សង្ខេប​ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨

974
ចែករម្លែក

​ដោយ : វិបុល ៖ ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨​នេះ មាន​ដូចតទៅ ៖

*​ប្រមុខ​រាជរដ្ឋាភិបាល​អញ្ជើញ​បើក​កិច្ច​ប្រ​ជូំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ ២០១៧ និង ការវាយតម្លៃ​សមិទ្ធផល​៥​ឆ្នាំ នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណ​:

​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​អញ្ជើញ​បើក​កិច្ច​ប្រ​ជូំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ ២០១៧ និង ការវាយតម្លៃ​សមិទ្ធផល​៥​ឆ្នាំ នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណ​:​។ នៅក្នុង​កិច្ចប្រជុំ​នេះ ក្រៅពី មោទនភាព​ចំពោះ​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ សម្ដេច​ក៏បាន​ជំរុញ​ឲ្យ​មន្ដ្រី​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ចំណុច​សំខាន់​៤ ដើម្បី​ជំរុញ​អនុវត្ត​យុទ្ធសាស្ត្រ នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​។
​សម្ដេច​បាន​លើក​ជា​អនុសាសន៍​ដូចខាងក្រោម ៖
​ទី​១.​ការបង្កើន​ភាពជា​ម្ចាស់​ក្នុងការ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ តាម​ក្រសួង​-​ស្ថាប័ន ។ រដ្ឋ មន្ត្រី និង ប្រធាន​ស្ថាប័ន ត្រូវមាន​ភាពជា​ម្ចាស់ ក្នុងការ​ជំរុញ​ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ទៅតាម​គោលការណ៍​រួម​របស់​រាជរដ្ឋាភិបាល ។​
​ទី​២.​ការផ្តល់ ការលើកទឹកចិត្ត​ដល់​ក្រុមការងារ​កែទម្រង់​នៅតាម​ក្រសួង​-​ស្ថាប័ន ។ ចំណុច​នេះ​សម្តេច​បាន​ណែ​នាំឱ្យ​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក៏ដូចជា​ប្រធាន​ស្ថាប័ន និង ក្រុមការងារ​កែទម្រង់​នៅតាម​គ្រប់​ក្រសួង​-​ស្ថាប័ន ជំរុញ​អនុវត្ត​ការងារ​នេះ​យ៉ាងសកម្ម​ក្លៀវក្លា និង ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ បំផុត ។​
​ទី​៣.​ការបន្ត​ពង្រឹង​យន្តការ​សម្របសម្រួល និង ភាព​ប្រទាក់ក្រឡា​គ្នា​រវាង​ការកែទម្រង់​ទាំង ៣ ដែល រួមមានៈ​គណៈកម្មាធិកា​រដឹក​នាំ​ការងារ​កែទម្រង់​ការ​គ្រប់​គ្រ ង​ហិរញ្ញវត្ថុ​សាធារណៈ​, គណៈកម្មាធិការ​ជាតិ​សម្រាប់ ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ និង​គណៈកម្មាធិការ​កែ​ទម្រង់រដ្ឋបាល​សាធារណៈ ។​
​ទី​៤.​ការយកចិត្តទុកដាក់​ខ្ពស់ ដល់​ការអនុវត្ត «​យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា ឆ្នាំ ២០១៨- ២០២៥» ៕

* ក្រសួងសុខាភិបាល​ច្រានចោល​ព័ត៌មាន ដែលថា មាន​សត្វ​កន្លាត​ក្នុង​ម៉ាស៊ីន​X-ray

​ក្រសួងសុខាភិបាល បានចេញ​សេចក្តីថ្លែងការណ៍ ទាត់​ច្រាល​ទាំងស្រុង នូវ​ការចុះផ្សាយ​ព័ត៌មាន​ក្លែង​ក្លែង អត្ថបទ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​មើល កុំ​សាន (Merl Komsan)» ដែល​បង្ហោះ​ពី​ករណី​រូបថត X-ray របស់​បុរស​ម្នាក់​រស់​នៅ​ខេត្តព្រៃវែង ដោយ​អះអាង​មាន​សត្វ​កន្លាត​មួយ​ក្បាល កំពុងតែ​រស់នៅក្នុង​ខ្លួន​។​
​ការចេញ​សេចក្តីថ្លែងការណ៍​ទាត់ចោល​ព័ត៌មាន​នេះ ធ្វើឡើង​បន្ទាប់ពី​មាន Facebook Page មួយ​ឈ្មោះថា «​មើល កុំ​សាន (Merl Komsan)» កាលពី​ថ្មី​នេះ​បាន​បង្ហោះ​ករណី​រូបថត X-ray របស់​បុរស​ម្នាក់​រស់​នៅ​ខេត្តព្រៃវែង ដែល​គាត់​ត្រូវបាន​លោក​វេជ្ជបណ្ឌិត​ប្រាប់ថា មាន​សត្វ​កន្លាត​មួយ​ក្បាល​កំពុងតែ​រស់នៅក្នុង​ខ្លួន​របស់គាត់ ទើប​ធ្វើ​ឲ្យ​គាត់​ចេះតែមាន​អា​ការៈឈឺ​ចុកចាប់​ស្មា​បែបនេះ ហើយ​តម្រូវ​ឲ្យ​គាត់​ទៅ​ព្យាបាល​នៅ​បរទេស​ថែម​ទៀតផង បន្ទាប់មក​បុរស​រូបនោះ​បាន​លក់​ផ្ទះ និង​ខ្ចីលុយ​ធនាគារ​អស់​ជាច្រើន ដើម្បី​យកលុយ​ទៅ​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា ៕

