សង្ខេប​ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ ប្រចាំ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៨

466

​ដោយៈ​វិបុល​/​ភ្នំពេញ​: ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ​ដែល​កើតឡើង​នៅ​ថ្ងៃទី​៥ ខែមេសា នេះ​មាន​ដូចតទៅ ៖

* កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣ បានកំណត់​នូវ​សកម្ម​ភាពជា​អាទិភាព​ចំនួន​៧​ចំណុច​

​នៅ​រសៀល​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៨ នេះ កិច្ចប្រជុំ​កំ​ពូ​លើក​ទី​៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ ។ ក្រោយ​បញ្ចប់​កិច្ចប្រជុំ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​ដឹកនាំ​អង្គប្រជុំ​នេះ បានធ្វើ​សន្និសីទ សារព័ត៌មាន ដោយបាន​លើកឡើង​នូវ​លទ្ធផល​សង្ខេប នៃ​កិច្ចប្រជុំ​កំពូល​ពេញអង្គ​លើក​ទី​៣ នេះ​ថា ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ​បាន​ពិនិត្យ និង​វាយតម្លៃ​ខ្ពស់ នូវ​វឌ្ឍនភាព និង​សមិទ្ធផល ដែល​គណៈកម្មការ​ទន្លេ​មេគង្គ​សម្រេចបាន ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​លើក​ទី​២ ក្នុង​ឆ្នាំ​២០១៤ នៅ​ប្រទេស​វៀតណាម ដែល​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ ពាក់ព័ន្ធ​ផ្សេងទៀត ក្នុង​គោលដៅ និង​បេសកកម្ម​រួមគ្នា សម្រាប់​ធានា​ឲ្យ​បាន​នូវ​និរន្តរភាព​នៃ​ទន្លេមេគង្គ និង​ធនធាន​រួម​នៃ​ទន្លេមេគង្គ ដើម្បី​ជា​ប្រយោជន៍ នៃ​ភាព​ចម្រុងចម្រើន ក្នុង​អាង​ទន្លេមេគង្គ ដោយ​ការពារ​បាន​នូវ​និរន្តរភាព​បរិស្ថាន​។​

សម្ដេចតេជោ ធ្វើសន្និសីទ​កាសែតក្រោយកិច្ចប្រជុំកំពូលមេគង្គលើកទី៣

​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ បានកំណត់​នូវ​សកម្ម​ភាពជា​អាទិភាព ដោយ​ផ្តោតជាសំខាន់ លើ​ការពង្រឹង និង​លើកកម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​, កិច្ចសហប្រតិបត្តិការ​តំបន់ និង​ភាពជា​ដៃគូ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ក្នុង​អាង​ទន្លេមេគង្គ ដោយ​ក្នុងនោះ​មាន ការងារ​ស្នួល​ចំពោះមុខ​ដែល​ត្រូវ​យកចិត្តទុកដាក់ និង​អនុវត្ត​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​មួយចំនួន រួមមាន ៖១.​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ​ឆ្នាំ​២០១៦-២០២០ ។ ២.​ការបន្ត​ពង្រឹង​ការអនុវត្ត​រាល់​នីតិវិធី​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ លើ​ការគ្រប់គ្រង និង​ការប្រើប្រាស់​ធនធានទឹក នៃ​អាង​ទន្លេមេគង្គ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ។ ៣.​ការបន្ត​ពង្រឹង​ការធ្វើ​វិមជ្ឈការ​សម្រាប់​សកម្មភាព​ត្រួតពិនិត្យ តាមដាន​ធនធាន​ទន្លេមេគង្គ ដែល​ត្រូវអនុវត្ត​នៅ​ថ្នាក់ជាតិ ។​៤.​ការពង្រឹង​ការងារ​មជ្ឈការ សម្រាប់​បណ្តាញ​ត្រួតពិនិត្យ តាមដាន អាង​ទន្លេមេគង្គ ដែល​ត្រូវអនុវត្ត​នៅ​ថ្នាក់​តំបន់ ។ ៥.​ការបង្កើន​ការយល់ដឹង​និង​ការប្រើប្រាស់​ផលិតផល​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ ដោយ​ប្រទេស​ជា​សមាជិក និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​។ ៦.​ការបង្កើន​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​យន្តការ​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​បន់​និង​អន្តរជាតិ​។ ៧ .​ការពិនិត្យ​ពិចារណា​លើ​លទ្ធផល​នៃ​ការសិក្សា​ស្តីពី​ការគ្រប់គ្រង​និង​ការអភិវឌ្ឍ​ទន្លេមេគង្គ​សម្រាប់​ប្រើ ប្រាស់​ជា​ប្រយោជន៍​ក្នុងការ​រៀបចំ​ផែនការ​,​ការគ្រប់គ្រង​,​ការអភិវឌ្ឍ​អាង​សម្រាប់​ប្រើប្រាស់​ជា​ប្រ​យោ​ជ ន៍​ក្នុង​ការរៀបចំ​ផែនការ​, ការគ្រប់គ្រង​, ការអភិវឌ្ឍ​អាង​ទន្លេមេគង្គ​ឲ្យ​បានល្អ​ប្រសើរ និង​ប្រកបដោយ​ចីរភាព​៕

