សង្ក្រាន្ត​សមុទ្រ ព្រះសីហនុ ចាប់ពី​ថ្ងៃ ១៤ ដល់​ថ្ងៃទី ១៦ ខែ មេសា​

817
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ ព្រឹត្តិការណ៍ សង្ក្រាន្ត​សមុទ្រ ដ៏​ធំ​មិន​ធ្លាប់​មាននៅ​កម្ពុជា ដើម្បី អបអរសាទរ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ឆ្នាំ​២០១៩ ខាងមុខនេះ នឹងត្រូវ​បានរៀបចំ​ឡើង​យ៉ាង​ឱឡារិក នៅក្នុង​ទឹកដី​ខេត្ត ព្រះសីហនុ នៅ​ឆ្នេរ​ឯករាជ្យ រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ ១៤ ដល់​ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ​២០១៩ ដែលជា​ការផ្តួចផ្តើមរ​ប​ស់លោក ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក យន្ត មីន អភិបាល នៃ គណៈ​អភិបាលខេត្ត​ព្រះសីហនុ សហការ​រៀបចំ​ជាមួយ​ក្រុមហ៊ុន Blue Media Cambodia និង មន្ទីរ​ពាក់ព័ន្ធ​ជាច្រើន​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល រស្មី​កម្ពុជា ទទួលបាន​នៅ​ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៩ នេះ ។


​តាម​ការគ្រោងទុក ព្រឹត្តិការណ៍ សង្ក្រាន្ត​សមុទ្រ នោះ ក៏​នឹងមាន​ពិព័រណ៍​ទេសចរណ៍ ពាណិជ្ជកម្ម ស្តង់​ផលិតផល​ក្នុងស្រុក ស្តង់​ម្ហូបអាហារ និង ស្តង់​ទេសចរណ៍​ដែល​បង្ហាញ​ពី​សក្តានុពល និង ការអភិវឌ្ឍ​នានា​របស់​ខេត្ត​ព្រះសីហនុ ហើយក៏​នឹងមាន​ពិធី​សាសនា និង វប្បធម៌​ដូច​ជាការ​រាប់បាត្រ​ព្រះសង្ឃ​ជាច្រើន​អង្គ ការទទួល​ទេវតា និង ការ​បង្ហោះគោម​ជាដើម ។​ល​។


​ដោយឡែក នៅក្នុង​ព្រឹត្តិការណ៍​ទាំងមូល​នឹងមាន​រៀបចំ​នូវ​កម្មវិធី​កម្សាន្ត​សប្បាយ​ប្លែកៗ ជាច្រើន​ខុសពី​ព្រឹត្តិការណ៍​ដទៃ ជាមួយនឹង​គំនិត​ច្នៃប្រឌិត​យ៉ាង​ស្រស់ស្អាត​ផ្សារភ្ជាប់​នឹង​ការបង្ហាញ​សក្តានុពល​របស់​ខេត្ត​ព្រះសីហនុ ក្នុងនោះ​ខ្លោងទ្វារ​មានការ​រៀបចំ​តុបតែង​ជាមួយនឹង​រូប​បង្កង​ដ៏​ធំ និង មានការ​ប្រគុំ​តន្ត្រីសម័យ​ដ៏​ធំ​ដែលមាន​ការចូលរួម​ពី​តារា​ល្បីៗ ក៏ដូចជា​ការបង្ហាញ​នូវ​ផ្ទាំងទស្សនីយភាព​វប្បធម៌ ដែលមាន​ការសម្តែង​រួមគ្នា​រវាង​សិល្បៈករ​បុរាណ និង​សម័យ​។​ល​។ លើសពីនេះទៅទៀត សកម្មភាព​លេង​កម្សាន្ត​នៅលើ​ឆ្នេរ​ខ្សាច់​នឹងមាន​ការ សម្តែង​សៀក ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ដ៏​ពេញនិយម​ដូចជា​បោះ​ឈូង វាយក្អម ទាញ​ព្រ័ត ឡើង​សសរ​ខ្លាញ់ លោតអន្ទាក់​ភ្លើង លេង​ពង្រា​ត់ទី​លើ​ឆ្នេរ​ខ្សាច់ និង​លាក់កន្សែង​ជាដើម​។​


