ក្នុង​លក្ខណៈ​រួមផ្សំ​ជាមួយ​ចំណេះដឹង​និង​សកម្មភាព​ហើយ​បាន​ក្លាយជា​សន្ទះ​បិទ​បើក​មួយ​នៅក្នុង​ព្យុះ​សេដ្ឋកិច្ច​សកល​និង​ជា​ប្រភព​កម្លាំងចលករ​សម្រាប់​កំណើនសេដ្ឋកិច្ច​ពិភពលោក​។​

​ជាការ​ពិត កម្មវិធី​និង​សំណើ​ទាំងនេះ​របស់​ចិន​ឆ្លុះបញ្ចាំង​ពី​សំឡេង​របស់​ប្រទេស​ចិន​ដើម្បី​បន្ត​ការរីកចម្រើន​និង​ការអភិវឌ្ឍន៍​។ ជា​លទ្ធផល​ដែល​មិនអាច​ជៀសវាង​រួច​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ទីផ្សារ​និង​វឌ្ឍនភាព​បច្ចេកវិជ្ជា សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​គឺមាន​សន្ទុះ​ចាប់​មិន​ឈ្នះ​ឡើយ​។ ប៉ុន្តែ​ប្រសិនបើ​ការ​រាលដាល​ជម្លោះ​ពាណិជ្ជកម្ម​បន្ត​កើនឡើង នោះ​ការ​ស្ទុះ​ងើប​សេដ្ឋកិច្ច​សកលលោក​នឹង​ពុំមាន​ទស្សនវិស័យ​ល្អ​នោះទេ​។​

​ដោយសារ​ហេតុផល​នេះ លោកស្រី​គ្រីស្ទី​ន ឡា​ហ្គា​ដ នាយក IMF បាន​សង្កត់ធ្ងន់ថា “​អាទិភាព​ជាបន្ទាន់​គឺ​ដោះស្រាយ​ភាព​តានតឹង​ពាណិជ្ជកម្ម​បច្ចុប្បន្ន​”​។ ប្រទេស​ជប៉ុន​ដែលជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អូ​សា​កា​ក៏បាន​ព្រមាន​ផងដែរ​ចំពោះ​ការកើនឡើង​នៃ​ការ​គាំពារ​និយម​ផ្នែក​ពាណិជ្ជកម្ម​នៅក្នុង​ឯកសារ​ពណ៌​ស​ស្តីពី​ពាណិជ្ជកម្ម​អន្តរជាតិ​ឆ្នាំ ២០១៩​។ កាសែត Nihon Keizai Shimbun បាន​កត់សម្គាល់ថា​អាទិភាព​កំពូល​របស់ G20 គឺ​ត្រូវ​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម ហើយ​សង្ឃឹមថា​កិច្ចប្រជុំ​កំពូល​អូ​សា​កា​នឹង​អាច​ទប់ទល់​បាន​យ៉ាង​ពេញលេញ​នឹង​ការ​គាំពារ​និយម​។​

​ក្នុង​គ្រា​កំពុង​ប្រឈម​នឹង​ការកើនឡើង​ហានិភ័យ​និង​ភាពមិនច្បាស់លាស់​លើ​សកលលោក ពិភពលោក​ទាំងមូល​រំពឹងថា ក្រុម​ប្រទេស G20 នឹង​ក្លាយទៅជា “​ក្រុម​ប្រទេស​ដែល​ធ្វើ​សកម្មភាព​” ជាជាង “​ក្រុម​ប្រទេស​ដែល​និយាយ​តែ​មាត់​”​។ ក្នុងន័យនេះ គ្រប់ភាគី​ទាំងអស់​ត្រូវ​សម្របសម្រួល​តួនាទី​របស់ខ្លួន ដោះស្រាយ​ការខ្វែងគំនិត​គ្នា​ឱ្យបាន​ត្រឹមត្រូវ បង្កើត​មតិ​ឯកច្ឆន្ទ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​។ ក្នុងចំណោម​ពពក​ខ្មៅ​ងងឹត​នៃ​សេដ្ឋកិច្ចពិភពលោក ច្បាស់​ជាមាន​ពន្លឺ​ស​ចែងចាំង​មួយ​ឆ្ពោះទៅរក​បន្លឺ​ចម្រុះ​ពណ៌​ដ៏​ស្រស់ស្អាត​៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ CGTN