សកម្មភាព​ធម្មតា​ដែល​តែងតែ​កើតឡើង​ដើម្បី​ការពារ​សុខសន្តិភាព

164
ចែករម្លែក

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ​មិន​ថា នៅ​រាជធានី​ភ្នំពេញ ឬ​តាម​បណ្តា​ខេត្ត​នានា ពិសេស​ខេត្ត​ជាប់​ព្រំដែន​ថៃ​នោះទេ គឺមាន​ការហ្វឹកហ្វឺន និង​ការ​ចល័ត​កងកម្លាំង​គ្រប់​ប្រភេទ​រួមមាន ប៉ូលិស ប៉េអឹម និង​ទាហាន​។ សកម្មភាព​របស់​កង​កម្លាំងប្រដាប់អាវុធ​ទាំងនេះ បានធ្វើ​ឡើង ក្នុង​គោលដៅ​បង្កើន​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​របស់​ប្រជាជន​តែប៉ុណ្ណោះ​។ ប្រជាជន​កម្ពុជា មិន​ថា នៅ​ភ្នំពេញ នៅ​ខេត្ត ឬ​នៅទីណា​ទេ សូមកុំ​មានការ​ភ្ញាក់ផ្អើល និង​ព្រួយបារម្ភ ពេល​មានការ​ចល័ត​កងកម្លាំង​ទាំងនេះ​។ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ បាន​បញ្ជាក់ថា ការហ្វឹកហ្វឺន ឬ​ការ​ចល័ត​កងកម្លាំង​គ្រប់​ប្រភេទ ជាពិសេស​ការហ្វឹកហ្វឺន​ចល័ត​កងកម្លាំង​បីប្រភេទ នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ កាលពី​សប្តាហ៍​កន្លងទៅ គឺធ្វើឡើង ដើម្បី​បង្កើន​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង​សុវត្ថិភាព​តែប៉ុណ្ណោះ​។

​ក្នុង​ពិធី​ទទួល​ដំណើរ​និវត្តន៍​កងវិស្វកម្ម​លេខ​៥៩៤ ដែល​បានបញ្ចប់​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​កាលពី​រសៀល​ថ្ងៃទី​៤ ខែវិច្ឆិកា សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បន្ថែមថា កងទ័ព​កម្ពុជា បាន​ត្រៀម​រួចរាល់ ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​សកម្មភាព ដែលមាន​គោលដៅ​បំផ្លាញ​សុខសន្តិភាព នៅ​កម្ពុជា​។ នោះ​គឺ​ការប្រកាស​របស់លោក សម រង្ស៊ី ដោយមាន​ទាំង​ផែនការ​បង្ក​អសន្តិសុខក្នុងប្រទេស ដោយ​ការធ្វើ​ចលនា​កៀរគរ​ពលករ​នៅ​ថៃ ចូល​កម្ពុជា ក្នុង​បំណងគាំទ្រ​ចលនា​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់នៅ​កម្ពុជា​។​

​ក្រៅពី​ការ​ហ្វឹក​ហ្វា​ត់ និង​ចល័ត​កងកម្លាំង​រួមគ្នា រវាង​ប៉ូលិស ទាហាន និង​ប៉េអឹម នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ ក៏មាន​ការដាក់​ពង្រាយ​ឈរជើង​នូវ​កងកម្លាំងប្រដាប់អាវុធ នៅតាម​អាកាសយានដ្ឋាន ច្រកព្រំដែន​គោក និង​តាម​ព្រំដែន​សមុទ្រ​ផងដែរ​។ វិធានការ​ទាំងនេះ ដើម្បី​បង្កើន​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង​សុវត្ថិភាព ស្រប​ពេលដែល​ទណ្ឌិត សម រង្ស៊ី បានបង្ហាញ​ផែនការ​បង្ក​អសន្តិសុខ ក្នុងប្រទេស ដោយ​ធ្វើ​ចលនា​កៀរគរ​ប្រជាជន និង​ពលករ​នៅក្រៅ​ប្រទេស ពិសេស​នៅ​ប្រទេស​ថៃចូល​កម្ពុជា មក​គាំទ្រ​ចលនា​របស់ខ្លួន ធ្វើ​រដ្ឋប្រហារ ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ដែលជា​ទិវា​បុណ្យខួប​ឯករាជ្យ​ជាតិ​។​

