សង់ទើបតែបាន៤ថ្ងៃ មន្ទីរពេទ្យនៅវូហានសម្រាប់ព្យាបាលអ្នកជំងឺកូរ៉ូណាចាប់ផ្តើមលេចរូបរាង

213
ចែករម្លែក

វីដេអូពន្លឿនពេលវេលាដ៏មិនគួរឱ្យជឿមួយបានផ្តិតជាប់ទិដ្ឋាភាពនៃមន្ទីរពេទ្យសម្រាប់តែព្យាបាលវីរុសកូរ៉ូណាទីមួយរបស់ក្រុងវូហានកំពុងលេចរូបរាងបណ្តើរៗ ក្រោយសាងសង់បានត្រឹមតែ៤ថ្ងៃ។

មន្ទីរពេទ្យបន្ទាន់ឈ្មោះថា Huoshenshan ឬ មន្ទីរពេទ្យភ្នំព្រះអគ្គី មានទីតាំងស្ថិតនៅជាយក្រុងវូហានភាគខាងលិច ដែលជាទីកន្លែងដំបូងផ្ទុះឡើងនូវវីរូសកូរ៉ូណា ដែលសម្លាប់មនុស្សយ៉ាងតិច ៨២ នាក់ ឆ្លងទៅមនុស្សជាង​ ២.៨០០ នាក់ និង រាលដាលដល់ប្រទេសចំនួន ១៧។

អាជ្ញាធរបានណែនាំឱ្យក្រុមហ៊ុនសំណង់ចំនួន ៤ ធ្វើការអំឡុងបុណ្យចូលឆ្នាំចិនដើម្បីសង់ឱ្យរួចរាល់នូវមន្ទីរពេទ្យចំណុះ ១.០០០ គ្រែនៅលើដីទំហំ ២,៥ ហិកតានៅក្នុងសង្កាត់ខាយទៀនក្នុងរយៈពេលមួយសប្តាហ៍។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា មន្ទីរពេទ្យនេះរំពឹងទទួលអ្នកជំងឺទីមួយនៅថ្ងៃទី៣កុម្ភៈ។

ចិនកំពុងសាងសង់មន្ទីរពេទ្យសម្រាប់ព្យាបាលវីរុសកូរ៉ូណាយ៉ាងតិចចំនួន ៤ ក្នុងការប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសដ៏ប្រល័យនេះ។ មន្ទីរពេទ្យពីរគឺសង់នៅក្រុងវូហាន មន្ទីរពេទ្យមួយសង់នៅទីក្រុងហាងចូវក្បែរនោះ និង មួយទៀតគឺនៅក្រុងចិនចូវនៅកណ្តាលខេត្តហឺប៉ី។

វីដេអូដ្រូនបញ្ចេញដោយវេបសាយ People’s Daily កាលពីថ្ងៃចន្ទទី២៧មករា បានបង្ហាញរថយន្តដឹកដី អេស្កាវ៉ាទ័រ និង កម្មករកំពុងធ្វើការនៅទីតាំងការដ្ឋានសំណង់នៃមន្ទីរពេទ្យ Huoshenshan ខណៈទូកុងតឺន័ររាប់សិបគឺដាក់មួយជួរនៅចំហៀងការដ្ឋាន។

យោងតាមរបាយការណ៍មុនៗពីទូរទស្សន៍ CCTV មន្ទីរពេទ្យ Huoshenshan នឹងមានអគារបណ្តោះអាសន្នជាច្រើនខ្នង៕ ដោយ៖ កញ្ញាដាលីស