សករាជ​នៃ​បុរស​ខ្លាំង​នៅ​អាស៊ី​!

1810
ចែករម្លែក

ដោយៈកូនខ្មែរ/ភ្នំពេញៈអាច​ចាត់ទុកជា​រឿង​អស្ចារ្យ​មួយ​ដែល​បុរស​ខ្លាំង​នៅ​អាស៊ី​កំពុង​លេចធ្លោ​ធ្វើ​ឲ្យ​ពិភព​លោក ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ បុរស​ខ្លាំង​របស់​ចិន គឺ​លោក ស៊ី ជីន​ភីង ត្រូវបាន​សភា​ប្រជាជន​ចិន បោះ​ឆ្នោត​​សម្រេច​ជា​ឯកច្ឆ័ន្ទ​កាលពី​ថ្ងៃទី​១៧ មីនា ឲ្យ​បន្ត​ធ្វើជា​ប្រធានាធិបតី​អាណត្តិ​ថ្មី​ទៀត​។ ការសម្រេច​ឲ្យ​លោក ស៊ី ជីន​ភីង ក្លាយជា​ប្រធានាធិបតី​អាណត្តិ​ថ្មី​បានធ្វើ​ឡើង បន្ទាប់ពី​ចិន​បាន កែប្រែ​រដ្ឋធម្មនុញ្ញ​រប​ស់​ខ្លួន​ដែល​អាច​បើកផ្លូវ​ឲ្យ​លោក​ស៊ី​កាន់តំណែង​ជា​មេដឹកនាំ​កំពូល​របស់​ចិន​អស់​មួយជីវិត​។

​វា​មិនមែនជា​រឿង​ចៃដន្យ​ឡើយ​សម្រាប់​ការបន្ត​កាន់តំណែង​កំពូល​រយៈពេល​យូរ​របស់លោក ស៊ី ជីន ភីង​។ បុរស​ខ្លាំង និង​ដ៏​មាន​ឥទ្ធិពល​របស់​ចិន​មាន​ក្តី​ស្រមៃ​ចង់​ធ្វើ​ឲ្យ​ប្រទេស​ចិន​ក្លាយជា ប្រទេស​អ្នកមាន​បំផុត​លើ​លោក​, ជា​មហាអំណាច​ទី​១​ទាំង​យោធា និង​សេដ្ឋកិច្ច និង​ជា​ប្រទេស ដែលមាន​មោទនភាព​បំផុត​មួយ​។ ចាប់​តាំងពី​ឡើងកាន់​អំណាច​កាលពី​ឆ្នាំ ២០១២ មក គេ​អាច សង្កេតឃើញ​ចំណុចខ្លាំង​របស់លោក​ស៊ី គឺ​ការពង្រឹង​អំណាច​បាន​យ៉ាងរឹងមាំ​, ការប្រើប្រាស់​ប្រព័ន្ធ ផ្សព្វ​ផ្សាយបាន​យ៉ាង​ល្អ និង​នយោបាយ​ប្រឆាំង​អំពើពុករលួយ​ដ៏​មាន​ប្រសិទ្ធភាព​។ មហិច្ឆតា​ដ៏ ធំធេង និង​គោលនយោបាយ​ជាក់លាក់ ប្រកបដោយ​ទស្សនៈ​វិស័យ​វែងឆ្ងាយ បានធ្វើ​ឲ្យ​លោក​ស៊ី ជី​ពីង ក្លាយជា​ទំនុកចិត្ត​ដ៏​រឹងមាំ​របស់​ប្រជាជន​ចិន​។ លោក​ស៊ី​ជា​មេដឹកនាំ​ដ៏​ខ្លាំង​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ ចិន​បន្ទាប់ពី​លោក ម៉ៅ សេទុង​។ លោក​ស៊ី​ដែលមាន​វ័យ ៦៤ ឆ្នាំ ត្រូវបាន​អ្នកខ្លះ​ប្រៀបប្រដូច​ទៅនឹង នាគ​ភ្ញាក់​ពី​ដំណេក​ដែល​ពោរពេញ​ដោយ​ថាមពល​ធ្វើ​ឲ្យ​ពិភពលោក​ចាប់អារម្មណ៍​យ៉ាង​កក្រើក​។​

