សង្ខេប​ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៨

1080
ចែករម្លែក

​ដោយ : ​វិបុល​/​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ​ដែល​កើតឡើង​នៅ​ថ្ងៃទី​២​ខែមេសា ឆ្នាំ​២០១៨ នេះ​មាន​ដូចតទៅ ៖

*​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​បាន​យាង​និវត្តន៍​មកដល់​មាតុភូមិ​វិញ :

​នៅ​ល្ងាច​ថ្ងៃទី ២ ខែមេសា​នេះ​​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ បាន​យាង​ត្រឡប់​មកដល់​មាតុភូមិ​វិញ​។ ព្រះអង្គ​ទាំង​ទ្វេ​បាន​យាង​ទៅកាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ដើម្បី​ពិនិត្យ​ព្យាបាល​ព្រះរាជសុខភាព​របស់​ព្រះអង្គ​កាលពី​ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៨ ៕

*​នាយករដ្ឋមន្ត្រី​បី​ប្រទេស​នឹង​មកកាន់​ប្រទេស​កម្ពុជា​ក្នុង​សប្តាហ៍​នេះ :​

តប​តាម​ការអញ្ជើញ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បណ្ឌិត ថង​លូន ស៊ី​ស៊ូ​លី​ត​(ThonglounSisoulith) នាយករដ្ឋមន្ត្រី​នៃ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ , ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា (Prayut Chan-o-cha) នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ និង​លោក ង្វៀន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ លើក​ទី​៣ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨ នៅ​ក្រុង​សៀមរាប ព្រះរាជាណាចក្រ​កម្ពុជា​។ តំណាង​ជាន់ខ្ពស់​នៃ​ប្រទេស​ដៃគូ​សន្ទនា​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ ចិន និង​មី​យ៉ាន់​ម៉ា និង​ដៃគូ​អភិវឌ្ឍន៍​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ ក៏​នឹង​អញ្ជើញ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ផងដែរ​៕

*​រដ្ឋមន្ដ្រីការបរទេស​កម្ពុជា​ទទួល​ជួប​ឯកអគ្គរដ្ឋទូត​កូរ៉េ​ថ្មី :

​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជួបពិភាក្សា​ការងារ​ជាមួយ​លោក​គឹម យុង​ជេ (Kim Young-Chae) ឯកអគ្គរដ្ឋទូត​ថ្មី​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​អាស៊ាន នៅ​ព្រឹក​ថ្ងៃទី​២ ខែមេសា នៅ​ទីស្តីការក្រសួង​។​
​ក្រៅពី​លើកឡើង​នូវ​ចំណង​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ និង​បង្ហាញ​នូវ​ជំហរ​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​២ ប្រមុខ​ការទូត​កម្ពុជា ក៏បាន​សម្ដែង​នូវ​ក្តី​រីករាយ​នៅពេលដែល​បានទទួល​ដំណឹង​ថា រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​ចំពោះ​សំណើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា សូម​ឲ្យ​កូរ៉េ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា កូរ៉េ ឆ្លងកាត់​ទន្លេមេគង្គ​។​ពេលនោះ​លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​អំពី​ការត្រៀមខ្លួន​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​កូរ៉េ​មកកាន់​កម្ពុជា​ផងដែរ​៕

*​ឆេង​ម៉េង​ឆ្នាំនេះ​ជ្រូក​ខ្វៃ​ឡើងថ្លៃ​មួយ​គីឡូក្រាម​ចាប់ពី​៤០០០-៥០០០​រៀល :

​អ្នកលក់​ជ្រូក​ខ្វៃ​នៅ​ផ្សារ​អូរ​ឬ​ស្សី​ជាច្រើន​នាក់​បាន​និយាយថា​តម្លៃ​លក់​ជ្រូក​ខ្វៃ​នៅក្នុង​រដូវ​បុណ្យ​ឆេង​ម៉េង​ប្រពៃណី​ចិន​ឆ្នាំនេះ គឺ​បាន​ឡើងថ្លៃ​ក្នុង​មួយ​គីឡូក្រាម​ចាប់ពី​៤​ពាន់​ដល់​៥​ពាន់​រៀល ហើយ​បើ​ធៀប​នៅ​ឆ្នាំមុន​ការលក់​ជ្រូក​ខ្វៃ​របស់​ពួកគេ​ក៏​លក់ដាច់​គួរសម​ដែរ​។ បើតាម​ក្រុម​អ្នកលក់​ជ្រូក​ខ្វៃ​បាន​លើកឡើងថា តម្លៃ​ជ្រូក​ខ្វៃ​ឡើងថ្លៃ​ជាង​មុននេះ ដោយសារ​ថា​កូនជ្រូក ដែល​ទិញ​មក​មានតម្លៃ​ខ្ពស់ ហើយ​ក្នុងឆ្នាំនេះ​តម្រូវការ​ជ្រូក​ក៏​ច្រើន​ដែរ​៕

*​បញ្ជូន​ខ្លួន​អតីត​អភិបាល​ខេត្តតាកែវ​ដែល​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ឃាតកម្ម​ទៅ​តុលាកា​រ :

​ប៉ូលិស បាន​បញ្ជូន​ខ្លួន​លោក ឡាយ​វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​ទៅដល់ តុលាការ​សាលាដំបូង​រាជធានី​ហើយ​កាលពីមុន​ម៉ោង​បី​រសៀល​ថ្ងៃទី​២​ខែមេសា​នេះ​ក្រោម​ការការពារ​យ៉ាង​ម៉ត់ចត់​។​លោក​បាន​ជាប់​សង្ស័យ​ក្នុង​បទ​ឃាតកម្ម​លើ​ស្ត្រី​ស្អាត​ចេ​វ សុ​វ​ឌ្ឍ​នា​ក្នុងភូមិ​គ្រឹះ​នៃ​ខេត្តតាកែវ​៕

