សង្ខេប​ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨

703
ចែករម្លែក

​ដោយ : វិបុល / ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨ មាន​ដូចតទៅ ៖

*​កងទ័ពជើងគោក​កម្ពុ​ជា​បញ្ជូន​ក្រុម​បាញ់កាំភ្លើង​ដៃឯក​១៤​នាក់​ចូលរួម​ប្រកួត​នៅ​អូស្ត្រាលី​
​កងទ័ពជើងគោក​កម្ពុ​ជា បាន​បញ្ជូន​ក្រុម​បាញ់កាំភ្លើង​ដៃឯក នៃ​កងយោធពល​ខេមរភូមិន្ទ​ចំនួន​១៤​នាក់ ទៅ​ចូលរួម​ប្រកួត​បាញ់កាំភ្លើង ដៃ​ក្នុង​កម្មវិធី Australia Army Skill at Army Meeting 2018 ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ចុងខែ មេសា​នេះ រហូតដល់​ថ្ងៃទី​១០​ឧសភា​ឆ្នាំ​២០១៨ ៕

*​ជីក​ស្តារ​ប្រឡាយ​ទួល​ពង្រ​ទី​១​មួយ​ខ្សែ​ប្រវែង​ជាង​១​ពាន់​៥​រយ​ម៉ែត្រ​កាត់បន្ថយ​ការលិចលង់ នៅ​តំបន់​មុខ​សាលាក្តី​ខ្មែរក្រហម តំបន់​ជម្ពូរ​វ័​ន្ត​
​នៅពេលនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននិងកំពុង​ជីក​ស្តារ​ប្រឡាយ​ទួល​ពង្រ​ទី​១​មួយ​ខ្សែ​ប្រវែង​ជាង​១៥០០​ម៉ែត្រ​ដើម្បី​កាត់បន្ថយ​ការលិចលង់​នៅ​តំបន់​មុខ​សាលាក្តី​ខ្មែរក្រហម ជម្ពូ​វ័​ន្ត រង្វង់​មូល​ចោមចៅ និង​តំបន់​ង​៧០​គឺ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នោះ​ដែល​កន្លងមក រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំងណាស់ ក្នុងការ​ស្តារលូ ស្តារ​ប្រឡាយ រួម​និង​ការកសាង​ស្ថានីយ​បូ​ប​ទឹក​ថ្មី​ជាច្រើន​កន្លែង​ផងដែរ ៕

*​រថយន្ត​ដឹកទំនិញ​H.C​មួយគ្រឿង​ធ្វើ​ឲ្យ​ស្រុត​កៅស៊ូ​ស្ពាន​អ្នក​លឿង​
​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​បាន​បើក​ឆ្លងកាត់​ស្ពាន​អ្នក​លឿង រួច​ខូច​នៅលើ​ស្ពាន បាន​បណ្តាលឱ្យ​ស្រុត​កៅស៊ូ​ស្ពាន ដោយសារតែ​រថយន្ត​នោះ​ដឹកទំនិញ​ធ្ងន់​ទើប​បណ្តាលឱ្យ​ស្រុត​កៅស៊ូ​ស្ពាន​។ បន្ទាប់ពី​មាន​ហេតុការណ៍​នេះ កើតឡើង ឃើញ​មាន​សមត្ថកិច្ច​ចុះ​មកដល់​កន្លែងកើតហេតុ​។ ប៉ុន្តែ​មិនដឹងថា រថយន្ត​នោះ​ដឹកនាំ​ទំនិញ​អ្វី​ទេ ដោយសារតែ​ក្រប​តង់​កៅស៊ូ​មើលមិនឃើញ​។​
​រថយន្ត​ដឹកទំនិញ​ដែល​ធ្វើ​ឲ្យ​ស្រុត​កៅស៊ូ​ស្ពាន​អ្នក​លឿង គឺ​ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-1787 ដោយ​នៅលើ​ក្បាល​រថយន្ត​ខាងមុខ​បានសរសេរថា កង​ដឹកជញ្ជូន​H.C និង​នៅលើ​កញ្ចក់​ដាក់​អក្សរ H.C G08​។ ចំពោះ​ករណីនេះ នៅ​មិនទាន់​ដឹងថា សមត្ថកិច្ច​ចាត់វិធានការ​យ៉ាងណា​នៅឡើយ​ទេ​៕

*​បើកបរ​ខ្លះ​ការប្រុងប្រយ័ត្ន​! រថយន្ដ​១​គ្រឿង​ត្រូវ​រថភ្លើង​បុក​អូស​ជាច្រើន​ម៉ែត្រ​
​នៅវេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង​នៅលើ​ផ្លូវ​រថភ្លើង នៅ​ទល់មុខ​ហ្កា​រ៉ា​ស​សាំង​ស្តង់​តា​ងួន ជាប់​ព្រំប្រទល់​ភូមិ​គីឡូ​មែត្រ​លេខ​៤ នៅ​ចំណុច​សួនច្បារ​ប៉ោយប៉ែត​មានជ័យ ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត និង ភូមិ​អូរជ្រៅ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​សេចក្ដីរាយការណ៍​បឋម​ឲ្យ​ដឹងថា គេ​ឃើញ​រថយន្ត Nissan ពណ៌​ស ១​គ្រឿង បើកបរ​កាត់​ផ្លូវ​រថភ្លើង​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ក៏ត្រូវ​រថភ្លើង​បុក​អូស​ជាច្រើន​ម៉ែត្រ បណ្ដាល​ឲ្យ​របួសធ្ងន់​ម្នាក់ ហើយ​ក្នុងខណៈ​នេះ​កំពុងមាន​ការកកស្ទះ​៕


#