​ស្របពេល​ជាមួយគ្នានេះដែរ បុរស​ខ្លាំង​របស់​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន ក៏​ត្រូវបាន​ប្រជាជន រុស្ស៊ី​បោះឆ្នោត​គាំទ្រ​ភ្លូកទឹកភ្លូកដី​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃទី ១៨ មីនា ២០១៨​។ លោក ពូ​ទីន ដែលជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​ក្នុង​លោក​ក៏មាន​ក្តី​ស្រមៃ​របស់ខ្លួន​ដែរនោះ​គឺ «​គំនិត​របស់​យើង​នឹងធ្វើ​ឲ្យ​មាន​អនាគត​ដ៏​អស្ចារ្យ​នៃ​ប្រទេស​របស់​យើង និង​អនាគត​កូនចៅ​យើង​»​។ លក្ខណៈពិសេស​របស់លោក ពូ​ទីន គឺ​ការប្រយុទ្ធប្រឆាំង​យ៉ាង​ក្លៀវក្លា​ទៅនឹង​ការជ្រៀតជ្រែក​ចូល កិច្ចការ​ផ្ទៃក្នុង​ពី​សំណាក់​មហាអំណាច​លោកខាង​លិច​។ លោកពូ​ទីន គឺជា​និមិត្តរូប​នៃ​ការការពារ អធិបតេយ្យភាព និង​បូរណភាព​ដែនដី​រុស្ស៊ី​យ៉ាងរឹងមាំ​។ ពូ​ទីន​ជា​មេដឹកនាំ​ដ៏​ឈ្លាសវៃ និង​ទប់ទល់ បាន​គ្រប់​ស្នៀត​របស់លោក​ខាងលិច​។ ទាំងនេះ​ជា​ចំណុច​ធ្វើ​ឲ្យ​លោកពូ​ទីន​ក្លាយជា​មេដឹកនាំ លេចធ្លោ និង​ទទួលបាន​ការគាំទ្រ និង​ការផ្តល់​ទំនុកចិត្ត​យ៉ាងខ្លាំង​ពី​ពលរដ្ឋ​រុស្ស៊ី​។ លោកពូ​ទីន បាន ជាប់ឆ្នោត​ក្លាយជា​ប្រធានាធិបតី​រុស្ស៊ី ជា​លើកដំបូង​កាលពី​ឆ្នាំ ២០០០ ដោយបាន​កាន់អំណាច​ពីរ អាណត្តិ​រហូតដល់​ឆ្នាំ ២០០៨ (​កាលណោះ​អាណត្តិ​ប្រធានាធិបតី​រុស្ស៊ី​មានតែ​៤​ឆ្នាំ​ទេ​)​។ បន្ទាប់ មក​ចន្លោះ​ពី​ឆ្នាំ ២០០៨ ដល់ ២០១២ ត្រូវបាន​លោក ឌី​មេ​ទ្រី មេ​ដ​វេដ​ដេ​វ កាន់តំណែង​ជា​ប្រ​ធានា ធិបតី​វិញ​ម្តង មុននឹង​លោកពូ​ទីន​ហក់​ចូលមក​កាន់តំណែង​នេះ​ជាថ្មី ចាប់ពី​ឆ្នាំ ២០១២​មក​។ បុរស អាយុ ៦៦ ឆ្នាំ​រូបនេះ បាន​កាន់​អំណាច​៣​អាណត្តិ​ជាប់​គ្នា​ពោល គឺ​អស់​រយៈពេល​១៨​ឆ្នាំ​មកហើយ​។ ឥឡូវនេះ​លោក​ត្រូវ​បន្ត​តំណែង​កំពូល​នេះ​៦​ឆ្នាំ​ទៀត​។

