សកម្មភាព​លួច​បូម​ប្រេង​លក់​រវាង​ឈ្មួញ​និង​តៃកុង​រថយន្ត​នៅតែមាន​ជា​ហូរហែ

647

​(​ព្រៃវែង​)៖​នាពេល​កន្លងមក​និង​បច្ចុប្បន្ននេះ​គេ​សង្កេតឃើញ​សកម្មភាព​ឈ្មួញ​ដែល​ឈរជើង​ចាំ​ទិញ​ប្រេង​ពី​រថយន្ត​ដែល​គេ​លួច​បូម​លក់​គឺ​នៅតែមាន​ជា​ហូរហែរ​ដោយ​មានការ​ត្រូវ​រូ​វ​គ្នា​រវាង​តៃកុង​រថយន្ត​និង​ឈ្មួញ​អ្នកទិញ​។​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​នៅផ្ទះ​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​សំរាប​ឃុំ​ព្រៃ​ព្នៅ​ស្រុក​ពារាំង​ខេត្តព្រៃវែង​ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ​ឡេង​ឈន​ជា​អ្នក​ឈរជើង​ចាំ​ទិញ​ប្រេង​ដែល​គេ​លួច​មក​លក់​ដោយមាន​ឃ្លាំង​នៅជាប់​ផ្ទះ​ធ្វើ​របង​ព័ទ្ធជុំវិញ​ដើម្បី​បិតបាំង​កុំឱ្យ​មហាជន​ឃើញ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា​ទីតាំង​ទទួល​ទិញ​ប្រេង​ខាងលើ​គឺ​គ្មាន​ច្បាប់ទម្លាប់​អ្វី​ទាំងអស់​ដោយ​ក្នុង​១​ថ្ងៃៗ​គេ​ឃើញ​រថយន្ត​ដឹក​ប្រេង​ទាំង​តូច​ទាំង​ធំ​បាន​ចូលមក​លក់​ប្រេង​ឱ្យឈ្មោះ​ឡេង​ឈន​មិនតិចជាង​៥​ទៅ​១០​គ្រឿង​នោះទេ​។​គឺមាន​ទាំង​រថយន្ត​តូចធំ​គ្រប់​ប្រភេទ​រថយន្ត​ដឹកទំនិញ​ឥ​វ៉ាន់​ដឹក​ថ្ម​។​ល​។​ជាង​នោះ​ទៀត​គឺ​រថយន្ត​ស៊ីទែន​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​តេ​លា​-​កាល​តិច​-​សា​វី​ម៉ិច​មាន​គ្រប់​ចំណុះ​ឱ្យតែ​ដឹក​ប្រេង​ឆ្លងកាត់​ទីនោះ​គឺ​តែងតែ​បើក​កាច់​ចូល​ឃ្លាំង​រួច​បូម​ប្រេង​លក់​ជាប្រចាំ​។​ក្នុង​នោះគេ​អាច​បូម​លក់បាន​ចាប់ពី​២​ប៊ីដុង​ទៅ​៥​ប៊ីដុង​ក្នុង​មួយ​រថយន្ត​ស៊ីទែន ដែលមាន​ចំណុះ​ពី​៧.០០០​លីត្រ​ទៅ​៤០.០០០​លីត្រ​។

​ប្រភព​បាន​បន្តថា​ការ​លួច​បូម​ប្រេង​លក់​នេះ​គឺ​តៃកុង​រថយន្ត​ទាំង​នោះបាន​ប្រើ​វិធី​ច្រើនយ៉ាង​ដើម្បីឱ្យ​ចាល់​ចំនួន​ប្រេង​សម្រាប់​យក​លក់ ដោយ​ខ្លះ​គេ​ឃុបឃិត​គ្នា​តាំងពី​កន្លែង​បូម​ចូល​ស៊ីទែន​ដោយ​ឲ្យ​បូម​លើស​ចំនួន​ខ្លះ​កេង​គុណភាព​ដោយ​ប្រើ​ទឹក​ចាក់​ចូលក្នុង​ស៊ីទែន​ដើម្បី​ឲ្យ​ទឹកធ្លាក់​មក​បាត​ស៊ីទែន​វា​ក៏​កើន​ចំនួន​ដែរ​។ តៃកុង​ខ្លះ​គាត់​បូម​សាំង​លក់​រួចហើយ​ដឹក​មកដល់​ដេប៉ូ សា​រ៉េ​ឲ្យ​កង់​រថយន្តទាប​ម្ខាង​។ ខ្លះទៀត​គេ​លៃ​ពេល​បូម​ចូល​ដេប៉ូ​ដោយ​តម្រូវ​ឲ្យ​សល់​ក្នុង​ទុយ​យោ ឬ​បើករថយន្ត​ហាលថ្ងៃ​ឲ្យ​ចំហាយ​សាំង​ឡើង បើ​ធ្វើ​វិធី​បែបនេះ​ទើប​យក​សាំង​ឱ្យ​ដេប៉ូ​មិន​ខ្វះ​គឺ​គ្រប់​ចំនួន​តែម្ដង​។​