*​ប្រមុខ​រាជរដ្ឋាភិបាល​ស្នើ​ឲ្យ​ប្រទេស​សមាជិក​ទន្លេមេគង្គ​យកចិត្តទុកដាក់​បញ្ហា​៥

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​ប្រទេស​ជា​សមាជិក នៃ​គណៈកម្មការ​ទន្លេមេគង្គ​ទាំងអស់​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ចំនួន​៥ នៅក្នុង​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣ នៅ​ខេត្តសៀមរាប​នា​ព្រឹក​ថ្ងៃទី​៥ ខែមេសា​នេះ​។​

​បញ្ហា​ទាំង​៥​នោះ រួមមាន​៖ ទី​១.​បន្ត​ជំរុញ​និង​ពង្រឹង​យន្ត​ការសម្របសម្រួលនិង​អភិវឌ្ឍន៍​ទឹក និង​ធនធាន​ពាក់ព័ន្ធ​ប្រកបដោយ​និរន្តរភាព ដើម្បី​ប្រយោជន៍​ដល់​ប្រទេស​សមាជិក និង​សុខមាលភាព​របស់​ប្រជាជន​។ ទី​២.​បន្ត​ផ្តល់​អាទិភាព​ដោះស្រាយ​បញ្ហា​ប្រឈម​ចំបងៗ​ដែល​ពាក់ព័ន្ធ​ទៅ​និរន្តរភាព នៃ​អាង​ទន្លេមេគង្គ ដូចជា​ការគ្រប់គ្រង​បរិស្ថាន និង​កាកសំណល់ និង ការដោះស្រាយ​ផលប៉ះពាល់​បរិស្ថាន​ដែល​កើតចេញពី​ការប្រែប្រួល​អាកាសធាតុ ការប្រើប្រាស់​និង​ការបំពុល​ទឹកទន្លេ និង​ការគ្រប់គ្រង​គម្រោង​នានា ដែល​ពាក់ព័ន្ធ​ចេរភាព​អាង​ទន្លេមេគង្គ និង​ជីវៈចម្រុះ​។ ទី​៣.​បន្ត​រៀបចំ​វិធានការណ៍​និង សកម្មភាព​ជាក់ឡាក់ សម្រាប់​ឆ្លើយតប​ទៅ​គ្រោះទឹកជំនន់ និង គ្រោះរាំងស្ងួត និង​ជំរុញ​សុខដុម​ប​នីយកម្ម នៃ​ការអភិវឌ្ឍន៍​ហេ​ដ្ឋា​រ​ច​ន​នា​សម្ព័ន្ធ​ក្នុង​តំបន់​។ ទី​៤.​បន្ត​ពង្រឹង​សម​ត្តភាព​មនុស្ស និង​សមត្ថភាព​ស្ថាប័ន​សម្រាប់​កិច្ចសហប្រតិបត្តិការ​ឆ្លង​ដែន រវាង​ប្រទេស​ជាស​មា​ជិ​ក្នុង​តំបន់ ជាពិសេស​សម្រាប់​ការអនុវត្ត​នូវ​ផែនការ និង​យុទ្ធសាស្ត្រ​ដែល​បាន​ដាក់ចេញ​កន្លងមក​ឲ្យ​បាន​ប្រកបដោយ​ប្រសិទ្ធភាព និង​សក្តិ​សិទ្ធ​ភាព​។ ទី​៥.​បន្ត​លើកកម្ពស់​ស្មារតី​សហប្រតិបត្តិការ​មេគង្គ​ក្នុង​ភាពជា​ដៃគូ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ក៏ដូចជា​បន្ត​ជំរុញ​បង្កើន​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និត​ថែមទៀត ជាមួយ​យន្តការ​ក្នុង​តំបន់ និង អន្តរជាតិ​នានា ក្នុង​គោលដៅ​ឈាន​ឆ្ពោះទៅ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​អាង​ទន្លេមេគង្គ​៕