សម្តេចតេជោហ៊ុនសែន

​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ បុរស​ខ្លាំង​របស់​កម្ពុជា គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏ត្រូវ គេ​មើលឃើញថា នឹង​ឈ្នះឆ្នោត​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្តទៀត​ដោយ​គ្មាន​ការសង្ស័យ ឡើយ​។ បុរស​ខ្លាំង​កម្ពុជា​ដែល​បាន​កាន់កាប់​តំណែង​ដឹកនាំ​កំពូល​របស់​ប្រទេស​តាំងពី​ឆ្នាំ ១៩៨៥ មក​នៅតែ​ជា​ជម្រើស​ដែល​មិនអាច​ខ្វះ​បាន​របស់​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​។ ចំណុចខ្លាំង​របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ស្រដៀង​ទៅនឹង​លោក ស៊ី ជីន​ពីង និង​លោកពូ​ទីន​ដែរនោះ គឺជា​មេ ដឹកនាំ​ដែល​ហ៊ាន​តតាំង​ប្រឆាំង​ដាច់ខាត​ចំពោះ​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ពី​សំណាក់​មហា អំណាច​លោកខាងលិច​។ ទោះបីជា​កម្ពុជា​ជា​ប្រទេស​តូចតាច​ទន់ខ្សោយ ទើប​ងើប​ចេញពី​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ប៉ុន្តែ​មេដឹកនាំ​ប្រទេស​នេះ​បាន​កសាង​ប្រទេស​ពី​គំនរ​ផេះផង់ រហូត​ក្លាយជា​ប្រទេស​កំពុង​អ​ភី​វ​ឌ្ឍ​ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាងគេ​មួយ​ក្នុង​អាស៊ី​។​
​បើ​ក្រឡេក​ទៅ​មើល​អតីតកាល​នៃ​សម័យ​សង្គ្រាម និង​សម័យ​ខ្មែរក្រហម កម្ពុជា​បច្ចុប្បន្ន ប្រៀបបាន​នឹង​ការចាកចេញ​ពី​ឋាននរក​ទៅកាន់​ឋាន​សុខសាន្ត​ថ្មី​មួយ ដែល​ពោរពេញ​ដោយ​ការ អភិវឌ្ឍន៍​គ្រប់​វិស័យ​។ បុរស​ខ្លាំង​កម្ពុជា​ដែល​បាន​ដឹកនាំ​ចលនារ​សង្គ្រោះ​ប្រទេស​ចេញពី​របប​ខ្មែរ ក្រហម និង​បាន​នាំ​សន្តិភាព​ពេញលេញ​ជូន​ប្រទេសជាតិ​ក្រោម​នយោបាយ «​ឈ្នះ​ឈ្នះ​» ដ៏​ល្បីល្បាញ កំពុង​តតាំង​ជាមួយ​សត្រូវ​ច្រើនយ៉ាង​ក្នុង​បុព្វហេតុ​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី ក៍​ដូច ជា​រក្សា​សន្តិភាព និង​ស្ថិរភាព​សង្គម​។ ដៃ​ម្ខាង​ធ្វើសង្គ្រាម​ប្រឆាំងនឹង​ភាពក្រីក្រ​តាមរយៈ​ការអភិវឌ្ឍ ប្រទេស​គ្រប់​វិស័យ រីឯ​ដៃ​ម្ខាង​ទៀត​កំពុង​ធ្វើសង្គ្រាម​តតាំង​ជាមួយ​សត្រូវ​លូកដៃ​ពី​ខាងក្រៅ​ផង និង​សត្រូវ​ខាងក្នុង​ដែលជា​អាយ៉ង​របស់​បរទេស​ផង ដែល​ប៉ុនប៉ង​ទាញ​ទម្លាក់​សភាពការណ៍​ឲ្យ ធ្លាក់​ក្នុង​ភាពច្របូកច្របល់ ដើម្បី​គោលដៅ​ដណ្តើម​អំណាច និង​យក​កម្ពុជា​ធ្វើជា​រណប​។​

​ទោះជា​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​លំ​បិ​ន្ត​បែបនេះ​ក្តី ក៏​បុរស​ខ្លាំង​កម្ពុជា​មិនបាន​បង្ហាញ​ពី​ភាព នឿយហត់ ឬ​នឿយណាយ​ឡើយ​។ ក្នុង​វ័យ ៦៧ ឆ្នាំ លោកនាយក​រដ្ឋមន្ត្រី​ខ្មែរ​នៅតែ​បង្ហាញ​ភាព រឹងមាំ និង​ធ្វើជា​និមិត្តរូប​នៃ​សន្តិភាព អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​យ៉ាងរឹងមាំ​ដែល​កាន់ តែ​ផ្តល់​ទំនុកចិត្ត​បន្ថែមទៀត​ដល់​ប្រជាពលរដ្ឋ​អ្នកបោះឆ្នោត​។​

​ការឡើង​កាន់អំណាចរ​បស់​បុរស​ខ្លាំង​ទាំង​បីដូច​បានលើកឡើង​ខាងដើម​មាន​អត្ថន័យ ច្រើនយ៉ាង​៖
​ទី​១៖ វា​ជាការ​សបញ្ជាក់​ថា នៅ​អាស៊ី​លទ្ធិប្រជាធិបតេយ្យ​បែប​លោកខាងលិច​មិនមែនជា សេចក្តីត្រូវការ​ពិត​ប្រាកដ​ទេ​។ ប្រជាធិបតេយ្យ​អាចជា​ផ្នែក​មួយ​មិនអាច​ខ្វះ​បាន​ក្នុង​គោល នយោបាយ​ដឹកនាំ​ប្រទេស ប៉ុន្តែ​វា​ត្រូវ​រួមបញ្ចូល​ផ្នត់គំនិត​អាស៊ី និង​ផ្នត់គំនិត​របស់​ប្រទេស នីមួយៗ ទៅ​ក្នុងនោះ​ជាដាច់ខាត​។ ការប៉ុនប៉ង​ចម្លង​ប្រជាធិបតេយ្យ​បែ​បប​ស្ចឹ​ម​លោក ទាំងស្រុង​មក​អនុវត្ត​មិន​ទទួលបាន​ជោគជ័យ​ឡើយ​។ បរាជ័យ​របស់​ក្រុម​ប្រឆាំង​នៅ​រុស្ស៊ី និង នៅ​កម្ពុជា​គឺជា​ឧទាហរណ៍​ស្រាប់​។​