​ដោយឡែក​ពលរដ្ឋ​ដែល​នៅ​ជិតខាង​ក្បែរ​នោះបាន​ឲ្យ​ដឹង​ទៀតថា​ពួកគាត់​មានការ​ព្រួយ​បារ​ម្មណ៍​ខ្លាំងណាស់​ពី​បញ្ហា​អគ្គិភ័យ​ព្រោះ​ទីតាំង​នោះ​គឺ​នៅជាប់​និង​ផ្ទះ​ប្រជាពលរដ្ឋ​រាប់សិប​ខ្នង​។​ម្យ៉ាងវិញទៀត​ទីតាំង​ខាងលើ​នោះ​គឺ​ធ្លាប់បាន​ភ្លើង​ឆេះ​ផ្ទះ​នោះ​ម្តងមកហើយ​កាលពី​ឆ្នាំ​កន្លងទៅ ហើយ​ពេលនេះ​គឺ​គេ​គ្រាន់តែ​យក​ដែក​ស័​ង្គ​សី​បាំង​ព័ទ្ធ​តាម​របង​កុំ​ឱ្យគេ​ឃើញតែ​ប៉ុណ្ណោះ​។

​ពាក់​ព​ន្ធ័​និង​ការចោទប្រកាន់​ខាងលើ​លោក​ឡេង​ឈន​បាន​សារភាពថា​លោក​ពិតជា​ទទួល​ទិញ​ប្រេង​ពី​រថយន្ត​ដឹក​ប្រេង​រាល់ថ្ងៃនេះ​មែន​គឺមាន​រយៈពេល​៣​ឆ្នាំ​មកហើយ​។​ក្នុងនោះ​គាត់​ក៏​ដឹង​ដែរ​ថា​នេះ​ជា​មុខរបរ​ខុសច្បាប់​តែ​មិនមាន​សមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​រូប​ណា​ចុះមក​ហាមឃាត់​ឡើយ​ព្រោះ​លោក​បាន​បង់លុយ​ឱ្យ​មន្ត្រី​ពន្ធដា​ខេត្តព្រៃវែង មួយឆ្នាំ​៤០​ម៉ឺន​រៀល ជា​ថ្នូរ​និង​ការដែល​លោក​មិន​បើក​កា​ហ្គា​រាស់​សាំង តែ​អាច​ទិញ​ប្រេង​ពី​គេ​លួច​លក់​និង​យក​លក់​បន្ត​ឱ្យ​អតិថិជន​បាន​។

​លោក​បន្តថា អ្នកបើកបរ​រថយន្ត​ដឹក​ប្រេង​ឱ្យ​ក្រុមហ៊ុន​ដែល​លួច​បូម​លក់​ឱ្យ​គាត់​គឺមាន​ចាប់ពី​១០០​លីត្រ​រហូតដល់​៤.០០០​លីត្រ ដែល​ទិញ​ចូលក្នុង​ចំនួន​២​កាន​ចំណុះ​៦០​លីត្រ​តម្លៃ​១៥​ម៉ឺន​រៀល​៕S/​ដោយ​៖​ចាន់ ថន​

សកម្មភាព​លួច​បូម​ប្រេង​លក់​រវាង​ឈ្មួញ​និង​តៃកុង​រថយន្ត​នៅតែមាន​ជា​ហូរហែ