សង់ស្ពាន​និង​ក្រាលផ្លូវ​ដើម្បី​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​និង​ចំណង​មេត្រីភាព​ចិន​និង​កម្ពុជា​

1638

(​ភ្នំពេញ​)៖ ទឹកទន្លេ ជា​ប្រភព​នៃ​ការចិញ្ចឹម​បីបាច់​ជីវិត ជាទី​កន្លែង​ដែល បណ្តុះបណ្តាល​និង​ពូន​ជ្រំ​នូវ​អរិយធម៌ ។ តាំងពី​បុរាណកាល​មក មនុស្សជាតិ រស់​នៅតាម​បណ្តោយ​ទន្លេ​បន្ត​ពូជពង្ស​និង​រស់នៅ​ដោយ​បណ្តុំ​គ្នា​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ។​

​ទន្លេ​ឡាន​ឆាង​និង​ទន្លេមេគង្គ​ដែលមាន​ទី​ប្រភព​នៅ​ប្រទេស​ចិន​បាន​លាតសន្ធឹង​ជិត​៥.០០០​គីឡូម៉ែត្រ​ជា​ទន្លេ​ដែល​ហូរ​កាត់​ប្រទេស​ច្រើន​​បំផុត​នៅ​អាស៊ី​ដែល​បាន​ស្រោចស្រព​លើដី​ដ៏​មាន​ជីជាតិ​និង​ស្រស់បំព្រង​ដែល​ស្ថិតនៅតាម​បណ្តោយ​ច្រាំងទន្លេ​និង​កកើត​បានជា​វប្បធម៌​ដ៏​ត្រចះត្រចង់​បីដូច​រស្មី​នៃ​ដួងតារា​នៅក្នុង​តំបន់ ។​

​ទន្លេ​ដ៏​ធំ​មួយ​ខ្សែ​នេះ​ជា​អំណោយ​ពី​ធម្មជាតិ​ដែល​ជាទី​បង្អែក​សម្រាប់​កា​ររ​ស់​នៅ​របស់​យើង​ហើយ​កាន់តែ​ជា​ចំណង​ធម្មជាតិ​នៃ​ការជួយ​យកអាសា​គ្នា​របស់​យើង​ទៀតផង ។ វា​បាន​ផ្សារភ្ជាប់​ប្រទេស​ទាំង ៦ ដែល​ហូប​ទឹក​នៃ​ទន្លេ​តែមួយ ឲ្យ​ក្លាយជា​សហគមន៍​រួម​វាសនា​តែមួយ​ដែល​​ប្រកបដោយ​សមភាព​ជួយ​យកអាសា​គ្នា​ដោយស្មោះ​ត្រង់ និង​ស្និទ្ធ​ដូចជា​មនុស្ស​ក្នុង​គ្រួសារ​តែមួយ ។​អាស្រ័យហេតុនេះ​គ្រាន់តែ​លើក​ពី​​គំនិត​ផ្តួចផ្តើម​ស្តីពី​យន្តការ​សហប្រតិបត្តិ​ការ​ឡាន​ឆាង​-​មេគង្គ​ដែល​បាន​ប្រើ​ឈ្មោះ​របស់​ទន្លេ​មួយ​នេះ​ក៏​ទទួលបាន​ការឆ្លើយតប​យ៉ាងសកម្ម​ពី​បណ្តា​ប្រទេស​ពាក់ព័ន្ធ ។​

​ទំហំ​សេដ្ឋកិច្ច​និង​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​របស់​ប្រទេស​ទាំង​៦ មាន​ភាពខុសប្លែក​ពីគ្នា មាន​បញ្ហា​អ្វី​ក៏​ពិគ្រោះ​ពិភាក្សា​ជាមួយគ្នា​ដោយ​​បានប្រែក្លាយ​ភាព​បំពេញបន្ថែម​គ្នា​ផ្នែក​សេដ្ឋកិច្ច​ឲ្យ​ទៅជា​កម្លាំង​ជួយ​ជំរុញ​គ្នា​ដើម្បី​ការអភិវឌ្ឍ​ដែល​ផ្តោតលើ​វិស័យ​ធំៗ​ទាំង ៣​គឺ​សន្តិ​​សុខ​នយោបាយ សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​ជា​និរន្តរភាព សង្គម​និង​វប្បធម៌​មនុស្សជាតិ ស្របតាម​ឧត្តមភាព​ជា​ប្រទេសជិតខាង ក្នុងន័យ​ជីក​កកាយ​រក​ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ​នូវ​សក្តានុពល​នៃ​កិច្ចសហប្រតិបត្តិការ​ហើយ​បានធ្វើ​កិច្ចសហប្រតិបត្តិការ​​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​យ៉ាង​ទូលំទូលាយ​លើ​វិស័យ​ការតភ្ជាប់ សមត្ថភាព​ផលិត សេដ្ឋកិច្ច​ឆ្លងដែន ធនធានទឹក កសិកម្ម និង​ការកាត់បន្ថយ​ភាពក្រីក្រ​ជាដើម ។​

​ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ចំណងមិត្តភាព​ប្រពៃណី​ដ៏​យូរលង់​និង​ការអភិវឌ្ឍ​ប្រកបដោយ​សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​ដែល​ជា​ក្តី​​បំណង​រួម​របស់​យើង​ដែលជា​ហេតុ​ញ៉ាំង​ឲ្យ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​ទទួលបាន​ផ្លែផ្កា​ដោយសារ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​រួចជាស្រេច ។ គម្រោង​ជា​សមិទ្ធផល​ដំណាក់កាល​ដំបូង​ចំនួន ៤៥ ដែល​បានកំណត់​ក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​លើកដំបូង​កាលពី​ឆ្នាំ ២០១៦ បាននិងកំពុង​ដំណើរកា​រ​ទៅតាម​ផែនការ ពោលគឺ​ហិរញ្ញប្បទាន​ពិសេស​នៃ​កិច្ចសហការ​ផ្នែក​សមត្ថភាព​ផលិត​ដែលមាន​តម្លៃ ៥០០០ លាន​ដុល្លារ​អាមេរិក​បានសម្រេច​ដោយ​លើស​ទំហំ​ដែល​បាន​គ្រោងទុក​ហើយ​មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​
​គ្រោង​នឹង​ផ្តល់​ការគាំទ្រ​លើ​គម្រោង​ចំនួន ១៣២ ដែល​លើកឡើង​ដោយ​ប្រទេស​ទាំង​៦​បាន​បង្កើតជា​ល្បឿន​ឡាន​ឆាង​-​មេគង្គ​ដែលមាន​​ភាព​វិ​វ​ឌ្ឍ​រីកចម្រើន​ជា​រៀងរាល់ថ្ងៃ មាន​ផ្លែផ្កា​ជា​រៀងរាល់ខែ និង​ឈានដល់​កម្រិត​ខ្ពស់​ថ្មី​ជា​រៀងរាល់ឆ្នាំ ។​

​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​ដែល​កកើតឡើង​ដោយសារ​ទឹក​និង​ចម្រើន​រុងរឿង​ដោយសារ​ទឹកបាន​វិ​វ​ឌ្ឍ​ជា​យន្តការ​សហ​ប្រ​​តិ​ប​ត្តិ​ការ​អនុតំបន់​ដែល​ពោរពេញ​ទៅដោយ​ភាពរស់រវើក​និង​ប្រកបដោយ​សក្តានុពល​អភិ​វឌ្ឍន៍ ។

​ក្នុងនាម​ជា​ផ្នែក​មូលដ្ឋាន​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​តំបន់​ក្រោម​បរិបទ​បច្ចុប្បន្ន​ដែលមាន​ភាពផ្ទុយ​ពី​ការធ្វើ​សក​ភាវូបនីយកម្ម​​និង​ការ​ងើបឡើង​នៃ​ការ​គាំពារ​និយម ក៏ដូចជា​កម្លាំងចលក​រ​មិន​គ្រប់គ្រាន់​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ី​បូព៌ា​កិច្ច​សហ​​ប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​វា​មិន​ត្រឹម​តែមាន​អំណោយផល​សម្រាប់​ការ​បង្រួញ​នូវ​គម្លាត​អភិវឌ្ឍន៍​នៃ​ផ្ទៃក្នុង​អាស៊ាន​ផ្តល់​ជា​កម្លាំង​​ចលករ​សម្រាប់​ការធ្វើសមាហរណកម្ម​អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​បញ្ចូល​នូវ​ប្រភពទឹក​រស់​រវើក និង​កម្លាំង ចលករ​សម្រាប់​​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​កំពុងអភិវឌ្ឍន៍​រហូត​ដល់​ដំណើរ​វិ​វ​ឌ្ឍ​នៃ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​ដែល​ប្រកបដោយ​ភាព​កាន់​
​តែ​បើកចំហ បរិ​យា​ប័ន្ន ផ្តល់​ផលប្រយោជន៍​ជាទូទៅ តុល្យភាព និង​ឈ្នះ​-​ឈ្នះ​ទៀតផង ។​