​ទី​២៖ ប្រជាជាតិ​អាស៊ី​ផ្តល់​តម្លៃ​ខ្លាំង​ដល់​អ្នកនយោបាយ​ដែល​តំណាង​ឲ្យ​ភាពរឹងមាំ​ដែលមាន ងារ​ជា​បុរស​ខ្លាំង​ហ៊ាន​តតាំង​ជាមួយ​ការ​លូកដៃ​ចូល​របស់​បរទេស​រាប់​ទាំង​មហាអំណាច​ផង​។ ធ្វើ​នយោបាយ​រណប​ជា​កូនអុក រឺ​កូនជឹង​របស់​បរទេស ដើរ​តាមតែ​ការគូសវាស​របស់​បរ​ទេស ដោយ​រំពឹងថា ពួក​មហាអំណាច​ទាំងនោះ​ខ្លាំង ត្រូវ​យកមក​ធ្វើជា​គ្រូ ដោយ​គ្មាន​គំនិត​ផ្តួចផ្តើម ខ្លួនឯង គឺជា​នយោបាយ​គ្មាន​តម្លៃ និង​នាំ​ដល់​បរាជ័យ​ដោយ​ចៀស​មិន​ផុត​។ ការ​រលត់ រលាយ​របស់​អតីត​បក្សប្រឆាំង​គឺជា​ឧទាហរណ៍​ជាក់ស្តែង​។

​ទី​៣៖ ពី​អំណឹះតទៅ គឺជា​សករាជ​នៃ​បុរស​ខ្លាំង​អាស៊ី​ដែល​អាច​ចាត់ទុកថា​ជា​សក​រាជនៃ ការ​ងើប​ឡើងវិញ​នៃ​គុណ​តម្លៃ​អាស៊ី ពោល គឺ​ការដឹកនាំ​ដែល​ផ្តល់​តម្លៃ​ដល់​ផ្ត​ត់​គំនិត​នៃ ប្រជាជាតិ​ខ្លួន​សំខាន់​ជាង​ការចម្លង​ពី​គេ​ទាំងស្រុង​យកមកអនុវត្ត​។

​ទី​៤៖ ជា​យុគសម័យ​នៃ​ការចុះ​ខ្សោយ​និង​ឈានទៅរក​ទីបញ្ចប់​នៃ​អ្នកនយោបាយ​ដែល​សុខ ចិត្ត​ធ្វើជា​កូនអុក​របស់លោក​ខាងលិច​ដោយ​ឥត​លក្ខខណ្ឌ ហើយ​បំភ្លេចចោល​គុណ​តម្លៃ នៃ​ប្រជាជាតិ​របស់ខ្លួន​ព្រោះតែ​សម្លឹង​ឃើញ​ឥទ្ធិពល​របស់​មហាអំណាច​លោកខាងលិច​ថា ជាទី​ជម្រក​ដ៏​សុខសាន្ត ហើយក៏​ដើរ​តាម​ខ្សែ​ញាក់​របស់គេ​ដោយ​គ្មាន​បាន​បញ្ចេញស្នាដៃ ជា​របស់​ផ្ទាល់ខ្លួន​ទាល់តែសោះ​។ អាច​និយាយបានថា ជាទី​បញ្ចប់​នៃ​ក្រុម​អ្នកនយោបាយ ដែល​ដេក​ស្រមៃ​ចង់​ក្លាយជា​ជើង​ឯង​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ហើយក៏​ចម្លង​ទ្រឹស្តី ពី​គេ​ទាំងស្រុង​មក​សូត្រ​រត់មាត់​ដូច​សេក​។