មិនតែប៉ុណ្ណោះ​នៅតាម​ឆ្នេរ និង​នៅ​ចន្លោះ​ស្តង់​ពិព័រណ៍​នីមួយៗ មាន​ល្បែង​កម្សាន្ត​ប្លែកៗ​ជាច្រើន​ទៀត​ដូចជា ការដើរ​លើ​ស្បែកជើង​ក្តារ​ជា​ក្រុម ការបោះ​បាល់​ឱ្យចំ​គោលដៅ ការ​បង្វិល​កង​ភ្លើង ការ​ជះ​ទឹក​ក្រអូប ស្តង់​គូរ​មុខ ការ​ឈរ​ទ្រឹងរ​បស់បង​មាស និង​កញ្ញា​ប្រាក់ ការដើរ​បង្ហាញ​រាង​ពី​សំណាក់​បង​អ៊ូ​ក អូន​ម៉ាប់ ឆៃយ៉ាំ នាង​មច្ឆា យក្ស​ខ្មែរ ស្តេច​ល្ខោន ការលេង​តន្ត្រី​ទោល និង​សកម្មភាព​កម្សាន្ត​ផ្សេងទៀត​សរុប​ជិត​៥០​មុខ​នៅលើ​ឆ្នេរ​ខ្សាច់ ។ កម្មវិធី ក៏មាន​រៀបចំ​កន្លែង​ស្អាតៗ​សម្រាប់​យុវវ័យ​បង្ហាញ​នូវ​ក្តី​ស្រលាញ់​ចំពោះ​គ្រួសារ ឪពុកម្តាយ​ផងដែរ ដូច​ជាការ​បង្ហោះគោម​ដោយ​ភ្ជាប់​នឹង​ពាក្យពេចន៍​ជូនពរ​ផ្សេងៗ កន្លែង​ថតរូប​អនុស្សាវរីយ៍ អម​ជាមួយ ភ្លើងទៀន​នៅលើ​ឆ្នេរ​ខ្សាច់ ព្រមទាំង​មានការ​បាញ់​កាំជ្រួច​ទៀតផង​។


​សេចក្តីប្រកាស​ដដែល​បាន​បន្ថែមថា លោក ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​យកចិត្តទុកដាក់ ជានិច្ច​ចំពោះ​សន្តិសុខ សុ​វត្តិភាព​ក្នុង​ខេត្ត និង បាន​ត្រៀម​រថយន្ត​សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​នៅតាម​ស្រុកភូមិ​នានា ក្នុង​ខេត្ត​ព្រះសីហនុ ទៅ​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នោះ និង បាន​ចាត់ចែង​រៀបចំ​ទីតាំង ផ្លូវ​ចេញ​-​ចូល​មាន​លក្ខណៈ​ធំ​ទូលាយ រថយន្ត​សង្គ្រោះបន្ទាន់ រថយន្ត​ពន្លត់​អគ្គិភ័យ កម្លាំង​សន្តិសុខ​ការពារ​ប្រចាំការ​រយៈពេល ៣ ថ្ងៃនោះ ។​


​ជាការ​កត់សម្គាល់ ការរៀបចំ​ព្រឹត្តិការណ៍ សង្ក្រាន្ត​សមុទ្រ នោះ​ស្រប​នឹង​ការលើកឡើង​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង អន្តរជាតិ​ទៅ​កម្សាន្ត​នៅក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យ​កាន់តែច្រើន​។​


​ព័ត៌មាន​បន្ថែម​អាច​ទទាក់​ទង​តាមរយៈ​ទូរស័ព្ទ​លេខ ០៧១៩៩៩៩ ៦០៥ , ០៧៦ ២២២២ ១១១ និង ០៩៩ ៨៤៨ ៨៨៥ ៕ Kh

សង្ក្រាន្ត​សមុទ្រ ព្រះសីហនុ ចាប់ពី​ថ្ងៃ ១៤ ដល់​ថ្ងៃទី ១៦ ខែ មេសា​

សង្ក្រាន្ត​សមុទ្រ ព្រះសីហនុ ចាប់ពី​ថ្ងៃ ១៤ ដល់​ថ្ងៃទី ១៦ ខែ មេសា

Posted by ព័ត៌មានសង្គម on Monday, February 25, 2019
រត្រៀម​សម្រាប់​សង្ក្រាន្ត​សមុទ្ទ នៅ​ខេត្ត​ព្រះសីហនុ ពីថ្ងៃ​ទី ១៤ ដល់​ថ្ងៃទី ១៦ ខែ មេសា ( រូបៈ ក្រុមការងារ )