សក្តានុពល​អេកូ​ទេសចរណ៍ តាម​ដង​ទន្លេមេគង្គ ទាក់ទាញ​ការចាប់អារម្មណ៍ ពី​ភ្ញៀវទេសចរ​

490

(​ស្ទឹងត្រែង​)៖​ខេត្ត​ប៉ែក​ឦសាន​មួយ នៃ​ប្រទេស​កម្ពុជា ដែល​សម្បូរ​ទៅដោយ​សក្តានុពល​អេកូ​ទេសចរណ៍ធម្មជាតិ តាម​ដង​ទន្លេមេគង្គ កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ភ្ញៀវ​ទេសចរណ៍ ក្នុង​ដំណើរ​កម្សាន្ត​ជា​ក្រុម​។​
​ ​
​អ្នក​នាំ​ភ្ញៀវទេសចរ​ម្នាក់ ប្រចាំខេត្ត​ស្ទឹងត្រែង លើកឡើងថា នៅក្នុង​ដំណើរ​កម្សាន្ត​តាម​ទូក នា​រដូវ​ទឹក​ស្រក ភ្ញៀវ​បរទេស​ចាប់អារម្មណ៍​​ទៅនឹង​ទេសភាព​ធម្មជាតិ​តំបន់​រាម​សា (​ព្រៃ​លិច​ទឹក​) តាម​ដង​ទន្លេមេគង្គ ចាប់ពី​ក្រុង​ស្ទឹងត្រែង រហូត​ទៅដល់​ព្រំដែន​កម្ពុជា​ឡាវ​។ បើ​ធ្វើដំណើរ​តាមផ្លូវ​ទឹក ក្នុង​ដំណើរ​កម្សាន្ត មាន​លក្ខណៈ​ជា​ក្រុម ពិតជា​សប្បាយ​ណាស់ ហើយ​ទីនោះ​យើង​មើលទៅ​ឃើញ​ភាពស្រស់​​ស្អាត​ប្លែកៗ​ជាច្រើន​។​

​ដំណើរ​តាម​ទូក យើង​ក៍​អាច​មើលឃើញ​ពី​ទេសភាព​ជាច្រើន រាប់មិនអស់ ដូចជា​ការរស់នៅ​រប​ស់បង​ប្អូន​ប្រជាពលរដ្ឋ​នៅតាម​ដង​ទន្លេ និង​តាម​ដី​កោះ​តូចៗ​។ មើល​ចម្ការ​ផលដំណាំ និង​សួន​បន្លែ នៅតាម​មាត់​ជ្រាំងទន្លេ​។ ទស្សនា​ព្រៃ​ធម្មជាតិ​… ទូក​ប្រជា​នេសាទ​។​ល​។​​អ្នក​នាំ​ភ្ញៀវទេសចរ​ខាងលើនេះ បាន​និយាយ​បន្តទៀតថា បើសិនជា​ចង់ទៅ​កាន់​ទីនោះ ត្រូវតែ​ត្រៀម​អាហារ​ជា​កញ្ចប់​សម្រាប់​ទទួលទាន​​ដោយ​ខ្លួនឯង​ផង​។ បើ​ពុំ​នោះទេ នឹង​ពិបាក​រក​ចំណីអាហារ​ណាស់​។​
​ ​
​ក៏ប៉ុន្តែ​លោក ថោង អូន ម្ចាស់​រមណីយដ្ឋាន​បក្សី​មេគង្គ បាន​រៀបរាប់​ប្រាប់​រស្មី​កម្ពុជា​ថា​ការធ្វើដំណើរ​កម្សាន្ត​តាមផ្លូវ​ទឹក​មិន​ពិបាក​នោះ​​ទេ​។ យើង​ជិះទូក​តាម​ដង​ទន្លេមេគង្គ ពី​ក្រុង​ស្ទឹងត្រែង ឆ្ពោះទៅកាន់​ព្រំដែន​កម្ពុជា ឡាវ រហូតដល់​ទឹកធ្លាក់​ព្រះ​និមិត្ត ពិតជា​មាន​ភាព​​ទាក់ទាញ​ណាស់ សម្រាប់​ភ្ញៀវទេសចរ​ខ្មែរ និង​បរទេស​។ នៅក្នុង​ដំណើរ​ជិះទូក​តាម​ដង​ទន្លេ យើង​អាច​មើលឃើញ​កោះ​តូចៗ រាប់ពាន់​កោះ សត្វ​ស្លាប​ដ៏​ក្រម​ជាច្រើន​ប្រភេទ តាម​ព្រៃព្រឹក្សា​។ ឃើញ​មាន​ជ្រលង​ទឹក​ហូរ​ធា្ល​ក់​តាម​ផ្ទាំង​ថ្ម រាប់សិប​កន្លែង និង​មាន​ឆ្នេរ​ខ្សាច់​រាក់ៗ ពិតជា​អស្ចារ្យ​ខ្លាំងណាស់​។​