*​នាយករដ្ឋមន្ត្រី​កម្ពុជា ថៃ ជូនពរ​គ្នា​ទៅវិញទៅមក ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី និង​ប្តេជ្ញា​ពង្រឹង​ទំនាក់ ទំនង​ល្អ​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានទទួល​ជួប​សវនាការ​ជាមួយ​លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា ( Prayut Chan-o-cha ) នាយករដ្ឋមន្ត្រី​ថៃ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមេសា​នេះ នៅ​សណ្ឋាគារ​សុខា​ខេត្តសៀមរាប​។​

​តាមរយៈ​ជំនួប​នេះ ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​២ បាន​ជូនពរ​គ្នា​ទៅវិញទៅមក​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ ។ លើសពីនេះ​ទៀត មេដឹកនាំ​ប្រ​ទែស​ទាំង​២ ក៏បាន​ប្ដេជ្ញាចិត្ត រក្សា​ឲ្យ​បាន​នូវ​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​ល្អ​ផងដែរ​៕

សម្តេចតេជោជួបសមភាគីថៃលោកប្រាយុទ្ធចាន់អូឆានៅព្រឹកថ្ងៃទី៥ខែមេសា

 

* នាយក​រដ្ឋ​ម​ន្ត្រីៈ​ចិន​កំពុង​នាំមុខ​ក្នុង​ការជួយ​លើ​គម្រោង​ធារាសាស្ត្រ​នៅ​កម្ពុជា

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើងថា​ប្រទេស​ចិន​បាន​កំពុង​នាំមុខគេ​ក្នុង​ការជួយ​ដល់​វិស័យ​ធារាសាស្ត្រ​នៅ​កម្ពុជា​។​ក្នុងនោះ​ប្រព័ន្ធធារាសាស្ត្រ ចំនួន ១១ កំពុង​អនុវត្តន៍ ក្រោម​គម្រោង​ជំនួយ​របស់​ប្រទេស​ចិន ។ សម្តេច​តេ​ជោ​បានបញ្ជាក់​បែបនេះ​ទៅកាន់ លោក អ៊ី ជីន​ពីង រដ្ឋមន្ត្រី​ធនធានទឹក​នៃ​ប្រទេស​ចិន ខណៈ​ជួប​សវនាការ​កាលពី​រាត្រី​ថ្ងៃទី ៤ ខែ មេសា នៅ​សណ្ឋាគារ​សុខា​ខេត្តសៀមរាប ៕

