សក្តានុពល​អេកូ​ទេសចរណ៍​តាម​ដង​ទន្លេមេគង្គ​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ភ្ញៀវទេសចរ​

381

(​ស្ទឹងត្រែង​)៖​ខេត្ត​ប៉ែក​ឦសាន​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​ដែល​សម្បូរ​ទៅដោយ​សក្តានុពល​អេកូ​ទេសចរណ៍ ធម្មជាតិ តាម​ដង​ទន្លេមេគង្គ កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ភ្ញៀវទេសចរ​ក្នុង​ដំណើរ​កម្សាន្ត​ជា​ក្រុម​។​

អ្នក​នាំ​ភ្ញៀវទេសចរ​ម្នាក់​ប្រចាំខេត្ត​ស្ទឹងត្រែង​បាន​លើកឡើងថា​នៅក្នុង​ដំណើរ​កម្សាន្ត​តាម​ទូក​នា​រដូវ​ទឹក​ស្រក​ភ្ញៀវ​បរទេស​បាន​ចាប់អារម្មណ៍​ទៅនឹង​ទេសភាព​ធម្មជាតិ​តំបន់​រាម​សា​(​ព្រៃ​លិច​ទឹក​)​តាម​ដង​ទន្លេមេគង្គ​ចាប់ពី​ក្រុង​ស្ទឹងត្រែង​រហូត​ទៅដល់​ព្រំដែន​កម្ពុជា ឡាវ​។​បើ​ធ្វើដំណើរ​តាមផ្លូវ​ទឹក​ក្នុង​ដំណើរ​កម្សាន្ត​មាន​លក្ខណៈ​ជា​ក្រុម​ពិតជា​សប្បាយ​ណាស់​ហើយ​ទីនោះ​យើង​មើលទៅ​ឃើញ​ភាពស្រស់ស្អាត​ប្លែកៗ​ជាច្រើន​។​

ដំណើរ​តាម​ទូក យើង​ក៏​អាច​មើលឃើញ​ពី​ទេសភាព ជាច្រើន រាប់មិនអស់​ដូចជា​ការរស់នៅ​របស់​បងប្អូន ប្រជាពលរដ្ឋ​នៅតាម​ដង​ទន្លេ​និង​តាម​ដី​កោះ​តូចៗ​។​មើល​ចម្ការ​ផលដំណាំ​និង​សួន​បន្លែ​នៅតាម​មាត់​ជ្រាំងទន្លេ​។​ទស្សនា​ព្រៃ​ធម្មជាតិ​…​ទូក​ប្រជា​នេសាទ​។​ល​។​អ្នក​នាំ​ភ្ញៀវទេសចរ​ខាងលើនេះ បាន​និយាយ​បន្តទៀតថា បើសិនជា​ចង់ទៅ​កាន់​ទីនោះ​ត្រូវតែ​ត្រៀម​អាហារ​ជា​កញ្ចប់ សម្រាប់​ទទួលទាន​ដោយ​ខ្លួនឯង​ផង​។​បើ​ពុំ​នោះទេ​នឹង​ពិបាក​រក​ណាស់​។

​ក៏ប៉ុន្តែ​លោក​ថោង​អូន​ម្ចាស់​រមណីយដ្ឋាន​បក្ស​មេគង្គ​បាន​រៀបរាប់​ប្រាប់​រស្មី​កម្ពុជា​ថា​ការធ្វើដំណើរ​កម្សាន្ត​តាមផ្លូវ​ទឹក​មិន​ពិបាក​នោះទេ​។​យើង​ជិះទូក​តាម​ដង​ទន្លេមេគង្គ​ពី​ក្រុង​ស្ទឹងត្រែង​ឆ្ពោះទៅកាន់​ព្រំដែន​កម្ពុជា​ឡាវ​រហូតដល់​ទឹកធ្លាក់​ព្រះ​និមិត្ត​ពិតជា​មាន​ភាព​ទាក់ទាញ​ណាស់​សម្រាប់​ភ្ញៀវទេសចរ​ខ្មែរ​និង​បរទេស​។​

នៅក្នុង​ដំណើរ​ជិះទូក​តាម​ដង​ទន្លេ​យើង​អាច​មើលឃើញ​កោះ​តូចៗ​រាប់ពាន់​កោះ​សត្វ​ស្លាប​ដ៏​ក្រម​ជាច្រើន​ប្រភេទ​នៅតាម​ព្រៃព្រឹក្សា​។​ឃើញ​មាន​ជ្រលង​ទឹក​ហូរ ធា្ល​ក់តា​ម​ផ្ទាំង​ថ្ម រាប់សិប​កន្លែង​និង​មាន​ឆ្នេរ​ខ្សាច់​រាក់ៗ​ពិតជា​អស្ចារ្យ​ខ្លាំងណាស់​។​

បើសិនជា​ធ្វើដំណើរ ពី​ក្រុង​ស្ទឹងត្រែង ទៅដល់​ព្រំដែន​ឡាវ អាច​នឹង​ឃើញ​ថ្ម​មរកត​ពណ៌​ស​ដ៏​ស្រស់ស្អាត​។​មានព្រៃ​ដើមឈើ​ទាប​ខ្ពស់​អាចឱ្យ​អ្នកទេសចរ​អង្គុយ​ក្រាលកន្ទេល​ពីក្រោម​ដើមឈើ ស្រូបយក​ខ្យល់អាកាស បរិសុទ្ធ​ដ៏​សែន​ត្រជាក់​។​បោះតង់​ស្នាក់នៅ​ពេលយប់​ទទួលទាន​អាហារ​ដែល​បាន​ពី​ការទិញ​អ្នកភូមិ​គ្មាន​ជាតិគីមី​និង​ភ្លក់​រសជាតិ​ត្រី​ធម្មជាតិ​ត្រី​ទឹកសាប​ពិតៗ​។​

