សកលវិទ្យា​ល័យ​AUPP​ចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យ​អប់រំ​និង​ធនធានមនុស្ស​នៅ​កម្ពុជា​

746
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​ថា​”​សកលវិទ្យា​ល័យ AUPP​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ​និង​ធនធានមនុស្ស​នៅ​កម្ពុជា​” ។ ការ​ថ្លែង​ដូចនេះ​នៅក្នុង​ព្រឹត្តិការណ៍​លើកដំបូង​របស់​កម្ពុជា​ដែល​និស្សិត​ជ័យលាភី​រាប់សិប​នាក់​ទទួលបាន​សញ្ញាបត្រ​មកពី​សហរដ្ឋអាមេរិក បន្ថែម​លើ​សញ្ញាបត្រ​ដែល​ចេញ​ដោយ AUPP តាមរយៈ​កិច្ចសហប្រតិបត្តិការ​អប់រំ​រវាង​សកល​វិទ្យាល័យ AUPP និង​សកល​វិទ្យាល័យ​អាមេរិក​ធំៗ​ពីរ​។​

​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​កាលពី​ល្ងាច​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៨ ថា «​សកលវិទ្យា​ល័យ AUPP បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ និង​ធនធានមនុស្ស​នៅ​កម្ពុជា តាមរយៈ​ការ​ផ្តល់នូវ​ការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់ និង​ឱកាស​ដល់​និស្សិត​ក្នុងការ​ទទួលបាន​សញ្ញា​ប​ត្រ​មកពី​សាកលវិទ្យាល័យ​អាមេរិក​»​។

​លោក​សង្ឃឹម​និង​ជឿជាក់ថា​សកលវិទ្យា​ល័យ​AUPP​នឹង​ក្លាយជា​សកលវិទ្យា​ល័យ​គំរូ​សម្រាប់​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នានា​នៅ​កម្ពុជា​និង​ក្នុង​តំបន់​។​នា​ឪ​កាស​នោះដែរ​លោក​សាស្ត្រាចារ្យ​បណ្ឌិត Kenneth Dunn សកលវិទ្យា​ធិ​ការ AUPP បាន​ថ្លែងថា «AUPP សូម​ចូលរួម​អបអរសាទរ និង​កោតសរសើរ​ដល់​និស្សិត​ជ័យលាភី​ទាំងអស់ ដែល​ទទួលបាន​ជោគជ័យ ក៏ដូចជា​ទទួលបាន​ស​ញ្ញាប​ត្រ​ពី​សកល​វិទ្យាល័យ AUPP និង​សាកលវិទ្យាល័យ​ដែលជា​ដៃគូ បន្ទាប់ពី​បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​អស់​រយៈពេល​បួន​ឆ្នាំកន្លងមក​»​។

​សូមជម្រាបថា​នា​ថ្ងៃ​ដដែល​នោះ​សាកលវិទ្យាល័យ​លំដាប់​ទី​៧​របស់​សឹង្ហ​បុរី​បានសម្រេច​ចិត្ត​ចាប់ដៃ​ជាមួយ​សកល​វិទ្យាល័យ​AUPP​បន្ទាប់ពី​បាន​ពិនិត្យឃើញថា​សកលវិទ្យា​ល័យ​មួយ​នេះ​មាន​ស្តង់ដារ​អប់រំ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា ដើម្បី​សហការ​លើ​កម្មវិធីសិក្សា​និង​អប់រំ​មួយចំនួន ជាពិសេស​ការផ្លាស់ប្តូរ​និស្សិត​ពី​សឹង្ហ​បុរី​មក​កម្ពុជា​និង​ពី​កម្ពុជា​ទៅ​សឹង្ហ​បុរី ៕S/