*​ក្រុមហ៊ុន​ចិន​សាងសង់​រោងចក្រ កែច្នៃ​ដំឡូង​មី​ខ្នាត​ធំ​លើកដំបូង​លើ​ទឹកដី​ខេត្តក្រចេះ :

​នៅ​ព្រឹក​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន GreenLeader បានចាប់ផ្ដើម​បញ្ចុះ បឋមសិលា​បើក​ការ​រដ្ឋា​ន​សាងសង់​រោងចក្រ​កែច្នៃ​ផលិត​ម្ស៉ៅ​ដំឡូង​មី​ទី​១ ដែលមាន​សមត្ថភាព កែច្នៃ​ដំឡូង​មី ជា​ម្សៅ ប្រមាណ​១០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ នៅលើ​ទឹកដី​ស្រុក​ស្នួល ខេត្តក្រចេះ​៕

*​ស្នងការ​ក្រុង​បញ្ជា​ឲ្យ​នគរបាល​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្តី ដែល​វាយ​ប្រពន្ធ​ហើម​មុខ​ពិការភ្នែក​ :

​នាយ​ឧត្ដមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី បន្ទាប់ពី​បានទទួល​ដំណឹង​អំពី​ករណី ហិង្សា​បង្កឡើង​ដោយ​បុរស​ជា​ប្ដី​មកលើ​ប្រពន្ធ​បណ្ដាល​ឲ្យ​របួស​ផ្ទៃមុខ និង​ពិការភ្នែក កើតឡើង​កាលពី​យប់​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៨ នៅផ្ទះ​លេខ ៦៣ ដេ ផ្លូវ ៥៣ បេ​តេ ភូមិ ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌ មានជ័យ ហើយ​នៅ​យប់​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៨ ក៏បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ស្រាវជ្រាវ​ជា​បន្ទាប់​ដើម្បី​ចាប់​ឃាត់ខ្លួន​ជនល្មើស​មក​ទទួលខុស​ត្រូវ​ចំពោះមុខ​ច្បាប់​។​
​បុ​រ​ជា​ប្តី​មានឈ្មោះ សរ ច​ន្នី​រិ​ទ្ធ អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន មាន​ទីលំនៅ ផ្ទះ​៦៣​ដេ ផ្លូវ​៥៣BT ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ និង​ប្រពន្ធ​ជា​ជនរងគ្រោះ មានឈ្មោះ​ឆេង សុខ​រ៉ា ជនជាតិខ្មែរ អាយុ​៣២ ជា​បុគ្គលិក​ធនាគារ មាន​ទីលំនៅ​ផ្ទះកើតហេតុ​ខាងលើ​៕

*​ឃាត់ខ្លួន​ជនជាតិ​ចាម​សញ្ជាតិ​វៀតណាម​ចំនួន​២៧​នាក់​នៅ​ខេត្តមណ្ឌលគិរី​ :

​ជនជាតិ​ចាម​សញ្ជាតិ​វៀតណាម​ចំនួន​២៧​នាក់​ត្រូវបាន​នគរបាល​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​៣០​ខែមីនា​កន្លងទៅ​។​ករណី​នោះ​នគរបាល​ក្រុង​សែន​មនោ​រម្យ​បា​នប​ញ្ជួ​ន​ជនជាតិ​ចាម​ទាំងនោះ​ទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​៣១​ខែមីនា​រួចទៅហើយ​។​
​មន្ត្រីនគរបាល​ក្រុង​សែន​មនោ​រម្យ​បាន​ប្រាប់ថា​ជនជាតិ​ចាម​ទាំង​២៧​នាក់​នោះ​មាន​ស្រី​១១​នាក់​។​ក្នុងនោះ​មាន​អនីតិជន​ចំនួន​៦​នាក់​មាន​ស្រី​ចំនួន​៤​នាក់​។​សមត្ថកិច្ច​បន្តថា​ការឃាត់ខ្លួន​ជនជាតិ​ចាម​កាន់​អត្តសញ្ញាណប័ណ្ណ​វៀតណាម​នោះ​ត្រូវ​ឃាត់ខ្លួន​ពី​សំណាក់​កម្លាំង​នគរបាល​ក្រុង​សែន​មនោ​រម្យ សហការ​ជាមួយ​កម្លាំង​នគរបាល​ផែន​សន្តិសុខ​និង​កម្លាំង​ជំនាញ​ផែន​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​៕

*​ក្រសួងពាណិជ្ជកម្ម​ជូន​ដំណឹង​ពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ សម្រាប់​អនុវត្ត​ពីថ្ងៃ​ទី​២ ដល់ ថ្ងៃទី​១១ ខែមេសា :

​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃទី​២ ខែមេសា នេះ បានចេញ​សេចក្ដីជូនដំណឹង ពី​ការកំណត់ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ សម្រាប់​អនុវត្ត​ពីថ្ងៃ​ទី​០២ ដល់​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨​។ ​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង ថ្លៃ​លក់រាយ​ដែល​ត្រូវ​បានកំណត់​គឺ ប្រេងសាំង​ធម្មតា តម្លៃ​៣,៩៥០​រៀល និង​ប្រេងម៉ាស៊ូត​តម្លៃ​៣,៧៥០​រៀល​៕