​ទន្លេ​ឡាន​ឆាង​និង​ទន្លេមេគង្គ​ដែលមាន​តាំងពី​សម័យបុរាណ​មក វា​បាន​ផ្ទុក​នូវ​ភាពលំបាក​ជូរចត់ ភាពរុងរឿង​និង​ក្តី​សុបិន​ដ៏​មោទនៈ​នៃ​ប្រទេស​តាម​បណ្តោយ​ទន្លេ កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​នឹង​ហូរ​ឆ្ពោះទៅកាន់​អនាគត ដែល​វា​ប្រាកដជា​នឹង​ហូរ​កាត់​នូវ​ការសម្រេច​សុបិន និង​ភាពរុងរឿង​ថ្កុំថ្កើង​ជាមួយគ្នា​របស់​យើង​ជាក់​ជាពុំខាន ។​

​ឆ្នាំ​ថ្មី អ្វីៗ​ក៏​ថ្មី ។ ខ្ញុំ​រំពឹងថា​នឹង​អាចធ្វើ​ការពិគ្រោះ​ពិភាក្សាគ្នា​ជាមួយ​គ្រប់ភាគី​អំពី​ផែនការ​ប្រតិបត្តិ​នាពេល​អនាគត​តាមរយៈ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​លើក​ទី​២​ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា ក្នុងន័យ​ស្រោចស្រព​ឲ្យ​បាន​ផ្លែផ្កា​កាន់តែ​សម្បូរ​លើ​វិស័យ​ធារាសាស្ត្រ អប់រំ វប្បធម៌​និង​យុវជន​ជាដើម ។​

​កាលពី​ឆ្នាំ ២០១៦ ឯកឧត្តម ស៊ី ជីន​ភីង ប្រធាន​រដ្ឋ​ចិន​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ប្រកបដោយ​ភាពជោគជ័យ ដែល​បាន​ជំរុញ​ឲ្យ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ចិន និង​កម្ពុជា​ឈានដល់​កម្រិត​ថ្មី​ថែមទៀត ។ លើក​នេះ​ខ្ញុំ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ដោយ​តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា រំពឹងថា​នឹងមាន​ការ​សំណេះសំណាល​យ៉ាង​ស្និទ្ធស្នាល​អំពី​ចំណង​មេត្រីភាព​ដ៏​ល្អ​ប្រពៃ​រវាង​ប្រទេស​ទាំងពីរ​ម្តងទៀត ។​