*​រថភ្លើង ពី​ស្ថានីយ​ទៅកាន់​ព្រលានយន្តហោះ ដឹក​អ្នកដំណើរ​បាន​ជាង​១​ម៉ឺន​នាក់​ក្នុង​រយៈពេល​៩​ថ្ងៃ​មកនេះ​

​យោងតាម​ប្រភព​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី​២០ ខែ មេសា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា ការដឹកជញ្ជូន​អ្នកដំណើរ​តាម​រថភ្លើង​ពី​ស្ថានីយ​ភ្នំពេញ​-​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ចំនួន​១៣៦៨១​នាក់​ចាប់ពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨ ៕

*​ការដឹកជញ្ជូន​អ្នកដំណើរ​ពី​ប៉ោយប៉ែត សិរីសោភ័ណ​-​សិរីសោភ័ណ ប៉ោយប៉ែត បាន​ចំនួន​ជិត ៩០០០​នាក់​

​ការដឹកជញ្ជូន​អ្នកដំណើរ​ពី​ប៉ោយប៉ែត​-​សិរីសោភ័ណ និង​សិរីសោភ័ណ​-​ប៉ោយប៉ែត បាន​ចំនួន​ជិត ៨៩៨៤​នាក់ ចាប់ពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨​។​
​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​តាម​រថភ្លើង​ដោយ​ឥតគិតថ្លៃ រហូតដល់​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨ ក្នុង​មួយថ្ងៃ​រត់​៦​ជើង​ពី​សិរីសោភ័ណ​-​ប៉ោយប៉ែត និង​ពី​ប៉ោយប៉ែ​តទៅ​សិរីសោភ័ណ ៕

*​ពលរដ្ឋ​ប្រមាណ​ជិត​១​ម៉ឺន​៥​ពាន់​នាក់​បានទទួល​សេវា​ដឹកជញ្ជូន​ពី​រថយន្តក្រុង​ដោយ​ឥតគិតថ្លៃ​នាឱកាស​បុណ្យចូលឆ្នាំថ្មី​

​ក្នុង​រយៈពេល​១​សប្តាហ៍​រថយន្តក្រុង​សាធារណៈ​ដឹកជញ្ជូន​អ្នកដំណើរ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចំនួន​៦០​គ្រឿង​បាន ដឹកជញ្ជូន ប្រជាពលរដ្ឋ​នាឱកាស​បុណ្យចូលឆ្នាំថ្មី​បាន​ប្រមាណ​ជិត​១​ម៉ឺន​៥​ពាន់​នាក់​ទាំង​ចេញពី​ក្រុង​និង​ចូលមក​ទីក្រុង​វិញ​ដោយ​ទទួល​សេវា​ឥតគិតថ្លៃ​នេះ ៕

*​ពលរដ្ឋ​ជិត​៦​ពាន់​នាក់​នាំគ្នា​ជិះ​កាណូត​ដឹកជញ្ជូន​អ្នកដំណើរ​មិន​បង់ប្រាក់​ពី​ភ្នំពេញ​ទៅ​ក្រុង​តាខ្មៅ​

​កាណូត​ដឹកជញ្ជូន​អ្នកដំណើរ​មិន​បង់ប្រាក់​ដែល​ចាប់​ចេញដំណើរ​ពី​ចំណត​ឫស្សីកែវ​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល​ក្នុង​រយៈពេល​ជាង​១០​ថ្ងៃនេះ​បាន​ដឹកជញ្ជូន​អ្នកដំណើរ​បាន​ចំនួន​ជិត​៦០០០​នាក់​ជាមួយនិង​ភាពសប្បាយ​រីករាយ​នៃ​ការផ្តើម​ឲ្យ​មានការ​ធ្វើចរាច​រណ៍កា​រដឹក​ជញ្ជូន​លើផ្លូវ​ទឹក​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​៕

*​បុរស​វៀតណាម​ម្នាក់ យកលុយ​ដុល្លារ​ក្លែងក្លាយ មក​ទិញ​គោក្របី ពី​ពលរដ្ឋ​ខ្មែរ​

​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ច្រកម្ទេស បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​ម្នាក់ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅក្នុង​សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់ លុយ​ដុល្លារ​ក្លែងក្លាយ យកមក​ទិញ​គោ និង​ក្របី របស់​ពួកគាត់ ។
​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ច្រកម្ទេស បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួល​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​រងគ្រោះ ក្នុង​អំពើ​ឆបោក​នេះ ទីមួយ ឈ្មោះ​ស្រី ស៊ន់ ភេទ​ប្រុស អាយុ ៥២ ឆ្នាំ ម្ចាស់​គោ​។ ទី​ពីរ ឈ្មោះ ស្រី វៀន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជា​ម្ចាស់​ក្របី​។ ទី​បី ឈ្មោះ​ចាន់ សារឿន ភេទ​ស្រី អាយុ​៦៣​ឆ្នាំ ជា​ម្ចាស់​ក្របី​។ ពួកគាត់​ទាំងបី​នាក់ មាន​ទីលំនៅ នៅ​ភូមិ​វាល សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង​៕