​បើសិនជា​យើង​ធ្វើដំណើរ​ពី​ក្រុង​ស្ទឹងត្រែង ទៅដល់​ព្រំដែន​ឡាវ អាច​នឹង​ឃើញ​ថ្ម​មរកត​ពណ៌​ស​ដ៏​ស្រស់ស្អាត​។ មានព្រៃ​ដើមឈើ​ទាប​ខ្ពស់ អាចឱ្យ​អ្នកទេសចរ អង្គុយ​ក្រាលកន្ទេល​ពីក្រោម​ដើមឈើ ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​ដ៏​សែន​ត្រជាក់​។ បោះតង់​ស្នាក់នៅ​ពេលយប់ ទទួលទាន​អាហារ ដែល​បាន​ពី​ការទិញ​ពី​អ្នកភូមិ គ្មាន​ជាតិគីមី និង​ភ្លក្ស​រសជាតិ​ត្រី​ធម្មជាតិ​ទឹកសាប​ពិតៗ​។​
​ ​
​លោក ថោង អូន បានបញ្ជាក់​បន្ថែមទៀត​ថា ចំពោះ​ភ្ញៀវ​ទេសចរណ៍ ដែល​ចង់​ទៅលេង​នៅតាម​តំបន់​ដង​ទន្លេមេគង្គ​ដោយ​ជិះទូក​ចំណុះ​​ក្រោម​ប្រាំ​នាក់ ក្នុង​រយៈពេល​ពីរ​យប់​បី​ថ្ងៃ គេ​ត្រូវ​ចំណាយ​ប្រាក់ ក្នុង​ម្នាក់​ចាប់ពី​៨៥ ទៅ​១៣០​ដុល្លារ​។ ប៉ុន្តែ​បើសិនជា​ភ្ញៀវ​ចង់ទៅ​កម្សាន្ត មាន​លក្ខណៈ​ច្រើន​នាក់ តម្លៃ​សេវាកម្ម នឹង​ធ្លាក់​ចុះមក​ត្រឹម ៨៥​ដុល្លារ ក្នុង​ម្នាក់ ជាមួយ​អាហារ​ប្រាំមួយ​មុខ ក្នុងពេល​រយៈពេល​ពីរ​យប់ និង​បី​ថ្ងៃ​។ ស្នាក់នៅ​បោះជុំរុំ ពេល​រាត្រី​បង្ហោះ​ចង្កៀងគោម​ប្រគំ​បទ​ភ្លេង និង​ជិះទូក​កៃ​យ៉ាក់ កម្សាន្ត​លេង​នៅពេល​ថ្ងៃ​។​
​ ​
​ជាមួយនឹង​ការស្រឡាញ់​ធម្មជាតិ ម្ចាស់​រមណីយដ្ឋាន​បក្សី​មេគង្គ សូម​អំពាវនាវ​ដល់​ស​ម​ត្ថ​កិច្ច​ពាក់ព័ន្ធ ជួយ​ទប់ស្កាត់​បទល្មើស​នេសាទ​ត្រី ដោយ​ប្រើ​ឧបករណ៍​ឆក់​ខុសច្បាប់ និង​ការ​បរបាញ់​សត្វព្រៃ និង​ការកាប់​ព្រៃឈើ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​នៅ​តំបន់​នោះ​ផងដែរ​។​
​ ​
​តំបន់​សក្តានុពល​ដ៏​អស្ចារ្យ នៅតាម​ដង​ទន្លេមេគង្គ និង​រមណីយដ្ឋាន​ជាច្រើន ត្រូវបាន​បង្កើតឡើង​ក្នុង​ខេត្តស្ទឹងត្រែង​ដើម្បី​ទាក់ទាញ​​ភ្ញៀវ​ទេសចរណ៍​។ សហគមន៍​ជាច្រើន ក៍​កំពុងតែ​មានការ​កែច្នៃ​ធម្មជាតិ ទៅជា​កន្លែង​ទទួលភ្ញៀវ​កម្សាន្ត​។ ដោយសារតែ​ការខិតខំ និង​ភាពលេច​ធ្លោ​របស់​ខេត្តស្ទឹងត្រែង ទើប​ក្រសួងទេសចរណ៍ បានទទួល​ស្គាល់ និង ដាក់​ចំណាត់ថ្នាក់​រមណីយដ្ឋាន​ដ៏​សែន​ស្រស់ស្អាត​មួយ ក្នុងចំណោម​បណ្តា​ខេត្ត ចំនួន ១១​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​លោក អ៊​ន់ ប៉ោ​សឿន ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តស្ទឹងត្រែង បាន​បញ្ជាក់ថា ការប្រឡងប្រណាំង​រម​ណី​យ​ដ្ឋា​ន​ទេសចរណ៍ ក្រសួងទេសចរណ៍ បាន​វាយតម្លៃ​ឱ្យ​រមណីយដ្ឋាន​បក្សី​មេគង្គ ជាប់​ចំណាត់ថ្នាក់​គំរូ ប្រចាំឆ្នាំ​២០១៧​។​

​លោក​បាន​បន្តថា សម្រាប់​ខេត្តស្ទឹងត្រែង គឺជា​លើកទីមួយ​ហើយ ដែល​បានដាក់​ពាក្យ​ទៅ​ប្រឡង នៅ​ក្រសួងទេសចរណ៍ ហើយក៍​បានជា​ប់​ចំណាត់ថ្នាក់​រមណីយដ្ឋាន​ល្អ​ដាច់​គេ ក្នុង​ខេត្ត​មួយ​នេះ​។​
​ ​
​លោក សឿន បាន​បន្តថា លោក​នឹង​ជំរុញឱ្យមាន​ការរៀបចំ​រមណីយដ្ឋាន​ជាច្រើន​ទៀត រួមទាំង​វិស័យ​ឯកជន ដើម្បី​ដាក់ពាក្យ​ប្រឡងប្រណាំង​រមណីយដ្ឋាន​ស្អាត យក​ចំណាត់ថ្នាក់​ល្អ​បន្ថែមទៀត សម្រាប់​ខេត្តស្ទឹងត្រែង នៅ​ក្រសួងទេសចរណ៍​ជា​បន្តទៀត​៕​ដោយៈ សុខុម​/sn