​ឆ្នាំនេះ​ត្រូវជា​ខួប​ទី ៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ផ្លូវ​ទូត​រវាង​ប្រទេស​ចិន​និង​កម្ពុជា ។ និយាយ​ចំពោះ​មហាជន​ចិន កម្ពុជា​គឺជា​ប្រទេសមួយ​ដែល​ញ៉ាំង​ឲ្យ​ពួកយើង​មាន​ភាពស្និទ្ធស្នាល​ជា​អនេក ។ ​នេះ​វា​មិន​ត្រឹមតែ​ដោយសារ​ទំនាក់​ទំនងជា​អ្នកជិតខាង​ដ៏​ស្អិតល្មួត​រវាង​ចិន​និង​កម្ពុជា​ដែល​អាច​ស្វែងរក​ប្រភព​នៅ​ជាង ២០០០​ឆ្នាំមុន ហើយក៏​មិន​ត្រឹមតែ​ដោយសារ​វប្បធម៌​ខ្មែរ​ដ៏​ត្រចះត្រចង់ និង​ប្រសាទ​បុរាណ​អង្គរ​ដែល​ល្បី​រន្ទឺទូទាំង​ពិភពលោក​ដែល​ញ៉ាំង​ឲ្យ​អ្នកផង​ទាំងពួង​នឹកភ្នក​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​លើសពីនេះទៅទៀត គឺ​ដោយសារតែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​ចិន​និង​កម្ពុជា​បាន​ជួបប្រទះ​រឿង​ប្រវត្តិសាស្ត្រ​ស្រដៀង​គ្នា និង​បាន​ឆ្លងកាត់​ការរួម​គ្នា​តស៊ូ​ប្រយុទ្ធ ជាហេតុ​នាំ​ឲ្យ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​រួមរស់​ជាមួយគ្នា​ក្នុង​ភាព​មោះមុត ហើយក៏​ដោយសារតែ​ក្នុងពេលដែល​ប្រឈម​នឹង​បញ្ហា​ដែល​ពាក់ព័ន្ធ​ដល់​ផលប្រយោជន៍​ជា​ស្នូល​របស់​សម​ភាគី និង​រឿង​ធំ​និង​សំខាន់​ដែល​ភាគី​ទាំងពីរ​យកចិត្តទុកដាក់​ដូចគ្នា ឈរលើ​គោលការណ៍​នៃ​ការ​គាំពារ​សេចក្តីថ្លៃថ្នូរ​រប​ស់​ប្រជាជាតិ ក៏ដូចជា​អធិបតេយ្យភាព​និង​ឯករាជ្យភាព​របស់​ជាតិ ប្រទេស​ចិន​និង​កម្ពុជា​មានការ​យល់ឃើញ​ដូចគ្នា​លើ​តម្លៃ​នៃ​មិត្ត​ស្មោះ​ក្នុង​គ្រា​លំបាក និង​ការ​ប្រកាន់ខ្ជាប់​នូវ​ការ​គាំពារ​សច្ចភាព​ទៅវិញទៅមក​។​

​ចំណងមិត្តភាព​ដ៏​មហិមា​រវាង ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្តម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​ថ្នាក់ដឹកនាំ​ចិន​គ្រប់​ជំនាន់​ដែល​បាន​ឆ្លងកាត់​អស់​រយៈពេល​កន្លះ​ទសវត្សរ៍​បាន​ចារឹក​ជា​រឿងតំណាល​ដ៏​អស្ចារ្យ ទាំង​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា ក៏ដូចជា​អន្តរជាតិ​ផងដែរ ។ ជាការ​ពិតណាស់ នៅក្នុង​ក្រអៅ​ដួងចិត្ត​របស់​ប្រជាជន​ចិន ប្រទេស​កម្ពុជា​និង​ព្រះនាម​របស់​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្តម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ​សុទ្ធតែជា​ការចងចាំ​នៃ​យុគសម័យ​មួយ​ដែល​មិនអាច​លុបបំបាត់បាន ។ មាន​គេ​និយាយថា រឿងតំណាល​ដ៏​អស្ចារ្យ​នេះ​គឺ​បា​នស​បង្ហាញ​ឲ្យ​ឃើញ​ពី​ឥរិយាបថ​ចំពោះ​មនុស្ស និង​ការដោះស្រាយ​បញ្ហា​ដែលជា​ផ្នែក​មួយ​នៃ​វប្បធម៌​ប្រពៃណី​ដ៏​ឆ្នើម​របស់​ជនជាតិ​ចិន និង​បាន​ឆ្លុះបញ្ចាំង​ពី​កម្លាំង​ទាក់ទាញ​នៃ​សច្ចភាព​របស់​ប្រទេស​ចិន​ថ្មី​ដែល​ប្រកបដោយ​ភាព​ឯករាជ្យ​ម្ចាស់ការ​និង​កិច្ច​ការទូត​សន្តិភាព ។ ​ថ្វីបើ​ពេលវេលា​បាន​រំកិល​ទៅមុខ ពិភពលោក​មានការ​ប្រែប្រួល​ក្តី ក៏ប៉ុន្តែ​ការថែរក្សា​និង​ឲ្យ​តម្លៃ​របស់​យើង​ទៅលើ​ចំណងមិត្តភាព​ប្រពៃណី​រវាង​ចិន​និង​កម្ពុជា ការប្រកាន់​ខ្ជាប់​របស់​យើង​លើ​ទស្សនៈ​ជិតស្និទ្ធ ស្មោះត្រង់ ផ្តល់​ផលប្រយោជន៍ បរិ​យា​ប័ន្ន និង​គោលការណ៍​ណែនាំ​ស្តីពី​កិច្ច​ការទូត​ជាមួយ​ប្រទេសជិតខាង គឺ​ការរក្សា​ភាពសុខដុមរមនា​ជាមួយ​ប្រទេសជិតខាង ចាត់ទុក​ប្រទេសជិតខាង​ជា​ដៃគូ ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុងការ​បង្កើត​សហគមន៍​រួម​វាសនា​តែមួយ​ជាមួយ​ប្រទេសជិតខាង និង​ទស្សន​សច្ចភាព​និង​ផលប្រយោជន៍​ដ៏​ត្រឹមត្រូវ​ដែល​យើង​បាន​ប្រកាន់ខ្ជាប់ គឺជា​ការបន្ត​វេន​នៃ​ឥរិយាបថ​និង​សច្ចភាព​របស់​ប្រជាជាតិ​ចិន​វា​មិន​កែ​ប្រែជា​ដរាប ពោលគឺ​ពេលវេលា​រឹតតែ​យូរ​រឹតតែ​រឹងមាំ ។​