លោក​ថោង​អូន​បានបញ្ជាក់​បន្ថែមទៀតថា​ចំពោះ​ភ្ញៀវទេសចរ​ដែល​ចង់​ទៅលេង​នៅតាម​តំបន់​ដង​ទន្លេមេគង្គ​ដោយ​ជិះទូក​ចំណុះ​ក្រោម​៥​នាក់​ក្នុង​រយះពេល​២​យប់​៣​ថ្ងៃ​គេ​ត្រូវ​ចំណាយ​ប្រាក់​ក្នុង​ម្នាក់​ចាប់ពី​៨៥​ទៅ​១៣០​ដុល្លារ​។​ប៉ុន្តែ បើសិនជា​ភ្ញៀវ​ចង់ទៅ​កម្សាន្ត​មាន​លក្ខណៈ​ច្រើន​នាក់ តម្លៃ​សេវាកម្ម​នឹង​ថ្លា​ក់​ចុះមក​ត្រឹម​៨៥​ដុល្លារ​ក្នុង​ម្នាក់ ជាមួយ​អាហារ​ប្រាំ​មួយពេល​រយះពេល​២​យប់​និង​៣​ថ្ងៃ​។​ស្នាក់នៅ​បោះជុំរុំ ពេល​រាត្រី​បង្ហោះ ចង្កៀង​កូ​ម​ប្រគំ​បទ​ភ្លេង​និង​ជិះទូក​កៃ​យ៉ាក់​កម្សាន្ត​លេង​នៅពេល​ថ្ងៃ​។​

ជាមួយនឹង​ការស្រឡាញ់​ធម្មជាតិ ម្ចាស់​រមណីយដ្ឋាន​បក្សី​មេគង្គ សូម​អំពាវនាវ​ដល់​ស​ម​ត្ថ​កិច្ច​ពាក់ព័ន្ធ​ជួយ​ទប់ស្កាត់ បទល្មើស​នេសាទ​ត្រី ដោយ​ប្រើ​ឧបករណ៍ ឆក់​ខុសច្បាប់​និង​ការ​បរបាញ់​សត្វព្រៃ​និង​ការកាប់​ព្រៃឈើ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​នៅ​នោះ​។​

តំបន់​សក្តានុពល​ដ៏​អស្ចារ្យ​នៅតាម​ដង​ទន្លេមេគង្គ​និង​រមណីយដ្ឋាន​ជាច្រើន​ត្រូវបាន​បង្កើតឡើង​ក្នុង​ខេត្តស្ទឹងត្រែង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។​សហគមន៍​ជាច្រើន​ក៏​កំពុងតែ​មានការ​កែច្នៃ​ធម្មជាតិ ទៅជា​កន្លែង​ទទួលភ្ញៀវ​កម្សាន្ត​។ ដោយសារតែ ការខិតខំ​និង​ភាពលេច​ធ្លោ​របស់​ខេត្តស្ទឹងត្រែង ទើប​ក្រសួងទេសចរណ៍ បានទទួល​ស្គាល់​និង​ដាក់​ចំណាត់ថ្នាក់រ​មណ៍ រមណីយដ្ឋាន ដ៏​សែន​ស្រស់ស្អាត​មួយ ក្នុងចំណោម​បណ្តា​ខេត្ត​ចំនួន​១១​នៅ​ទូទាំងប្រទេស​កម្ពុជា​។​
​លោក​អ៊​ន់​ប៉ោ​សឿន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា​ការប្រឡងប្រណាំង​រមណី​យ​ដ្ឋា​ន​ទេសចរណ៍​ក្រសួងទេសចរណ៍​បាន​វាយតម្លៃ ឱ្យ​រមណីយដ្ឋាន​បក្សី​មេគង្គ​ជាប់​ចំណាត់ថ្នាក់​គំរូ​ប្រចាំឆ្នាំ​២០១៧​។​លោ​កថា​សម្រាប់​ខេត្តស្ទឹងត្រែង​គឺជា​លើក​ទី​១​ហើយ​ដែល​បានដាក់​ពាក្យ​ទៅ​ប្រឡង នៅ​ក្រសួងទេសចរណ៍ ហើយក៏​បានជា​ប់​ចំណាត់ថ្នាក់​រមណីយដ្ឋាន​ល្អ​ដាច់​គេ​ក្នុង​ខេត្ត​មួយ​នេះ​។​

​លោក​សឿន​បាន​បន្តថា​លោក​នឹង​ជំរុញឱ្យមាន​ការរៀបចំ​រមណីយដ្ឋាន​ជាច្រើន​ទៀត​រួមទាំង​វិស័យ​ឯកជន​ដើម្បី​ដាក់ពាក្យ​ប្រលងប្រណាំង​រមណីយដ្ឋាន​ស្អាត​យក​ចំណាត់ថ្នាក់​ល្អ​បន្ថែមទៀត​សម្រាប់​ខេត្តស្ទឹងត្រែង​នៅ​ក្រសួងទេសចរណ៍​ជា​បន្តទៀត​៕S/​ដោយៈ សុខុម​

​សក្តានុពល​អេកូ​ទេសចរណ៍​តាម​ដង​ទន្លេមេគង្គ​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ភ្ញៀវទេសចរ​