ដោយ : វិបុល / ភ្នំពេញ ៖ ព័ត៌មានក្នុងប្រទេសសំខាន់ៗ ប្រចាំថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ រួមមានដូចតទៅ ៖
*ព្រះមហាក្សត្រកោតសរសើរសម្តេចតេជោហ៊ុនសែនខិតខំដោះស្រាយបញ្ហាប្រឈមទាំងពួងរបស់ប្រទេស
នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ នេះ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញរាជសារមួយ ក្នុងឱកាសនៃការបើក សម័យប្រជុំរដ្ឋសភាលើកទី១០នីតិកាលទី៥ ។
នៅក្នុងព្រះរាជសារនេះ ព្រះមហាក្សត្រ ទ្រង់បានលើកសរសើរ រដ្ឋសភាថា បានបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនប្រកបដោយប្រសិទ្ធិភាព ជាពិសេសបានអនុវត្តតួនាទីរបស់ខ្លួនក្នុងមុខងារនីតិកម្មធ្វើជាអ្នកតំណាងនុងការតាមដានអនុវត្តច្បាប់សម្រេចការងារបានយ៉ាងល្អប្រសើរ។ ព្រះអង្គ ក៏បានបង្ហាញព្រះរាជសង្ឃឹមថា រដ្ឋសភាដែលជាតំណាងប្រជាពលរដ្ឋនឹងបន្តខិតខំប្រឹងប្រែងសហការជាមួយស្ថាប័នកំពូលនានាថែមទៀត ដើម្បីសម្រេចអោយបាននៅទិសដៅរួមរបស់របស់រាជរដ្ឋាភិបាលកម្ពុជាជាជំហានៗ ធានាបាននូវសង្គមកម្ពុជាមួយដែលលរឹងមាំ មានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌។
ជាមួយគ្នានេះ ព្រះមហាក្សត្រ បានកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយជោគជ័យ នឹងបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមទាំងពួងរបស់ប្រទេសប្រកបដោយបញ្ញាញាណ៕
*លោកស្រី ជា ច័ន្ទទេវី និងលោក សួន មាន ទទួលការគាំទ្រពីរដ្ឋសភាដើម្បីក្លាយជាសមាជិកព្រឹទ្ធសភា
ព្រឹកថ្ងៃទី៩ខែមេសានេះរដ្ឋសភាបានបោះឆ្នោតជ្រើសតាំងលោកស្រី ជា ច័ន្ទទេវី និងលោកសួន មាន ជាសមាជិកព្រឹទ្ធសភា ។បេក្ខជនទាំងពីរូបនេះ គឺមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច។
បេក្ខជនទាំងពីរូបនេះ គឺត្រូវបានរដ្ឋសភាជ្រើសចេញពីបេក្ខជនចំនួន១២រូបដែលបានដាក់ពាក្យជាបេក្ខជនសមាជនព្រឹទ្ធសភា។ រដ្ឋសភាបានទទួលពាក្យបេក្ខជនជាសមាជិកព្រឹទ្ធសភា ចាប់ពីថ្ងៃទី១៦ ខែមីនា រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ៕
*គ.ជ.បៈការរៀបចំការបោះឆ្នោតកំពុងដំណើរការយ៉ាងរលូន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) កំពុងដំណើរការយ៉ាងរលូនរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ស្របទៅតាមច្បាប់ និងធម្មនុញ្ញភាពរបស់ខ្លួនដូចមានចែងក្នុងមាត្រា ១៥០ថ្មី(ពីរ) នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប.ចេញនៅថ្ងៃទី៩ ខែមេសានេះ បានបញ្ជាក់ថាប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមប្រតិកម្មព័ត៌មានគ.ជ.បបានកត់សម្គាល់ឃើញថាមានបុគ្គលមួយចំនួនបាន“អំពាវនាវដល់ប្រជាពលរដ្ឋមិនឱ្យចូលរួមបោះឆ្នោត និងឲ្យអ្នកសង្កេតការណ៍ជាតិអន្តរជាតិធ្វើការពិចារណាឲ្យបានហ្មត់ចត់មុននឹងចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខ នេះ ” ។ក្នុងសេចក្ដីអំពាវនាវនោះ គេបានលើកឡើងផងដែរថា ការបោះឆ្នោតដែលគ្មានអតីតគណបក្សប្រឆាំងដ៏ធំមួយ ចូលរួម គឺ “ជាការបោះឆ្នោតមួយដែលខុសច្បាប់ ” ៕
*ដាក់ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ពង្រឹងការរំដោះចរាចរលើផ្លូវជាតិសំខាន់ៗ ៥ខ្សែចេញ ចូលក្រុង
នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់ចេញជាផែនការ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ គ្រោះអគ្គីភ័យ និងការពង្រឹងការរៀបចំរំដោះចរាចរលើផ្លូវជាតិសំខាន់ៗ ៥ខ្សែចេញ ចូលក្រុងក្នុងឱកាសចូលឆ្នាំខ្មែរដែលនឹងប្រព្រឹត្តិទៅនាពេលប៉ុន្មានថ្ងៃខាងមុខនេះ។ គោលដៅនិងច្រកចេញចូលរាជធានីភ្នំពេញ ទាំង៥ច្រក ដូចជា ផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ និងផ្លូវជាតិលេខ៥ ៕
*រកឃើញហើយ ជើងខ្លាំងអុកចត្រង្គ ចំនួន៨រូប ដែលត្រូវឡើង ទៅប្រកួតផ្ដាច់ព្រ័ត្រ នៅអង្គរសង្ក្រាន្ដ
ជើងខ្លាំងខាងអុកចត្រង្គ ចំនួន៨រូប ដែលចម្រាញ់ចេញ ពីជើងខ្លាំងចំនួន២៤រូប មកពីមណ្ឌល ចំនួន ៧ ផ្សេងគ្នានោះ រកឃើញហើយ។ មណ្ឌលទាំង៧នោះ មានរាជធានីភ្នំពេញ ជ្រើសរើសយក៦រូប មណ្ឌលខេត្តព្រះសីហនុ៣រូប កំពង់ស្ពឺ៣រូប កំពង់ចាម៣រូប សៀមរាប៣រូប ក្រចេះ៣រូប និងមណ្ឌលខេត្តបាត់ដំបង៣រូប ។
ជើងខ្លាំងទាំង៨រូប ដែលត្រូវឡើងទៅប្រកួត ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ មាន ឈាវ បូរ៉ា អតីតស្ដេចអុក ២ជំនាន់ មកពីខេត្តកំពង់ចាម។ ឌីម ឌីណា មកពីខេត្តកំពង់ចាម កែវ វឌ្ឍនា រាជធានីភ្នំពេញ ប៊ុន គាសេង ខេត្តក្រចេះ ដែលជាជើងឯករងឆ្នាំចាស់ ប៊ូ ប៉ុណ្ណម៉ាលីកា រាជធានីភ្នំពេញ អេង សេងហៀក ខេត្តសៀមរាប ស៊ីវ ស៊ីនខេត្តកំពង់ស្ពឺ និង សុខ លឹមហេង រាជធានីភ្នំពេញ ៕