បច្ចុប្បន្ន តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ដាក់ឈ្មោះ​តាម​កំពង់ផែ​ក្រុងព្រះសីហនុ បាននិងកំពុង​អភិវឌ្ឍ​យ៉ាង​ផុលផុស ដែល​បាន​ស្រូប​ទាញ​សហគ្រាស​ចិន​និង​បរទេស​ជាង ១០០ ទៅធ្វើ​អាជីវកម្ម បានផ្តល់​ឱកាស​ការងា​រ​ក្នុង​តំបន់​ជិត ២ ម៉ឺន គឺ​ដូចជា​គម្រោង​សហប្រតិបត្តិ​ការជាក់ស្តែង​ដទៃទៀត​រវាង​ចិន​និង​កម្ពុជា​ដូច្នោះ​ដែរ វា​បាននិងកំពុង​បន្ត​ចារឹក​នូវ​ទំព័រ​ថ្មី​សម្រាប់​យុគសម័យ​នៃ​ចំណងមិត្តភាព​ចិន​និង​កម្ពុជា​តាម​វិធី​ដែល​ផ្តល់​សេចក្តីសុខ​សុភមង្គល​ពិតប្រាកដ​ជូន​ដល់​ប្រជាជន ។ ពេល​បាន​មើលឃើញ​ប្រទេស​កម្ពុជា​ដែល​ធ្លាប់​ឆ្លងកាត់​ទុក្ខលំបាក បាននិងកំពុង​បោះជំហាន​យ៉ាង​ស្វាហាប់​នៅលើ​មាគ៌ា​អភិវឌ្ឍន៍ ប្រជាជន​ចិន​មាន​សេចក្តីត្រេកអរ​យ៉ាង​ស្មោះ​អស់ពីដួងចិត្ត ។ ក្នុង​ដំណើរ​ដ៏​មហិមា​នៃ​ការស្តារ​ភាពរុងរឿង​របស់​ប្រជាជាតិ​ឡើងវិញ និង​ការដឹកនាំ​ឲ្យ​ប្រទេសជាតិ​ខ្លាំងក្លា​ប្រជាជន​សម្បូរ​សប្បាយ ប្រទេស​ចិន​និង​កម្ពុជា កាន់តែ​ត្រូវ​ចាប់ដៃគ្នា​ដើរ​ឆ្ពោះទៅមុខ តស៊ូ​ពុះពារ​ឧបសគ្គ​ជាមួយគ្នា ។

​ប្រទេស​ចិន​រីករាយ​ក្នុង​ការតភ្ជាប់​ដោយ​ស៊ីជម្រៅ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាមួយ​ប្រទេស​កម្ពុជា​ក្នុងន័យ​ត្រួសត្រាយ​នូវ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​លើ​គ្រប់​វិស័យ ។ ការបណ្តាក់ទុន បច្ចេកទេស សមត្ថភាព​ផលិត និង​ភ្ញៀវទេសចរ​ដែល​មកពី​ប្រទេស​ចិន នឹងចូលរួម​ចំណែក​ក្នុង​ការជួយ​អភិវឌ្ឍ​ដល់​សេដ្ឋកិច្ចសង្គម​របស់​ក​ម្ពុ​ជា​ដូច​គ្រា​កន្លងទៅ ។​