​នៅ​ផ្ទៃ​ក្នុងប្រទេស ​ពិសេស​ចាស់ៗ​នៅតាម​ស្រុកកំណើត នៅ​បណ្តា​ខេត្ត បាន​ហៅ​កូនចៅ ដែល​ធ្វើ​ការងារ រៀនសូត្រ នៅ​ភ្នំពេញ ដូចជា កម្មករ​កាត់ដេរ កម្មករសំណង់ ជាដើម ឲ្យ​វិលត្រឡប់​ទៅ​ស្រុកកំណើត ជុំវិញ​ក្រុមគ្រួសារ នៅ​អំឡុងពេល​ពិធីបុណ្យ​អុំទូក​នេះ​។ ក្នុងនោះ នៅ​ដើម​សប្តាហ៍​នេះ កម្មករ​កាត់ដេរ និង​កម្មករសំណង់​មួយចំនួន នៅ​ភ្នំពេញ បាន​វិលត្រឡប់ ទៅ​ស្រុកកំណើត នៅតាម​ខេត្ត​ជា​បណ្តើរៗ​ហើយ​។ ដោយឡែក នៅ​ភ្នំពេញ ក៏មាន​ប្រជាជន​មួយចំនួន​ព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ ហើយ​នាំគ្នា​ទិញ​ស្បៀង អង្ករ មី ទុក​នៅផ្ទះ ដោយ​បារម្ភ​ខ្លាច​មាន​បញ្ហា​អសន្តិសុខ នៅ​ថ្ងៃទី​៩​វិច្ឆិកា​។ អ្នកមាន​ពិធីការ​កូន ក៏​បារម្ភខ្លាច​ស្រុកទេស ជ្រួលច្របល់ ជាពិសេស​នៅ​ភ្នំពេញ នៅ​ថ្ងៃបុណ្យ​ឯករាជ្យ ថ្ងៃ​៩​វិច្ឆិកា និង​ពិធី​បុណ្យអុំទូក ចាប់ពី​ថ្ងៃទី​១០-១២ វិច្ឆិកា ផងដែរ​។​

​យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់ ដោយមាន​ទាំង​បង្កើន​កងកម្លាំងប្រដាប់អាវុធ ចេញ​ល្បាត និង​ឈរជើង ប្រចាំការ​នៅតាម​ច្រកព្រំដែន មិន​ថា តាមផ្លូវ​អាកាស តាមផ្លូវ​គោក និង​តាម​ផ្លូវទឹក​នោះទេ​។ វិធានការ​ទាំងនេះ ដើម្បី​ទប់ស្កាត់​នូវ​ការប៉ុនប៉ង​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី ដែល​បានប្រកាស​ពី​ផែនការ​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ចលនា​កៀរគរ​មនុស្ស ក្នុង​បំណង​ធ្វើ​រដ្ឋប្រហារ តាមរយៈ​បដិវត្ត​ពណ៌ ដោយ​កម្លាំង​ប្រជាជននៅ​ថ្ងៃទី​៩​វិច្ឆិកា​។ ប៉ុន្តែ​បើ​មើល​ពី​សភាពការណ៍​ជាក់ស្តែង​វិញ គឺ​គ្រប់​ច្រក មិន​ថា​ផ្លូវអាកាស ផ្លូវគោក និង​ផ្លូវទឹក​ទេ គឺ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់វិធានការ​រួចរាល់​ហើយ មិន​ឲ្យ​ទណ្ឌិត សមរង្ស៊ី និង​បក្ខពួកអាចឈាន​ជើង ចូល​ដី​ខ្មែរ​បាន​នោះទេ​។ ជា​ឧទាហរណ៍​ជាក់ស្តែង សូម្បីតែ​លោកស្រី មូរ​សុខ​ហួរ អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មិនអាច​ចូល​ទឹកដី​ថៃ ដើម្បី​យក​ទឹកដី​ថៃបង្ក​កម្លាំង​នយោបាយ ជ្រៀតចូល​ទឹកដី​កម្ពុជា​បានឡើយ​។