*​សម្តេច​ប្រធានព្រឹទ្ធសភា អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូលជួប​សម្តែង​ការគួរសម​

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨​បានអនុញ្ញាត​គណៈប្រតិភូ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ្វា​ម វ៉ាន់​យី ប្រធាន​នយោបាយ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា​។​
នៅក្នុង​ឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ្វា​ម វ៉ាន់​យី បាន​ជម្រាបជូន​សម្តេច​ព្រឹទ្ធសភា​អំពី​គោលបំណង​នៃ​ដំណើរ​បេសកកម្ម​នាពេល​នេះ គឺ​ដើម្បី​មក​សួរសុខទុក្ខ​អង្គភាព​ដែលជា​សម្ព័ន្ធមិត្ត ស្របពេល​ពេលដែល​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម កំពុង​ប្រារព្ធ​ខួប​អនុស្សាវរីយ​លើក​ទី​៥០ នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម​៕

*​សម្តេចនាយក​រដ្ឋមន្ត្រី ផ្តល់​កាដូ ដល់​ពលរដ្ឋ ជិត ៣០០ គ្រួសារ រស់​នៅលើ​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម

​ជា​កាដូ​ថ្មី​មួយទៀត មុន​ឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ជូន​ដល់​ប្រជាពលរដ្ឋ ដែល​រស់​នៅលើ​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ នៅពេលនេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានចេញ​អនុក្រឹត្យ​មួយ ដោយ​កាត់​ដី​ចេញ ទំហំ ៥២៨,៣៧ ហិកតា នៅ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម ចេញពី​ដីឯកជន​របស់​រដ្ឋ ហើយ​ប្រគល់ជូន ប្រជាពលរដ្ឋ ចំនួន ២៩៨ គ្រួសារ ដែល​បានរស់នៅ ជា​អចិន្ត្រៃយ៍ នៅលើ​កោះ​នេះ​៕

 

*​ពលរដ្ឋ​ខ្មែរ​ដែល​អាមេរិក​បញ្ជូនមក​កម្ពុ​ជា ចំនួន​៤៣​នាក់ បាន​មកដល់​កម្ពុជា

​នៅវេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​៥ ខែមេសា នេះ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៤៣​នាក់ (​ស្រី​៣​នាក់​) ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ នៅ​សហរដ្ឋ​រដ្ឋ​អាមេរិក បាន​បញ្ជូនមក​ដល់ក​ម្ពុ​ជា​ហើយ​។ ឧ​ត្ត​ម​សេនីយ៍​ឯក កែវ វណ្ណ​ថន អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ បាន​ថ្លែង​បញ្ជាក់ថា ពលរដ្ឋ​ខ្មែរ​ដែល​អាមេរិក​បញ្ជូនមក​កម្ពុ​ជា មាន​ចំនួន​៤៣​នាក់ ក្នុងនោះ​មាន​ស្រី​៣​នាក់​។ ក្នុងចំណោម​អ្នក​ទាំងនោះ មាន​អ្នកខ្លះ​បាន​អនុវត្ត​ទោស​រួចហើយ​នៅ​សហរដ្ឋអាមេរិក និង​មាន​មួយចំនួនទៀត​មាន​បញ្ហា​សុខភាព​៕

*​ប៉ូលិស​សេដ្ឋកិច្ច រកឃើញ​បារី​ជិត ១៦០០ ប៊ិច ដែល​វេច​ខ្ចប់ ពុំ​ត្រឹមត្រូវ តាមច្បាប់​កំណត់​

​នគរបាល​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ រកឃើញ​បារី​ជិត ១៦០០ ប៊ិច ដែល​បាន​វេច​ខ្ចប់ ពុំមាន​សារ​ព្រមាន​សុខភាព និង​រូបភាព ត្រឹមត្រូវ តាមច្បាប់​កំណត់ ក្នុង​រោងចក្រ CTK ស្ថិត​ក្នុងស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​៕