​កិច្ចសហប្រតិបត្តិការ​មេត្រីភាព​រវាង​ប្រទេស​ចិន​និង​កម្ពុជា ក៏ដូចជា​ឡាន​ឆាង​និង​មេគង្គ គឺ​សុទ្ធតែ​ចាត់ទុក​ការអភិវឌ្ឍ​សេដ្ឋកិច្ច ជាពិសេស​គឺ​ជីវភាព​រស់នៅ​និង​ការផ្តល់​សេចក្តីសុខ​សុភមង្គល​ជូន​ដល់​ប្រជាជន​ជា​ទិសដៅ​ណែនាំ ។ ខ្ញុំ​មាន​ក្តីសប្បាយ​រីករាយ​ជា​ពន់ពេក​ដែល​បានដឹងថា​ក្រុមការងារ​សុខាភិបាល​របស់​ចិន​ក្នុង​សកម្មភាព “​ដំណើរ​ពន្លឺ​នៃ​ក្តីសង្ឃឹម​តាម​ទន្លេមេគង្គ​”​បាន​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង ៦០០ រូប​ដែលមាន​ជំងឺភ្នែកឡើងបាយ​បានជា​សះស្បើយ ជឿជាក់ថា​អនាគត​ដ៏​ភ្លឺស្វាង​នៃ​ការ​រួមគ្នា​អភិវឌ្ឍ​របស់​យើង នឹង​ស្ថិតនៅក្នុង​ក្រសែភ្នែក​ដែល​ពោរពេញ​ទៅដោយ​ក្តីសង្ឃឹម​របស់​ពួកគាត់ ។

​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ ខ្ញុំ​នឹង​រួមជាមួយ​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បើក​ដំណើរការ​នូវ​សកម្មភាព​វះកាត់​ជំងឺ​បេះដូង​ស្តីពី​”​ដំណើរ​សប្បុរសធម៌​” ខ្ញុំ​សូម​ជូនពរ​ឲ្យ​អ្នកជំងឺ​ទាំងឡាយ​ឆាប់​បានជា​សះស្បើយ និង​ជឿជាក់ថា ចំណងមិត្តភាព​រវាង​ចិន​និង​កម្ពុជា​នឹង​ទទួលបាន​កម្លាំងចលក​រ​កាន់តែ​យូរអង្វែង​ពី​ក្នុង​ចង្វាក់បេះដូង​របស់​ពួកគាត់​ដែល​កាន់​តែមាន​កម្លាំង​ខ្លាំងក្លា ។​

​មាន​ស្ថិតិ​បង្ហាញថា ប្រទេស​ចិន​បាន​ជួយ​កសាង​ស្ពាន​និង​ផ្លូវថ្នល់​ច្រើន​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ។ ខ្ញុំ​យល់ឃើញថា ក្នុងចំណោម​នោះ គ្មានអ្វី​គួរ​ឲ្យ​សង្ស័យ​ឡើយ ស្ពាន​ដែល​ល្អ​បំផុត​គឺ​ស្ពាន​មិត្តភាព​រវាង​ប្រជាជន​ចិន​និង​កម្ពុជា ឯ​ផ្លូវ​ដែល​ល្អ​បំផុត​ជាការ​ពិតណាស់​គឺ​ផ្លូវ​រួមគ្នា​អភិវឌ្ឍ​រវាង​ប្រទេស​ចិន​និង​កម្ពុជា ហើយ​ការមកដល់​របស់ខ្ញុំ​លើក​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​បន្ត​សាងសង់​ស្ពាន​និង​ក្រាលផ្លូវ​បែបនេះ​តទៅទៀត ៕​ដោយៈ​ឯកឧត្តម លី ខឹ​ឈាង នាយករដ្ឋមន្ត្រី​នៃ​ក្រុមប្រឹក្សារដ្ឋ​នៃ សាធារណរដ្ឋ ប្រជាមានិត​ចិន​

ឯកឧត្តម លី ខឹ​ឈាង នាយករដ្ឋមន្ត្រី​នៃ​ក្រុមប្រឹក្សារដ្ឋ​នៃ សាធារណរដ្ឋ ប្រជាមានិត​ចិន​