​ថៃ រួមទាំង​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត ពិសេស​វៀតណាម និង​ឡាវ ដែល​ជាប់​ព្រំដែន​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​ក្រុម​ទណ្ឌិត​សមរង្ស៊ី យក​ទឹកដី​របស់ខ្លួន ធ្វើ​នយោបាយ​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​នោះទេ​។​គេ​នៅចាំ​មិន​ភ្លេច​ទេ​ថា អំឡុងពេល​កើតមាន​ព្រឹត្តិការណ៍​ផ្ទុះអាវុធ កាលពី​ថ្ងៃទី​០៥-០៦ ខែកក្កដា ឆ្នាំ​១៩៩៧ ដែល​កើតចេញពី​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​រាជធានី​ភ្នំពេញ គឺ​កាលណោះ រាជរដ្ឋាភិបាល​កម្ពុជា បាន​គ្រប់គ្រង​សភាពការណ៍ ហើយ​វាយ​កម្ចាត់​អតីត​ទាហាន​ខ្មែរក្រហម រួមទាំង​ក្រុម​ប្រដាប់អាវុធ​ផ្សេងទៀត ដោយ​មិន​ឲ្យ​កម្ពុជា​ធ្លាក់​ចូលក្នុង​សង្គ្រាម​ស៊ីវិល​ទៀតឡើយ​។​

​ចុះ​លើក​នេះ បើ​ក្រុម​ចលនា​បះបោរ ដែលមាន​មេខ្លោង សម រង្ស៊ី ដឹកនាំធ្វើ​ចលនា​ពី​ចម្ងាយ ដោយ​គ្មាន​ច្រកចូល​ស្រុក​ផង​នោះ ហើយ​ម្យ៉ាងទៀត ក្រុម​ទណ្ឌិត​សមរង្ស៊ី ក៏​គ្មានកាំភ្លើង​ផង តើ​មាន​អ្វី​ត្រូវ​ខ្លាច​ចលាចល ផ្ទុះអាវុធ កើតសង្គ្រាម​ទៅ​កើត​? ដូច្នេះ​គួរតែ​ប្រជាជន​កម្ពុជា​យើង កុំ​បារម្ភ​ខ្លាំងពេកនឹង​គម្រោង​ធ្វើ​រដ្ឋប្រហារ​តាមតែ​ខ្យល់​របស់​សមរង្ស៊ី​។ ផ្ទុយទៅវិញ ប្រជាជន​កម្ពុជា​យើងគួរតែ​ជួបជុំ​រីករាយ នឹង​ថ្ងៃ​៩​វិច្ឆិកា ថ្ងៃ​ខួប​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ផង និង​ជា​ថ្ងៃ​ជួបជុំ​ទទួលទាន​អំបុក​ខ្មែរ ថែ​ជាតិ សាសនា និង​ព្រះមហាក្សត្រ ហើយ​រួមគ្នា​សប្បាយរីករាយ​បន្តទៀត នៅ​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែលជា​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅមុខ​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ ប្រសើរ​ជាជាង​ការ​ដេក​ព្រួយ ដេក​ភ័យ​នឹង​រឿងដែល​មិនអាច​កើតឡើង​នោះ​៕ ដោយ​: ម៉េង​ឆៃ​/Ha