​ទី​៥៖ វាស​បញ្ជាក់​ឲ្យ​ឃើញថា កម្ពុជា​កំពុង​ដើរ​នៅលើ​ផ្លូវត្រូវ​ក្នុង​ជម្រើស​នយោបាយ​កា​ទូត របស់ខ្លួន ផ្ទុយស្រឡះ​ពី​ក្រុមអ្នកវិភាគ​មួយចំនួន​ដែល​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ ដោយសារ តែ​រនាំង​នៃ​ទស្សនៈ​នយោបាយ​ចង្អៀតចង្អល់ និង​ផ្កាប់មុខ ដែល​ឆ្កួត​វង្វេង​នឹង​ម​នៅ​គម​ន៍ វិជ្ជា​លោកខាងលិច​ហួសហេតុ​។ អាច​និយាយបានថា ជម្រើស​នយោបាយ​ការទូត​របស់ កម្ពុជា បាន​ឈានដល់​ចំណុច​ជោគជ័យ​ធំធេង​ក្នុង​សករាជ​នៃ​ការ​ងើបឡើង​ស្របៗ​គ្នា នៃ បុរស​ខ្លាំង​អាស៊ី ដែលជា​និមិត្តរូប​នៃ​ការ​ងើបឡើង​នៃ​គុណ​តម្លៃ​អាស៊ី​។​
​ទី​៦៖ របប​ដឹកនាំ​របស់​បុរស​ខ្លាំង​នៅ​អាស៊ី ជាពិសេស គឺ​កម្ពុជា នឹងមាន​ភាពរឹងមាំ​យូរអង្វែង ទៅមុខ​ពីព្រោះថា ទាំង​ចិន ទាំង​រុស្ស៊ី ដែលជា​មហាអំណាច​អាស៊ី សុទ្ធតែជា​មិត្ត​ជិតស្និទ្ធ របស់​កម្ពុជា និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដែល​អាច​គាំទ្រ​គ្នា​ទៅវិញទៅមក​គ្រប់ កាលៈទេសៈ​។ នេះ​ជា​ឱកាស​មាស​របស់​កម្ពុជា​ក្នុងការ​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ និង​ជំរុញ​ការអភិវឌ្ឍន៍​ប្រទេស​។

​សរុបទៅ ចប់​ហើយ​សក​រាជនៃ​ការ​លូកដៃ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ពី​សំណាក់ មហាអំណាច​លោកខាងលិច​។ ចប់​ហើយ​សក​រាជនៃ​អ្នកនយោបាយ​ដែល​សុខចិត្ត​ធ្វើ​កូនជឹង​ឲ្យ បរទេស​ដោយ​ឥត​លក្ខខណ្ឌ​។ ចប់​ហើយ​យុគសម័យ​នៃ​ការ​ដេក​ស្រម័យ​ចង់​ក្លាយជា​ជើងឯក ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដោយ​ចម្លង​តាម​ប​ស្ចឹ​ម​ប្រទេស​ទាំងស្រុង​។ ប៉ុន្តែ វា​ជាការ​មកដល់ នៃ​សករាជ​អាស៊ី​ជា​របស់​ជនជាតិ​អាស៊ី ~ សករាជ​នៃ​ខ្មែរ​ជា​របស់​ខ្មែរ និង​សក​រាជនៃ​ការគោរព អធិបតេយ្យភាព​គ្នា​ទៅវិញទៅមក​នៃ​បណ្តា​ប្រទេស​ផង​គ្នា​។ កម្ពុជា​ជា​មិត្ត​របស់​គ្រប់​បណ្តា​ប្រទេស លើ​លោក​ដែល​ចង់​ក្លាយជា​មិត្ត​ល្អ និង​ស្មោះសរ​ជាមួយគ្នា​។ កម្ពុជា​មានឱកាស​ច្រើនណាស់​ក្នុង ការអភិវឌ្ឍ​ប្រទេស​របស់ខ្លួន​តាមបែប​ខ្មែរ ដោយ​មិនចាំបាច់​ចម្លង​យក​គំរូ​ទាំងស្រុង​ពី​ប្រទេស​ណា មួយ​ឡើយ​។ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​បុរស​ខ្លាំង​កម្ពុជា​បច្ចុប្បន្ន​ជា​សញ្ញា​បញ្ជាក់ថា នាវា​កម្ពុជា កំពុង​បើកបរ​ក្នុងទិសដៅ​ស្របតាម​ចរន្ត​ខ្យល់​បក់ ហើយ​នាវា​ដ៏​កំសត់​មួយ​នេះ​នឹង​កាន់តែ​បោះ ពួយ​លឿនលយ​ទៅមុខ​នាំ​ពលរដ្ឋ​ខ្មែរ​ទៅកាន់​ត្រើយ​សុខសាន្ត​យ៉ាងពិត​ប្រាកដ​៕MN